2023.12.15
យុវតីម្នាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅព្រមានអប់រំដល់ផ្ទះ ឱ្យបញ្ឈប់សកម្មភាពបង្ហោះសាររិះគន់ ឬនិយាយពីបញ្ហាអន្តោប្រវេសន៍រស់នៅកម្ពុជា និងបញ្ហាសង្គមផ្សេងទៀត។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងទទូចឱ្យរដ្ឋាភិបាលបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ។
ការគំរាមកំហែង និងព្រមានដល់ផ្ទះពីសំណាក់អាជ្ញាធរ ទៅលើពលរដ្ឋដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងបញ្ហានានាក្នុងសង្គម នៅតែកើតមាន ជាពិសេសនៅពេលដែលពលរដ្ឋទាំងនោះនិយាយប៉ះពាល់ដល់រឿងការហូរចូលរបស់ជនបរទេសកាន់តែច្រើនដោយគ្មានការគ្រប់គ្រងត្រឹមត្រូវនៅលើទឹកដីខ្មែរ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សេរី វឌ្ឍនៈ (Serey Vattanak) គឺកញ្ញា វ៉ែន ស៊ាងឡៃ ឱ្យដឹងថា កាលពីថ្ងៃទី១៤ ធ្នូ អាជ្ញាធរមូលដ្ឋានម្នាក់ បានទៅដល់ផ្ទះកញ្ញា និងអប់រំមិនឱ្យបង្ហោះសារដែលមានអត្ថន័យទាក់ទងនឹងបញ្ហារសើបបែបនេះតទៅទៀត។ កញ្ញាលើកឡើងថា សារដែលកញ្ញាសរសេររិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលំហូរជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា នេះ គឺកើតចេញពីក្ដីបារម្ភចំពោះបូរណភាពទឹកដីកម្ពុជា និងបញ្ហាសង្គម ដែលកញ្ញាអះអាងថា បានសង្កេតឃើញដោយខ្លួនឯងប៉ុណ្ណោះ។
ការគំរាមកំហែងរបស់អាជ្ញាធរនេះ កើតមានឡើងបន្ទាប់ពី យុវតី វ៉ែន ស៊ាងឡៃ បានបង្ហោះសារជាសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ ធ្នូ ដោយបានរិះគន់ ដោយប្រៀបធៀប ករណីជនអន្តោប្រវេសន៍វៀតណាម អាចឆ្លងដែនចូលមកកម្ពុជាដោយមានភាពងាយស្រួល ដែលខុសពីពលរដ្ឋខ្មែរ ឆ្លងដែនចូលក្នុងទឹកដីវៀតណាម ដោយមានភាពពិបាក។ ទន្ទឹមគ្នានេះ កញ្ញាក៏បានលើកឡើងពីក្ដីបារម្ភចំពោះបូរណភាពទឹកដីកម្ពុជាផងដែរ។
No comments:
Post a Comment