Wednesday, 20 December 2023

គណបក្ស​កម្លាំង​ជាតិ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​បំណុល​ពលរដ្ឋ


ដោយ ទីន ហ្សាការីយ៉ា
2023.12.18

គណបក្ស​កម្លាំង​ជាតិ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​បំណុល​ពលរដ្ឋ

(ឆ្វេង) អ្នកនាង ជៀម សុខជា លក់គ្រាប់ឈូក និង​គ្រាប់​ល្អៅ​លីង​រក​ប្រាក់ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ ដែល​ខ្វះខាត ក្រោយ​បាត់បង់​ការងារ​ពីរោងចក្រ សិន តៃ តាំងពីថ្ងៃទី៩ ខែមិនា ឆ្នាំ2023។
រូបពីពលរដ្ឋ



គណបក្ស​កម្លាំង​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​​យន្ត​ការ​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​កម្ពុជា​ឱ្យ​ទាន់​ពេល​វេលា ព្រោះ​ថា ពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​សង​កំពុង​រស់​ដោយ​លំបាក​ និង​បាត់​បង់​ដីធ្លី​ដោយ​សារ​​តែ​គ្មាន​លទ្ធភាព​សង​បំណុល។

គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ប្រើប្រាស់​បំណុល​សាធារណៈ​របស់​រដ្ឋ (Public Debts) និង​អន្តរាគមន៍​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន​ពន្យារ​យក​ការ​​ប្រាក់​យ៉ាង​តិច​ចំនួន ២ឆ្នាំ ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​វ័ណ្ឌក​របស់​ប្រជាពលរដ្ឋ។

គណបក្ស​កម្លាំង​ជាតិ​លើក​ឡើង​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​មាន​សភាព​យ៉ាប់យ៉ឺន ដែល​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​លំបាក និង​កំពុង​ប្រឈម​មុខ​វិបត្តិ​បំណុល​វ័ណ្ឌក ដោយ​សារ​គ្មាន​លទ្ធភាព​សង​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន។ លិខិត​ដដែល​លើក​ឡើង​ថា

មាន​គ្រួសារ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន កើន​ឡើង​រហូត​ដល់​ជាង ៣​លាន​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​សរុប​ជាង ៤លាន។



គណបក្ស​កម្លាំង​ជាតិ​លើក​ឡើង​ថា ក្នុង​ស្ថាន​ភាព​សេដ្ឋកិច្ច​ជាតិ​លំបាក​នេះ រដ្ឋាភិបាល​គួរ​ប្រើប្រាស់​បំណុល​សាធារណៈ​របស់​រដ្ឋ (Public Debts) ដើម្បី​យក​ទៅ​ដោះ​ស្រាយ​វិបត្តិ​បំណុល​របស់​ប្រជា​ពលរដ្ឋ ហើយ​រដ្ឋាភិបាល​គួរ​បង្កើត​គោល​នយោបាយ​ស្ដីពី​ការ​អនុគ្រោះ​ដូច​ជា​បញ្ចុះ​អត្រា​ការ​ប្រាក់ រួម​ទាំង​ការ ពន្យារ​ពេល​សង​បំណុល​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន យ៉ាង​តិច ២ឆ្នាំ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជំពាក់​បំណុល​វ័ណ្ឌក។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើក​ឡើង​ថា លោក​បាន​ចុះ​ជួប និង​សាកសួរ​ព័ត៌មាន​ពី​ពលរដ្ឋ​មូលដ្ឋាន គឺ​មាន​ភាព​ដូច​គ្នា ដែល​របាយការណ៍​ជាតិ​ និង​អន្តរជាតិ​រក​ឃើញ​ពី​វិបត្តិ​បំណុល​នៅ​កម្ពុជា ដែល​ធ្វើ​ពលរដ្ឋ​​ជា​ច្រើន​បាត់​បង់​ផ្ទះ ដី ស្រែ​ចម្ការ និង​មិន​មាន​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ។

លោក រ៉ុង ឈុន ជឿជាក់​ថា​រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​បំណុល​សាធារណៈ​របស់​រដ្ឋ និង​អន្តរាគមន៍​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឯកជន​ពន្យារ​ពេល​យក​ការ ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​វ័ណ្ឌក​របស់​ប្រជាពលរដ្ឋ។

    លោក រ៉ុង ឈុន៖ «អាច​ដោះ​ស្រាយ​បាន ពីព្រោះ​ក្នុង​ករណី​ព្យួរ​រយៈ​ពេល ២ឆ្នាំ បន្ទាប់​ពី​សេដ្ឋកិច្ច​មាន​កំណើន​ឡើង​វិញ ពេល​ហ្នឹង​ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្ដើម​សង​ដល់​ធនាគារ​គេ​ឡើង​វិញ​ហើយ ដូច​ជា​ករណី​ប្រទេស​សៀម ដែល​រដ្ឋាភិបាល​ថ្ងៃ​តែ​មួយ​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ នៅ​ពេល​ដែល​គេ​ឡើង​មក​ដល់​ភ្លាម គេ​មាន​គោលនយោបាយ​របស់​គេ​ពន្យារ​នូវ​ការ​បង់​ឱ្យ​ប្រជាពលរដ្ឋ»។

Rong_Chhun_in_Opening_office_in_Kandal_121723_FB_Rong_Chhun.jpg
 

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ក្នុង​ពិធី​បើក​ទីស្នាក់​គណបក្ស​នៅ​ខេត្តកណ្ដាល កាល​ពី​ធ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក រ៉ុង ឈុន



វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពីអ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី១៨ ធ្នូ។

ប៉ុន្តែ​​​កាល​ពី​ខែ​វិច្ឆិកា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល និង​ធនាគារ​ជាតិ ទើប​តែ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​សម្ពាធ​ដល់​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ក្នុង​វិស័យ​មួយ​ចំនួន រួម​ទាំង​វិស័យ​អចលន​ទ្រព្យ​ជា​ដើម។

ជុំវិញ​ករណី​នេះ​ដែរ ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​ថ្មីៗ នេះ ស្ថាន​ភាព​បំណុល​កាន់​តែ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​មិន​មាន​លទ្ធភាព​សង​បំណុល​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ។ លោក អៀង វុទ្ធី ថា ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យន្តការ​បន្ទាន់ និង​ជាក់លាក់ ដែល​អាច​ជួយ​ដល់​ពលរដ្ឋ​ទូទៅ ឱ្យ​អាច​ងើប​ចេញ​ពី​វិបត្តិ​បំណុល​នេះ។

    លោក អៀង វុទ្ធី៖ «ដោយ​សារ​គាត់​មិន​មាន​លទ្ធភាព​សង​បំណុល​ទាំង​អស់​ហ្នឹង ហើយ​យើង​ឃើញ​មាន​បញ្ហា​ចំណាក​ស្រុក​ក៏​ច្រើន​ បញ្ហា​បាត់​បង់​ការ​សិក្សា​របស់​កុមារ ក៏​មាន។ អ៊ីចឹង យើង​ទទូច​ហើយ​ទទូច​ទៀត សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​យ៉ាង​ណា​ជួយ​សម្រួល ដើម្បី​ឱ្យ​មាន​ការ​ពិភាក្សា​លក្ខណៈ​រួម​តែ​ម្ដង​ទៅ​លើ​វិស័យ​ហ្នឹង ដើម្បី​ឈាន​ទៅ​ដល់​ការ​ជួយ​អន្តរាគមន៍ ឬ​ជួយ​សម្រួល​ដល់​ស្ថាន​ភាព​របស់​ប្រជាពលរដ្ឋ»។

អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ កាល​ពី​ខែសីហា បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​លើ​គ្រួសារ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​រក​ឃើញ​ថា ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើសលប់ បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន រួម​មាន ភាព​អត់ឃ្លាន ពលកម្ម​កុមារ និង​កា​រលក់​ដី​ដោយ​បង្ខំ​ជា​ដើម នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ។ អ្នក​ខ្ចី​ប្រាក់ កំពុង​ធ្វើការ​លះបង់​ដោយ​មិន​សមស្រប​ជាច្រើន ដើម្បី​បង់​សង​កម្ចី ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ច្រើន​លើសលប់ ហើយ​ជា​រឿយៗ វា​តែងតែ​លើស​ពី​ប្រាក់​ចំណូល និង​សមត្ថភាព​របស់​អ្នកខ្ចី ក្នុង​ការ​បង់​សង៕

No comments: