Wednesday, 27 December 2023

ពលរដ្ឋខេត្តក្រចេះ ជាង ១០០ នាក់ តវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញ


ដោយ សុ ជីវី
2023.12.25

ពលរដ្ឋខេត្តក្រចេះ ជាង ១០០ នាក់ តវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញ 

ពលរដ្ឋនាំគ្នាតវ៉ាប្រឆាំងការបណ្ដេញ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣
រូប៖ ហ្វេសប៊ុកសមាគមអាដហុក



ពលរដ្ឋ​ជាង ១០០ នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ ២៤៧ គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ចំនួន ៧ ក្នុង​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី ២៥ ធ្នូ បាន​លើក​គ្នា​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ប្រគល់​ដី​ឱ្យ​ពួក​គាត់​កាន់កាប់​ជាក់​ស្ដែង និង​ឈប់​បណ្ដេញ​ពួក​គាត់​ចេញ​ដោយ​បង្ខំ​។

ការ​តវ៉ា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​មន្ត្រី​ជំនាញ ​ចុះ​វាស់វែង​លើ​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ និង​សម្រេច​ប្រគល់​ដី​ឱ្យ​ពួក​គាត់ កាន់កាប់​ស្មើ​ៗ​គ្នា ដោយ​ក្នុង​មួយ​គ្រួសារ ទំហំ​ទទឹង ១៥ ម៉ែត្រ និង​បណ្ដោយ ៥០ ម៉ែត្រ សម្រាប់​ប្រភេទ​ដី​លំនៅឋាន និង​ប្រភេទ​ដី​កសិកម្ម​ទំហំ​ទទឹង ៥០ ម៉ែត្រ បណ្ដោយ ៥០ ម៉ែត្រ​។

ពលរដ្ឋ​ម្នាក់​ដែល​លើក​គ្នា​តវ៉ា​លោក ជឿម តឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពលរដ្ឋ​ភាគ​ច្រើន​ក្រីក្រ បាន​អាស្រ័យ​ផល និង​កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ តាំង​ពី​ដូនតា និង​ក្រោយ​ឆ្នាំ ១៩៧៩ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ក្រចេះ បែរ​ជា​ចង់​ដក​ហូត​ដី​របស់​អ្នក​ភូមិ ដើម្បី​ធ្វើ​ជា​ដី​សមូហភាព​ទៅ​វិញ​។



លោក​ថា ក្នុង​ពេល​តវ៉ា​ពុំ​ឃើញ​មាន​អាជ្ញាធរ​មក​ដោះស្រាយ​នោះ​ទេ ហេតុ​នេះ ពួក​លោក​បាន​មក​ដល់​ការិយាល័យ​សមាគម​អាដហុក​ខេត្ត​ក្រចេះ ដើម្បី​ប្រឹក្សា​ផ្នែក​ច្បាប់៖ «ដី​ធ្លី​ហ្នឹង ពួក​ខ្ញុំ​បាន​ធ្វើ​យូរ​ហើយ អត់​មាន​ដី​អ្វី​បង្ក​បង្កើន​ផល ដើម្បី​ចិញ្ចឹម​ជីវិត ដី​វា​តិច» ។

 វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់​ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៥ ធ្នូ​។ ក៏​ប៉ុន្តែ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០២៣ អភិបាល​ខេត្ត​រូប​នេះ បាន​ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បញ្ឈប់​ការ​កាន់កាប់ ដាំដុះ និង​រុះ​រើ​របង និង​សម្ភារៈ​ផ្សេង​ៗ ចេញ​ពី​ទីតាំង​ដី​ទាំង​នោះ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ ជា​កំហិត​។

លោក វ៉ា ថន បន្ថែម​ថា ក្រុម​ការងារ​ខេត្ត​នឹង​ដាក់​គ្រឿងចក្រ​ចូល​សម្អាត ប្រសិន​បើ​ពលរដ្ឋ​មិន​សហការ អាជ្ញាធរ​ខេត្ត​នឹង​អនុវត្ត​ច្បាប់​។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ក្រចេះ លោក យ៉ុន អ៊ាម ដែល​ចុះ ​អង្កេត​រឿង​នេះ យល់​ថា អាជ្ញាធរ​ខេត្ត គួរ​តែ​ប្រគល់​ដី​ជូន​ពលរដ្ឋ​កាន់កាប់​តាម​ស្ថានភាព​ជាក់ស្ដែង ស្រប​តាម​ច្បាប់​ភូមិ​បាល ពីព្រោះ ពលរដ្ឋ​បាន​កាន់កាប់​ដី​តំបន់​នោះ តាំង​ពី​ដូនតា និង​ខ្លះ​ទៀត កាន់​កាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ៕

1 comment:

Anonymous said...

Social justice is not free.

Khmer people must fight and pay for it. Help yourself first before others help you.