Sunday, 3 December 2023

រដ្ឋសភា​កម្ពុជា «គ្មាន​អំណាច​ត្រួតពិនិត្យ​អ្វី​ទាំងអស់» លើ​រដ្ឋាភិបាល ក្រោយ​អវត្តមាន​បក្ស​ប្រឆាំង


ដោយ ខាន់ លក្ខិណា
2023.12.02
sharethis sharing button
រដ្ឋសភា​កម្ពុជា «គ្មាន​អំណាច​ត្រួតពិនិត្យ​អ្វី​ទាំងអស់» លើ​រដ្ឋាភិបាល ក្រោយ​អវត្តមាន​បក្ស​ប្រឆាំង  
កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា រដ្ឋសភា​កម្ពុជា​គ្មាន​អំណាច​ត្រួតពិនិត្យ​អ្វី​ទាំងអស់​លើ​រដ្ឋាភិបាល ក្រោយ​អវត្តមាន​បក្ស​ប្រឆាំង។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ច្រានចោល​រក​ឃើញ​នេះ។ តែ​យ៉ាងណា មន្ត្រី​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ការ​យល់ស្រប​ទៅ​នឹង​របាយការណ៍ អង្គការ​តម្លាភាព​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​អំពើពុករលួយ រកឃើញ​ថា រដ្ឋសភា​កម្ពុជា​គ្មាន​អំណាច ត្រួតពិនិត្យ​ផ្លូវ​ច្បាប់​អ្វី​ទាំងអស់​លើ​រដ្ឋាភិបាល ហើយ​នាយករដ្ឋមន្ត្រី​មក​ពី​បក្ស​ប្រជាជន​កម្ពុជា មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង បន្ទាប់ពី​អវត្តមាន​គណបក្ស​ប្រឆាំង។

យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ស្ដីពី​ការ​ពង្រឹង​ការ​ត្រួតពិនិត្យ​របស់​សភា ចេញផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​។ របាយការណ៍​នេះ ក៏បាន​និយាយ​អំពី​ការ​រក​ឃើញ និង​អនុសាសន៍​ជា​គន្លឹះៗ ពី​ការវាយតម្លៃ​ជាច្រើន លើ​ប្រទេស​ចំនួន​១០ ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។

អង្គការ​តម្លាភាព​អន្តរជាតិ រក​ឃើញ​ថា បន្ទាប់ពី​អវត្តមាន​គណបក្សប្រឆាំង ឬ សំឡេង​ជំទាស់ ការ​ត្រួតពិនិត្យ​តាមដាន​របស់​សភា​ប្រកបដោយ​ប្រសិទ្ធភាព លើ​ការអនុវត្ត​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល មាន​ការ​ធ្លាក់ចុះ​ស្ទើរ​គ្មាន​សកម្មភាព ដែល​ធ្វើ​ឱ្យ​នាយករដ្ឋមន្ត្រី មាន​ឥទ្ធិពល​ហួសប្រមាណ ក្នុង​ការ​ច្រានចោល​សំឡេង​រិះគន់​ទាំងឡាយ លើ​រដ្ឋាភិបាល រួម​ទាំង​សំឡេង​ជំទាស់ ពី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

 

ការ​ថយ​ចុះ​ការ​ត្រួតពិនិត្យ​របស់​សភា​លើ​រដ្ឋាភិបាល​នេះ អង្គការ​តម្លាភាព វាយតម្លៃ​ថា ក្រោយ​ពី​មាន​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ កាល​ពី​ឆ្នាំ​២០១៧។

របាយការណ៍​ដដែល​ថា ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង ដោយសារ​ឋានានុក្រម​រចនាសម្ព័ន្ធ​គណបក្ស​កាន់អំណាច ដែល​ពេញ​ណែន​នៅ​ស្ថាប័ន​សភា​នោះ ជា​ការ​រារាំង​ការ​រិះគន់​នានា លើ​មេដឹកនាំ​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ របាយការណ៍​ថា ច្បាប់​កម្ពុជា​ផ្តល់​អំណាច​ត្រួត​ពិនិត្យ តាមដាន​ដល់​សមាជិកសភា​[MP] នៅ​មាន​កម្រិត ដូចជា សិទ្ធិ​សួរ​សំណួរ​មន្ត្រី​រដ្ឋាភិបាល និង​ការ​តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី និង​មន្ត្រី ក្នុង​ការ​ឆ្លើយ​តប​ជាដើម។

មួយ​វិញ​ទៀត បទប្បញ្ញត្តិ​ច្បាប់ មិន​បញ្ជាក់​អំពី​តួនាទី​កាតព្វកិច្ច​របស់​សមាជិក​សភា​ថា ត្រូវតែ​បន្តសកម្មភាព​ត្រួតពិនិត្យ​តាមដាន​រដ្ឋាភិបាល ឬក៏​មិនបាន ចែង​ពី​ទណ្ឌកម្ម​បែប​ណា ចំពោះ​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​ឆ្លើយតប​នឹង សំណួរ ឬ​ផ្ដល់​ព័ត៌មាន​ខុស​នោះ​ទេ។

ចំពោះ​ការ​ពិភាក្សា​ក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ថវិកា​ជាតិ​វិញ អង្គការ​តម្លាភាព​អន្តរជាតិ វាយតម្លៃ​ថា គឺ​ធ្វើ​ឡើង​មាន​លក្ខណៈ​លំៗ ដោយ​សមាជិកសភា មិនបាន​សួរដេញដោល​ឱ្យ​បាន​ទូលំទូលាយ​ឡើយ ហើយ​ឯកសារ​ថវិកា ក៏​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ជា​ញឹកញាប់​ដែរ។

ប្រភព​ដដែល​ថា វា​ជា​ការ​ចំ​បាច់ ដែល​ត្រូវ​មាន​សភា​ខ្លាំង​មួយ ធ្វើការ​ក្នុង​នាម​ប្រជាពលរដ្ឋ ដើម្បី​ត្រួត​ពិនិត្យ​រដ្ឋាភិបាល។

របាយការណ៍​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ដ៏​ម៉ត់ចត់ និង​ការ​ស៊ើប​អង្កេត​របស់​សភា លើ​រដ្ឋាភិបាល គឺជា​ការ​តម្រូវ​ការ​គន្លឹះ ក្នុង​ការ​ទប់ស្កាត់​ការរំលោភ​អំណាច អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១ ធ្នូ ថា រយៈពេល ២ អាណត្តិ​ចុងក្រោយ​នេះ ស្ថាប័ន​នីតិប្បញ្ញតិ ឬ​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ត្រួតពិនិត្យ​អំណាច​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ ដោយសារ​តែ​សមាជិក​សភា​មាន​តែ​គណបក្ស​កាន់អំណាច​តែមួយ។

លោក​ថា ទោះបីជា​សភា​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ និង​តំណាង​ផលប្រយោជន៍ សាធារណៈ​ក៏ដោយ ប៉ុន្តែ​សភា​មិន​ត្រួតពិនិត្យ ឬ​ពង្រឹង​សិទ្ធិអំណាច​របស់​ខ្លួន ដើម្បី​ត្រួតពិនិត្យ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឡើយ។

លោក ប៉ិច ពិសី ថា ករណីនេះ បង្ក​ផល​ប៉ះពាល់​ដល់​នយោបាយ សេដ្ឋកិច្ច គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ ជាពិសេស​ប៉ះពាល់​ផល ប្រយោជន៍​ប្រជាពលរដ្ឋ ពីព្រោះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ ត្រូវការ​ពឹងពាក់​តំណាងរាស្ត្រ​របស់​ខ្លួន ក្នុង​ការ​សួរដេញដោល និង​ដោះស្រាយ ទុក​កង្វល់​ផ្សេងៗ រួម​ទាំង​ផលប្រយោជន៍​ជាតិ​ជាដើម។

លោក ប៉ិច ពិសី៖ «ដូច្នេះ​កាលណា​យើង​មាន​តួអង្គ​ត្រូវ​ពិនិត្យ​អំណាច​ខ្សោយ គឺ​ប្រជា​ពលរដ្ឋ​មិន​បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ក្នុង​ខ្វល់ខ្វាយ ឬ​គិត​គួរ​ពី​ប្រយោជន៍​ជាតិ ឬ​ប្រយោជន៍​សាធារណៈ​ទេ តួអង្គ​នីតិប្បញ្ញត្តិ គឺ​ដើរ​តួនាទី សំខាន់​ណាស់​នៅក្នុង​ការ​ត្រួត​ពិនិត្យ​មើល សួរដេញដោល​តាមដាន​រាល់​ការ​អនុវត្ត​ការងារ​របស់​តួអង្គ​ផ្សេង​ទៀត។ ដូច្នេះ​ពួកគាត់​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជំរុញ ដំណើរ​កម្ពុជា ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ការគោរព​គោលការណ៍​នីតិរដ្ឋ ជាពិសេស​ការ​តំណាង ប្រយោជន៍​ពលរដ្ឋ​ជា​គោល និង​ជាតិ​ធំ»

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ទេ នៅ​ថ្ងៃទី១ ធ្នូ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​របាយការណ៍​នេះ ថា​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ។

លោក សុខ ឥសាន៖ «ស្ថាប័ន​នីតិប្បញ្ញតិ​ទៅ​ត្រួត​ពិនិត្យមើល​រាជរដ្ឋាភិបាល ដែល​ធ្វើ​ការងារ លុះត្រាតែ មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជ​រដ្ឋាភិបាល​ឬក៏​កម្ពុជា​វិធី​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​។ អាហ្នឹង​វា​អ៊ីចឹង រចនាសម្ព័ន្ធ​ដឹកនាំ​វា​មាន​ដាច់​ពី​គ្នា មិនមែន​ដូច​ពួកគេ​ប្រឆាំង​និយាយ​ធ្វើ​អី ចេះតែ​ចង់​រំលោភ​លើ​ស្ថាប័ន​នេះ ស្ថាប័ន​នោះ​តាមចិត្ត​ចង់​របស់​ខ្លួន​អាហ្នឹង មិនអាច​ទៅរួច​ទេ»

តែ​យ៉ាងណា អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០១ ធ្នូ ថា លោក​យល់​ស្រប​នឹង​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​នេះ​ដោយ​ថា សភា​អាច​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​​របស់​រដ្ឋាភិបាល បាន​លុះត្រាតែ​នៅក្នុង​រដ្ឋសភា​មាន​សំឡេង​ចម្រុះ។

សម្រាប់​សភា​អាណត្តិ​ទី​៧ វិញ​នេះ លោក សុន ឆ័យ ថា ទោះបីជា​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែកក្កដា​ឆ្នាំ​២០២៣ នេះ មាន​សមាជិក​គណបក្សហ៊្វុនស៊ិនប៉ិច ៥​រូប នៅក្នុង​សភា​ក៏ដោយ ប៉ុន្តែ​លោក​ហាក់​មិន​មាន​ជំនឿ​ថា អាច​ជំរុញ​ឱ្យ​រដ្ឋសភា បំពេញ​តួនាទី​ឯករាជ្យ និង​ត្រួត​ពិនិត្យ ទៅ​លើ​ការងារ​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ផល​ប្រយោជន៍​ជាតិ និង​ធានា​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។

ជាក់ស្ដែង ដូចជា ករណី​កូដករ​ណាហ្គាវើលដ៍​តវ៉ា នៅ​ជាប់​នឹង​របង​រដ្ឋសភា រយៈពេល​ប្រមាណ ៣ ឆ្នាំ ប៉ុន្តែ​សភា​បែរ​ជា មិន​បាន​អើពើ​ជួយ​អន្តរាគមន៍ ឬ​ដោះស្រាយ​ជូន​កូដករ​នោះ​ទេ។

លោក សុន ឆ័យ៖ «សំខាន់​ជាង​នោះ​ទៅទៀត អ្នកគ្រប់គ្រង​ប្រទេស​មិនអាច​អនុវត្ត​បាន​ត្រឹមត្រូវ​កង្វល់​ពលរដ្ឋ​ការ​លំបាក​ឱ្យ​ប្រកប​ដោយ​ការទទួលខុសត្រូវ ដរាបណា​គ្មាន​បក្ស​ប្រឆាំង​តំណាង​ឱ្យ​ពលរដ្ឋ​ក្នុង​ការ​តាមដាន​ការអនុវត្ត​ច្បាប់​ដូច្នេះហើយ​យើង​ឃើញ​ជាច្រើន​ករណី​ដែល​អ្នក​មាន​អំណាច​ប្រព្រឹត្ត​តាមតែ​អំពើ​ចិត្ត​នៅ​អំពើ​ខុសឆ្គង​របស់​គេ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នកណា​ទេ»

ទោះបីជា រដ្ឋសភា ជា​ស្ថាប័ន​ជាតិ​កំពូល​មួយ ក្នុង​ចំណោម​ស្ថាប័ន​កំពូល​ពីរ​ទៀត​មាន​រាជរដ្ឋាភិបាល និង​តុលាការ។

ទោះបី​រដ្ឋសភា មានអំណាច ត្រួតពិនិត្យ​សកម្មភាព របស់​រដ្ឋាភិបាល​រហូតដល់​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ក៏ដោយ ប៉ុន្តែ រហូត​មក​ដល់​អាណត្តិ​ទី​៧​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ មើលឃើញ​ថា រដ្ឋសភា​កម្ពុជា មិន​ត្រឹមតែ​មិនបាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន ឱ្យ​សម​តាម​គន្លង​ប្រជាធិបតេយ្យ​ដែល​រដ្ឋធម្មនុញ្ញ​បាន​ប្រគល់​អំណាច​ឱ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្លាយ ជា​ស្ថាប័ន​ចាំតែ​ប្រថាប់ត្រា ឬ​សម្រួល​កិច្ចការ​ជា​ប្រយោជន៍​នយោបាយ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ទៀត​ផង៕

No comments: