Khmer Circle:
Pledging publicly to protect the forests whilst preventing environmental activists from monitoring logging activities does make a lot of sense to the authorities...
^^^
2023.12.28
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។
រូប៖ គេហទំព័រ CPP.org
ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិចង់ឃើញអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនល្មើស និងអ្នកជាប់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសព្រៃឈើ ព្រមទាំងបើកចំហឲ្យពួកគេបានចុះល្បាតព្រៃនៅតំបន់ការពារដោយសេរី ក្នុងឆ្នាំថ្មីខាងមុខនេះ។ ចំណែកមន្ត្រីសង្គមស៊ីវិលយល់ឃើញថា មន្ត្រីរដ្ឋាភិបាលគួរសហការជាមួយអ្នកស្រឡាញ់ធនធានធម្មជាតិ ដើម្បីទប់ស្កាត់បទល្មើសនិងថែរក្សាសម្បត្តិជាតិឲ្យបានគង់វង្ស។
ក្រុមអ្នកធ្វើការការពារធនធានធម្មជាតិ និងស្រឡាញ់ធនធានធម្មជាតិនៅតែទទូចទៅមន្ត្រីរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងត្រូវបើកចំហឲ្យពួកគេបានចូលរួមការពារធនធានធម្មជាតិឲ្យបានពេញលេញឡើងវិញនៅឆ្នាំ២០២៤ ។ ពួកគេបន្តថា នៅក្នុងឆ្នាំ២០២៣ មិនទាន់ឃើញមន្ត្រីរបស់រដ្ឋាភិបាលបង្ក្រាប និងចាត់វិធានការទៅលើជនល្មើស និងអ្នកជាប់ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិពិតប្រាកដនោះទេ ផ្ទុយទៅវិញអាជ្ញាធរពាក់ព័ន្ធតាមធ្វើទុក្ខបុកម្នេញទៅលើក្រុមអ្នកការពារធនធានធម្មជាតិ ទាំងការគំរាមកំហែងតាមផ្លូវច្បាប់ និងគំរាមកំហែងផ្ទាល់។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ដែលតែងតែចុះល្បាតនិងសិក្សាស្រាវជ្រាវរកបទល្មើសនៅតំបន់ព្រៃឡង់ លោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែធ្នូ ថា នៅក្នុងឆ្នាំ២០២៣ លោកមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបនិងចាត់វិធានការទៅលើជនល្មើស និងអ្នកជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ជាដុំកំភួនអ្វីនោះទេ បើទោះបីបណ្ដាញសហគមន៍ព្រៃឡង់ បានរាយការណ៍និងបង្ហាញភស្តុតាងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ជាបន្តបន្ទាប់យ៉ាងណាក្ដី។ លោកសង្ឃឹមថា នៅឆ្នាំ២០២៤ អាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ឲ្យសកម្មជាងឆ្នាំ២០២៣ ព្រមទាំងអនុញ្ញាតឲ្យបណ្ដាញសហគមន៍ព្រៃឡង់បានចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើដោយសេរី និងមិនធ្វើទុក្ខបុកម្នេញទៅលើពួកគេថែមទៀត។
លោក ខេម សុឃី៖ «សបញ្ជាក់ថា ការអនុវត្តច្បាប់ទៅលើបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដូចជាមិនមានប្រសិទ្ធភាពប៉ុន្មាននោះទេ ការអនុវត្តច្បាប់អត់ចំទៅលើអ្នកដែលកាងអ្នកដែលប្រព្រឹត្តបទល្មើសជាក់ស្ដែង»។
ស្រដៀងគ្នានេះដែរ សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ឲ្យដឹងថា នៅឆ្នាំថ្មីនេះរដ្ឋាភិបាលគួរតែផ្ដល់សិទ្ធិសេរីភាពពេញលេញឲ្យសហគមន៍ យុវជន សកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារសកម្មក្នុងការពារធម្មជាតិ បានអនុវត្តសិទ្ធិរបស់ពួកគេ ។ ក្រៅពីនោះលោកស្នើតុលាការនិងមន្ត្រីរដ្ឋាភិបាល ទម្លាក់ចោលបទចោទប្រកាន់ទៅលើក្រុមសកម្មជនចលនាមាតាធម្មជាតិ និងលើកទឹកចិត្តដល់ពួកគេ ដើម្បីរួមគ្នាការពារទ្រព្យសម្បត្តិឲ្យបានគង់វង្សតទៅទៀត។
លោក លី ចាន់ដារ៉ាវុត៖ «ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលបើកចិត្តឲ្យទូលាយទីមួយទម្លាក់បទចោទប្រកាន់មកលើសកម្មជនបរិស្ថានសកម្មការពារព្រៃឈើ បើកទូលាយឲ្យពួកគាត់នឹងមានសិទ្ធិសេរីភាពក្នុងការធ្វើការជាពិសេសសហគមន៍នៅតាមមូលដ្ឋានដែលការពារព្រៃឈើរបស់ពួកគាត់ ដូចជានៅព្រៃឡង់ ព្រៃព្រះរកាជាដើម ហើយរដ្ឋាភិបាលគួរតែចាត់ទុកសកម្មជនបរិស្ថាន ឬក៏សហគមន៍ព្រៃឈើនឹងទៅជាដៃគូអភិវឌ្ឍន៍»។
ចំណែកអ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ដែលកំពុងតាមដានបទល្មើសធនធានធម្មជាតិ នៅភូមិភាគឦសាន ឲ្យដឹងដែរថា បទល្មើសព្រៃឈើនៅភាគឦសាន បន្តកើតមានឥតឈប់ឈរ ហើយបទល្មើសទាំងនោះកើតឡើងនៅចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី ភាគច្រើនជាប់ពាក់ព័ន្ធជាមួយនឹងអាជ្ញាធរនៅតំបន់នោះ ។ លោកបន្តថា រដ្ឋាភិបាលត្រូវចុះសិក្សាស្រាវជ្រាវឲ្យបានត្រឹមត្រូវ និងត្រូវដាក់ពិន័យនិងដាក់ទោសទៅតាមច្បាប់ ចំពោះអាជ្ញាធរពាក់ព័ន្ធរូបណាបណ្ដែតបណ្ដោយ និងគប់គិតប្រព្រឹត្តអំពើពុករលួយជាមួយជនល្មើស។ បន្ថែមពីនេះលោកថា កន្លងទៅមន្ត្រីនៅតាមព្រំដែនជាអ្នកបើកភ្លើងខៀវឲ្យក្រុមឧក្រិដ្ឋជនរកស៊ីដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម។
លោក សេង សុខហេង៖ «សកម្មភាពនៅតែកើតមានវាគ្មានអ្វីខុសពីឆ្នាំមុខៗគឺវានៅដដែលគឺកាប់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យដោយសារកត្តាផ្សេងៗការគប់គិតពីមន្ត្រីនៅតាមតំបន់ព្រៃហ្នឹងឯង ផ្ដល់តំបន់ព្រៃឈើគម្របព្រៃឈើ ដោយស្របច្បាប់ពីរដ្ឋាភិបាលទៅឲ្យឯកជន អ៊ីចឹងរូបភាពទាំងអស់ហ្នឹងដែលយើងមើលឃើញថា វាជាការគំរាមកំហែងធ្ងន់ធ្ងរដល់វិស័យព្រៃឈើនៅក្នុងប្រទេសកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២៧ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញថា រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឲ្យតឹងរ៉ឹង និងការពារធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាពជាងឆ្នាំចាស់ ពីព្រោះកន្លងទៅមន្ត្រីរបស់រដ្ឋាភិបាលតែងតែរងការរិះគន់ពីមហាជនថា បានគប់គិតជាមួយជនល្មើស បណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើនិងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ការពាររបស់ខ្លួន។ លោកសង្ឃឹមថា នៅក្នុងឆ្នាំថ្មីនេះ រដ្ឋាភិបាលធ្វើការការពារធនធានធម្មជាតិពិតប្រាកដនឹងបើកចិត្តឲ្យទូលាយដល់អ្នកដែលស្រឡាញ់និងចង់ការពារធនធានធម្មជាតិ មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមការពារទ្រព្យសម្បត្តិជាតិទាំងអស់គ្នា។
លោក ហេង គឹមហុង៖ «អ៊ីចឹងរឿងនេះសំខាន់មែនទែនដែលរដ្ឋាភិបាលគួរកំណត់យកជាអាទិភាព ហើយជាការស្ដារមុខមាត់ជាការជំរុញឲ្យមានការលើកទឹកចិត្តជាការទាក់ទាញប្រជាប្រិយភាពនិងការគាំទ្រផង ខ្ញុំជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តពិតប្រាកដក្នុងការអនុវត្តហើយ នឹងធ្វើការកំណែទម្រង់ផ្ទៃក្នុងការធ្វើអធិការកិច្ចនូវគុណភាពមន្ត្រីរបស់ខ្លួននោះ ការការពារធនធានធម្មជាតិនឹងកាន់តែមានប្រសិទ្ធភាពជាងមុនទៅទៀត»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែតុលា ក្រោយពីរដ្ឋមន្ត្រីថ្មីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចូលកាន់តំណែងក្រសួងបរិស្ថានបានប្រកាសដាក់ចេញវិធានការចំនួន៤ដើម្បីទប់ស្កាត់និងការការពារធនធានធម្មជាតិឲ្យបាន១០០ភាគរយ ត្រូវអនុវត្តច្បាប់ និងមិនលើកលែងឲ្យជនល្មើសទៀតនោះទេ ជំរុញឲ្យការដាំដុះគម្របព្រៃឈើឡើងវិញឲ្យបាន៦០% នៅឆ្នាំ២០៥០។ លើសពីនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពាក់ព័ន្ធនិងបរិស្ថាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យលោក សៅ សុខា ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងក្រសួងពាក់ព័ន្ធត្រូវរួមគ្នា អនុវត្តច្បាប់ព្រៃឈើ ឲ្យបានតឹងរ៉ឹងបំផុត។
កាលពីឆ្នាំ២០២២ អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញរបាយការណ៍ស្រាវជ្រាវមួយ ពីមែកធាងអំពើខុសច្បាប់ នៃរចនាសម្ព័ន្ធកាប់ឈើខុសច្បាប់នៅកម្ពុជា (Branches Of Illegality Cambodia's illegality structures) បង្ហាញថា ប្រព័ន្ធការពារគ្នាទៅវិញទៅមក ដែលបង្កើតឡើងដោយគ្រួសារអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាមួយក្រុមឧកញ៉ា និងកងកម្លាំងប្រដាប់អាវុធធ្វើឱ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា។
សកម្មជនបរិស្ថាន និងក្រុមអង្គការជាតិ-អន្តរជាតិ នៅតែមើលឃើញថា ការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជានៅតែមិនមានប្រសិទ្ធភាព។ ផ្ទុយទៅវិញបទល្មើសព្រៃឈើ នៅតែបន្តកើនឡើងទ្រង់ទ្រាយធំ ហើយអ្នកប្រព្រឹត្តទាំងនោះភាគច្រើន ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារសាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត តែម្ដង៕
No comments:
Post a Comment