Khmer Circle:
You know a country is in deep trouble where all the ruling bodies - courts, judges, police, armed forces, law-makers, commune chiefs, government ministries, the media and PM - are all siding with the criminals and culprits...
^^^
ដោយ មាន ឫទ្ធិ
2023.12.04
(រូបឯកសារ) លោក អ៊ុក ម៉ៅ ជាជនជាតិកួយ នៅភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរី អំពីបញ្ហាព្រៃឈើ នៅតំបន់ឡង់ កាលពីចុងឆ្នាំ២០១៦។
រូប៖ RFA
តុលាការខេត្តស្ទឹងត្រែងបានចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនការពារព្រៃឡង់ម្នាក់ ជាជនជាតិដើមភាគតិចកួយ ក្រោមបណ្ដឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក ស្រេង ជាហេង។
សកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ធ្នូថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺតាមដីការបស់តុលាការ និងត្រៀមបង្ហាញភស្តុតាងមួយចំនួនទៀតបញ្ជាក់ថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោក អ៊ុក ម៉ៅ ចាត់ទុកបណ្ដឹងនេះថា ជារឿងគំនុំ ដែលមន្ត្រីបរិស្ថានព្យាយាមរាវរកកំហុស ដើម្បីដាក់សម្ពាធឱ្យលោកឈប់រិះគន់អាជ្ញាធរ មិនទប់ស្កាត់បទល្មើសព្រៃឈើ។
លោក អ៊ុក ម៉ៅ៖ «មន្ត្រីបរិស្ថាននេះ គាត់ខឹងខ្ញុំ និយាយរឿងព្រៃឈើ ប៉ះពាល់ឆ្នាំងបាយរបស់គាត់ គាត់ចេះតែប្ដឹងខ្ញុំតែពាស។ ដីជនជាតិដើមភាគតិចប្រើប្រាស់តាំងពីឆ្នាំ១៩៧៩ មកយូរហើយ»។
កាលពីថ្ងៃទី២១ វិច្ឆិកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ង់ សូហាន បានចេញដីកាបង្គាប់ឱ្យលោក អ៊ុក ម៉ៅ វ័យ ៥៧ឆ្នាំ ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៣ ខែធ្នូខាងមុខនេះ ដោយចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលប្រព្រឹត្តទៅក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ មីនា ឆ្នាំ ២០២៣។
លោក អ៊ុក ម៉ៅ បកស្រាយថា ដីដែលគ្រួសារលោក ធ្វើកសិកម្មចិញ្ចឹមជីវិតមានទំហំសរុប ៩ហិកតារ បានទិញបន្តពីជនជាតិដើមភាគតិចកួយ ដែលអាស្រ័យផល ក្រោយឆ្នាំ១៩៧៩ និងដីខ្លះទៀតជាដីបុស្ស ដោយមានដីចម្ការអ្នកស្រុកហ៊ុមព័ទ្ធជុំវិញ។
លោកថា ដីទាំងនេះ ជាតំបន់ប្រពៃណីជនជាតិដើមភាគតិច និងជាអាយុជីវិតគ្រួសាររបស់លោក មានមេភូមិ និងមេឃុំ ទទួលស្គាល់ ពុំមែនជាដីព្រៃនោះទេ។
អ្នកភូមិម្នាក់ជាជនជាតិដើមភាគតិចកួយ លោក ម៉ៅ មុន ប្រាប់វិទ្យុអាស៊ីសេរីថា ដីកសិកម្មដែលមន្ត្រីបរិស្ថាន ធ្វើជាមូលដ្ឋានប្ដឹងលោក អ៊ុកម៉ៅ ជាដីចម្ការអាស្រ័យផល របស់ជនជាតិដើមភាគតិច ពុំមែនជាដីព្រៃឡង់នោះទេ។
លោក ម៉ៅ មុន៖ «មិនប៉ះពាល់អីណា ជុំវិញគេធ្វើបាន ដាំដំណាំបានធម្មតា។ មានអីគាត់ (អ៊ុក ម៉ៅ) គាត់អត់បានប្រព្រឹត្តកាប់ព្រៃឈើអីណាគាត់»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ មានប្រសាសន៍ថា ប្រសិនបើ លោក អ៊ុក ម៉ៅ ចូលខ្លួនឆ្លើយបំភ្លឺតាមនីតិវិធីរបស់ចៅក្រម តុលាការនឹងមិនឃុំខ្លួនគាត់នោះទេ។
លោក ឈុំ ស៊ាងហាក់៖ «បើសិនជាគាត់ចូលមក ឆ្លើយបំភ្លឺតាមដីកា ល្អសម្រាប់គាត់ ព្រោះនេះដើម្បីការពារប្រយោជន៍របស់គាត់ទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការអធិប្បាយរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាននៅឡើយទេ នៅថ្ងៃទី៤ ខែធ្នូ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ មានទម្លាប់អាស្រ័យផលពីព្រៃឈើ ឬធ្វើកសិកម្មនៅចន្លោះព្រៃ ឬហៅថា ដីបុស្ស មិនខុសច្បាប់នោះទេ។
លោកចាត់ទុកសំណុំរឿងនេះថា ជារឿងអយុត្តិធម៌ សម្រាប់សកម្មជនការពារព្រៃឈើ ស្របពេលដែលដីព្រៃអភិរក្សជាច្រើនពាន់ហិកតារ ក្នុងតំបន់ព្រៃឡង់ ត្រូវបានគេកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ ហើយកម្រឃើញមន្ត្រីបរិស្ថានបញ្ជូនសំណុំរឿងទៅតុលាការ និងដកហូតដីជាសម្បត្តិរដ្ឋមកវិញ៕
No comments:
Post a Comment