2023.12.24
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្តស្នើឱ្យរដ្ឋាភិបាលម៉ាឡេស៊ីទប់ស្កាត់ក្រុមគណបក្សប្រឆាំងកុំឱ្យចូលប្រទេស ដើម្បីធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែអ្នកឃ្លាំមើលថា លោក ហ៊ុន សែន កំពុងលក់កិត្តិយសជាតិដើម្បីការពារអំណាចផ្ដាច់ការដោយសារតែលោកភ័យខ្លាចស្រមោលអ្នកប្រជាធិបតេយ្យ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសសាជាថ្មីថា ម៉ាឡេស៊ីសន្យាមិនឱ្យក្រុមប្រឆាំងរបស់កម្ពុជាប្រើប្រាស់ទឹកប្រទេសនេះ ដើម្បីធ្វើនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកូនប្រុសរបស់លោកឡើយ។
លោក ហ៊ុន សែន លើកឡើងដូច្នេះបន្ទាប់ពីលោកបានជួបពិភាក្សាក្នុងការពង្រឹងលើកិច្ចសហប្រតិបត្តិការជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ។ ក្នុងជំនួបនោះលោក ហ៊ុន សែន បានសរសេរបង្ហោះនៅលើហ្វេសប៊ុកដោយអះអាងថា បេសកជនពិសេស គឺលោក អៈម៉ាត អាហ្សាម ប៊ីន អាប្រាមេន (Ahmad Azam Bin Abrahman) អះអាងថា ម៉ាឡេស៊ីមិនអនុញ្ញាតក្រុមប្រឆាំងកម្ពុជាយកទឹកដីម៉ាឡេស៊ីប្រឆាំងរដ្ឋាភិបាលកម្ពុជានោះឡើយ។
ទោះយ៉ាងណាមន្ត្រីបក្សប្រឆាំង និងតាមដានស្ថានការណ៍នយោបាយថា ទំនាក់ទំនងរវាងរដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាទំនាក់ទំនងការទូត។ ប៉ុន្តែពួកគេពុំមានន័យថា មេដឹកនាំម៉ាឡេស៊ីចាប់លោក ហ៊ុន សែន ហើយបោះបង់អ្នកគោលការណ៍ប្រជាធិបតេយ្យដូចគ្នានោះទេ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញលោក ម៉ន ផល្លា ចាត់ទុកសារនយោបាយរបស់លោក ហ៊ុន សែន ពេលនេះគឺការប្រឌិតខុសពីរឿងពិតជាក់ស្តែងដែលបង្ហាញកាន់តែច្បាស់ថា គាត់នៅតែភ័យខ្លាចស្រមោលមេដឹកនាំបក្សប្រឆាំង ជាពិសេសវត្តមានលោក សម រង្ស៊ី ក្នុងឆាកនយោបាយដែលរារាំងការគ្រប់គ្រងអំណាចតពូជរបស់លោក។ មន្ត្រីបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ីរូបនេះបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសដឹកនាំតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ ហើយអ្នកនយោបាយប្រទេសនេះតែងតែគាំទ្រនិងលើកទឹកចិត្តដល់អ្នកប្រជាធិបតេយ្យនៅកម្ពុជា ឱ្យតស៊ូទៅមុខជាបន្តបន្ទាប់ ដោយសារតែពួកគេដឹងថា លោក ហ៊ុន សែន ជាមេដឹកនាំប្រើអំណាចផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សនៅលើពិភពលោក។ «»
ជុំវិញរឿងនេះអ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ សង្កេតឃើញថា បេសកជនរដ្ឋាភិបាលម៉ាឡេស៊ីឆ្លើយតបនឹងសំណើរបស់លោក ហ៊ុន សែន ជាភាសាការទូតឆ្លើយដោយទើសទាល់ចិត្ត។ ប៉ុន្តែលោកយល់ថា អ្នកនយោបាយ រួមទាំងសកម្មជនផ្សេងទៀតនៅតែអាចជាន់ទឹកដីប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀតដើម្បីតស៊ូក្នុងទិសគោលដៅប្រជាធិបតេយ្យបាន បើទោះបីលោក ហ៊ុន សែន តែងប្រើជំនួបការទូតរារាំងដល់អ្នកតស៊ូដែលគ្រោះថ្នាក់ដល់អំណាចផ្ដាច់ការរបស់លោកយ៉ាងក៏ដោយ។ «»
ការលើកឡើងរបស់លោក ហ៊ុន សែន នេះមិនមែនជាលើកទី១នោះទេ។ លោក ហ៊ុន សែន ធ្លាប់បានអួតអាងក្រោយពីលោកបានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីខែមីនា ឆ្នាំ២០២៣ ថាលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មិនឲ្យក្រុមមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ជាន់ទឹកដី ឬប្រើប្រាស់ទឹកដីម៉ាឡេស៊ី ដើម្បីធ្វើនយោបាយប្រឆាំងនឹងរួបលោកដែរ។ ផ្ទុយពីទៅវិញ ប្រទេសម៉ាឡេស៊ីមិនធ្វើតាមសំណើរបស់លោក ហ៊ុន សែន ឡើយ ដោយប្រទេសនេះបានឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀតបានជាន់ទឹកដីរបស់ខ្លួនជាលើកទី២ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីរបបលោក ហ៊ុន សែន រារាំងមិនឲ្យលោកវិលទៅកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ករណីនេះមន្ត្រីបក្សប្រឆាំងចាត់ទុកថា ជារឿងមួយដែលធ្វើឱ្យលោក ហ៊ុន សែន អាម៉ាស់មុខដោយលោកភ្លេចគិតថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាមេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ីធ្លាប់ជាអ្នកតស៊ូដើម្បីប្រជាធិបតេយ្យទំរាំបានដឹកនាំប្រទេសនោះ៕
No comments:
Post a Comment