ដោយ សេក បណ្ឌិត
2024.01.11
ពលករនិងជនភៀសខ្លួនខ្មែរនៅថៃត្រៀមតវ៉ាទាមទារឱ្យលោក ហ៊ុន ម៉ាណែត ដើរតាមគន្លងប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ពលករនិងជនភៀសខ្លួនខ្មែរមួយចំនួននៅប្រទេសថៃត្រៀមប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងធ្វើទស្សនកិច្ចទៅប្រទេសថៃ នៅដើមខែកុម្ភៈខាងមុខ។ ពួកគេអះអាងថា គម្រោងបាតុកម្មនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញគោរពសិទ្ធិមនុស្ស និងងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
ពលករនិងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ លើកឡើងថា មូលហេតុដែលពួកគេត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នេះ ដោយសារមិនពេញចិត្តនឹងរដ្ឋាភិបាលបិទសិទ្ធិសេរីភាព និងតែងធ្វើទុក្ខបុកម្នេញមកលើអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល។
មន្ត្រីគណបក្សភ្លើងទៀន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ មករា ថា ពួកលោកនឹងស្នើទៅអាជ្ញាធរថៃសុំធ្វើបាតុកម្មទាមទារឱ្យលោក ហ៊ុន ម៉ាណែត បញ្ឈប់ការយាយី និងការធ្វើទុក្ខបុកម្នេញមកលើអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល ហើយងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ។ លោកបញ្ជាក់ថា បាតុកម្មនេះនឹងមានជនភៀសខ្លួននិងពលករខ្មែរប្រមាណ១០០នាក់ចូលរួមនៅទីក្រុងបាងកក (Bangkok) នៅថ្ងៃដែលលោក ហ៊ុន ម៉ាណែត ទៅដល់ប្រទេសថៃ។
លោក ខឹម មុន្នីកុសល៖ «គឺសុំឱ្យគាត់ស្រោចស្រង់សេដ្ឋកិច្ច ស្រោចស្រង់សិទ្ធិមនុស្សដែលជាគោលការណ៍ចម្បងដែលនាំឱ្យមានទណ្ឌកម្មផ្សេងពីអន្តរជាតិ។ ដូច្នេះហើយអ្វីដែលយើងធ្វើគឺធ្វើដើម្បីផលប្រយោជន៍ជាតិ មិនមែនធ្វើដើម្បីក្រុមបក្ខពួករបស់យើងទេ ។ ដូច្នេះសុំឱ្យអន្តរជាតិទាំងអស់មើលឃើញអំពីការឈឺឆ្អាលរបស់ពួកយើងនៅទីនេះ។ ហើយក៏ចង់ប្រាប់ថា ពួកយើងតាំងចិត្តត្រៀមខ្លួនក្នុងការតស៊ូបន្តទៅមុខទៀត ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
គម្រោងតវ៉ារបស់ជនភៀសខ្លួនខ្មែរនេះបន្ទាប់ពីពួកគេទទួលដំណឹងថា លោក ហ៊ុន ម៉ាណែត នឹងទៅទស្សនកិច្ចប្រទេសថៃនៅថ្ងៃទី៧ខែកុម្ភៈខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ មករា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ជនភៀសខ្លួនទាំងនោះអាចធ្វើបាតុកម្មបាន ក៏ប៉ុន្តែពួកគេត្រូវគោរពច្បាប់របស់ប្រទេសថៃ បើពុំដូច្នេះទេពួកគេអាចនឹងប្រឈមមុខផ្លូវច្បាប់។
លោក សុខ ឥសាន៖ «ឱ្យគាត់ធ្វើទៅមានអីអ្នកគាំទ្រ ក៏វាច្រើនអ្នកទាមទារនឹងក៏វាតិចដែរ វាមានអីធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យអាហ្នឹងវាអីចឹង។ តែកុំធ្វើអីវាជ្រុលអំពីបទបញ្ញត្តិរបស់អាជ្ញាធរថៃ អាហ្នឹងអត់បានទេ ពីព្រោះស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរថៃ មិនអាចធ្វើអ្វីតាមអំពើចិត្តគាត់បានទេ»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា គម្រោងធ្វើបាតុកម្មរបស់ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ គឺមិនខុសច្បាប់ឡើយ។
លោក យិន ម៉េងលី៖ «រដ្ឋាភិបាលថៃគាត់នឹងមិនធ្វើអ្វីខុសពីច្បាស់អន្តរជាតិទេ ប្រទេសថៃក៏បានចុះហត្ថលេខាជាច្រើនទៅលើច្បាប់អន្តរជាតិដែលធានានូវសេរីភាពរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងខ្ញុំគិតថា ប្រទេសប្រជាធិបតេយ្យគេតែងបញ្ជូនមន្ត្រី និងភ្នាក់ងាររបស់មកការពារអ្នកបញ្ចេញមតិមកការពារអ្នកតវ៉ានឹង។ ហើយវាមកជួយរក្សាឬក៏ធ្វើសណ្ដាប់ធ្នាប់ឱ្យទៀត ដើម្បីកុំមានការកកស្ទះអាហ្នឹងវាបង្ហាញថា នេះជាប្រទេសដែលអនុវត្តប្រជាធិបតេយ្យ»។
ក្រៅពីជនភៀសខ្លួន និងពលករខ្មែរនៅប្រទេសថៃ គឺពលរដ្ឋខ្មែរនិងមន្ត្រីគណបក្សប្រឆាំងនៅប្រទេសបារាំង (France) ក៏គ្រោងសរសេរលិខិតស្នើទៅប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) កុំឱ្យជឿទៅលើការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលគ្រោងធ្វើទស្សនកិច្ចទៅប្រទេសបារាំងនៅថ្ងៃទី១៨ និង១៩មករាខាងមុខផងដែរ។
កាលពីថ្ងៃទី១៧ ធ្នូ កន្លងទៅ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនជិត ៦០០នាក់ (៥៦០) ធ្វើបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត នៅកណ្ដាលទីក្រុងតូក្យូ (Tokyo)ដែរ។ ពួកគាត់អះអាងថាលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាពធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។
លោក ហ៊ុន ម៉ាណែត បានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេលជិត៤ខែមកហើយ ក៏ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គមមើលឃើញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាន់តែផ្ដាច់ការជាងឪពុករបស់លោកទៅទៀត ដោយបិទសិទ្ធិសេរីភាពនិងការចាប់ចងអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលដាក់ពន្ធនាគារជាបន្តបន្ទាប់៕
No comments:
Post a Comment