2023.12.24

កាលពីសម័យខ្មែរក្រហមរបស់ ប៉ុល ពត ពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលរស់នៅតាមទីប្រជុំជន ជាពិសេសក្រុងភ្នំពេញ ត្រូវបានទាហានខ្មែរក្រហមជម្លៀសចេញពីលំនៅឋានដោយកុហកថា ដើម្បីគេចចេញពីការ «ទម្លាក់គ្រាប់បែក» របស់អាមេរិក។ ជិតកន្លះសតវត្សក្រោយមក ស្នៀតបោកប្រាស់ស្រដៀងគ្នានេះ ត្រូវបានមេដឹកនាំខ្មែរដែលជាប់កម្អែលជាអតីតកម្មាភិបាលខ្មែរក្រហមយកមកប្រើដដែល ដើម្បីបណ្ដេញពលរដ្ឋចេញពីលំនៅឋានរបស់ពួកគេទាំងបង្ខំ។ ម្តងនេះ ទាំងឪពុក និងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបោកប្រាស់ម្ចាស់អង្គរ ដើម្បីបណ្តេញពួកគេឱ្យទៅរស់នៅតំបន់ដាច់ស្រយាលនៅរុនតាឯក និង ពាក់ស្នែង ដោយប្រើលេសថា ដើម្បីបញ្ចៀសកុំឱ្យ «អង្គការយូណេស្កូ» (UNESCO) ដកតំបន់អង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
ផ្ទុយពីការអះអាងនេះ អង្គការយូណេស្កូ ធ្លាប់បានពន្យល់យ៉ាងច្បាស់ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថា តំបន់អង្គរមិនមែនគ្រាន់តែជាតំបន់បេតិកភណ្ឌប៉ុណ្ណោះទេ តែជាតំបន់ដែលមានជីវិតរស់រវើក។ អង្គការនេះ គូសបញ្ជាក់ថា វត្តមានរបស់ម្ចាស់អង្គរនៅទីនោះស្រាប់ គឺជាហេតុផលដ៏ចម្បងមួយ ដែលនាំឱ្យខ្លួនសម្រេចចិត្តដាក់បញ្ចូលតំបន់អង្គរទាំងមូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ កាលពីឆ្នាំ១៩៩២៕
No comments:
Post a Comment