Sunday, 21 January 2024

លោក ហ៊ុន សែន ប្រាប់​អង្គ​បោះឆ្នោត​ត្រូវ​ស្មោះត្រង់​ដោយ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា


ដោយ ម៉ៅ សុធានី
2024.01.20
sharethis sharing button
លោក ហ៊ុន សែន ប្រាប់​អង្គ​បោះឆ្នោត​ត្រូវ​ស្មោះត្រង់​ដោយ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា  
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងពេលជួបសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​គណបក្សរបស់ខ្លួន នៅទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន នៅ​ថ្ងៃទី២០ មករា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក ហ៊ុន សែន ប្រាប់​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​ខ្លួន​ដែល​ជា​អង្គ​បោះឆ្នោត​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា គឺ​ត្រូវ​ស្មោះត្រង់​ដោយ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកឃ្លាំមើល​នយោបាយ​លើកឡើង​ថា លោក ហ៊ុន សែន ទាមទារ​ឱ្យ​អង្គ​បោះឆ្នោត​មាន​ភាពស្មោះត្រង់​ជាមួយ​ខ្លួន​បែប​នេះ ព្រោះ​លោក​បារម្ភ​ខ្លាច​មិន​បាន​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា​ដូច​ការ​គ្រោងទុក។

លោក ហ៊ុន សែន ស្វះស្វែង​ជួប​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះឆ្នោត​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ពេល​នេះ ខណៈ​ការបោះឆ្នោត​ព្រឹទ្ធសភា កាន់តែ​ខិតចូល​មកដល់​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ លោក ហ៊ុន សែន ដែល​គ្រោង​ទៅ​ដឹកនាំ​ព្រឹទ្ធសភា ក្រោយ​ការបោះឆ្នោត​នេះ ក៏​មិន​ភ្លេច​រំលឹក​ទៅ​អង្គ​បោះឆ្នោត​របស់​ខ្លួន​ត្រូវ​បោះឆ្នោត​គាំទ្រ​បេក្ខជន​របស់​គណបក្ស​នៅ​តាម​ភូមិភាគ​របស់​ខ្លួន។

លោក ហ៊ុន សែន លើកឡើង​ដូច្នេះ​ក្នុង​ពេល​ជួប​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេងទៀត​នៅ​ថ្ងៃទី​២០ ខែ​មករា នៅ​វិមាន​៧​មករា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា នេះ​ជា​រឿង​ធម្មតា​ទេ ដែល​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់អំណាច ណែ​នាំទៅ​សមាជិក​របស់​ខ្លួន​ឱ្យ​ត្រៀមខ្លួន និង​មាន​ភាព​ស្មោះត្រង់​ក្នុង​បោះឆ្នោត​ជួន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ រំពឹង​ថា ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ត្បិត​គណបក្ស​នេះ​មាន​អង្គ​បោះឆ្នោត​ច្រើន​លើសលប់​។

លោក សុខ ឥសាន៖«ណែ​នាំ​ឱ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​ក៏ដូចជា​សុខភាព ដើម្បី​ឱ្យ​មានលទ្ធភាព​ទៅ​បោះឆ្នោត​តាម​ការ​កំណត់​ហើយ​បោះឆ្នោត​ឱ្យ​ត្រូវ​តាម​ឆន្ទៈ​របស់​ខ្លួន​ដែល​គណបក្ស​បណ្ដុះបណ្ដាល​មក​ហ្នឹង​គឺថា បោះឆ្នោត​ឱ្យ​មុខសញ្ញា​បេក្ខជន​របស់​គណបក្ស​ហ្នឹងឯង គេ​មិន​ដែល​គណបក្ស​មួយ​ទៅ​ឃោសនា​ឱ្យ​អង្គ​បោះឆ្នោត​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ផ្សេង​ទេ»

 

ចំណែក លោក ហ៊ុន សែន ឱ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​មករា ដោយ​លោក​ជំរុញ​ទៅ​មន្ត្រី​មូលដ្ឋាន​ត្រូវ​ផ្ដល់​សេវា​សាធារណៈ រួមមាន​សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​ភាព​អសកម្ម​នានា។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា ចរិត​របស់​លោក ហ៊ុន សែន តែងតែ​ប្រយ័ត្ន​ជានិច្ច បើ​ទោះជា​លោក​ដឹង​ថា ខ្លួន​នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ​នេះ​ក្ដី តែ​លោក ហ៊ុន សែន នៅតែ​រំលឹក​ទៅ​អង្គ​បោះឆ្នោត​ត្រូវ​ស្មោះត្រង់​ជាមួយ​ខ្លួន​ជានិច្ច​។ លោក​បន្ត​ថា ទៀត លោក ហ៊ុន សែន អាច​នឹង​មាន​ល្បិច​ជាច្រើន ប្រាប់​ទៅ​អង្គ​បោះឆ្នោត ក្នុង​ការ​បំបែក​សំឡេងឆ្នោត​គណបក្ស​ប្រឆាំង ត្បិត លោក ហ៊ុន សែន មិន​ចង់​ឃើញ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ឆន្ទៈខ្មែរ​ដែល​តំណាងឱ្យ​គណបក្ស​ភ្លើងទៀន ឬក៏​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កម្លាំង​ជាតិ​ចូល​អង្គុយ​ធ្វើការ​នៅ​ព្រឹទ្ធសភា ជាមួយ​លោក​ឡើយ។

លោក គឹម សុខ៖ «គណបក្ស​ប្រជាជន​កម្ពុជា គេ​កំណត់​ថា គេ​យក​ប៉ុន្មាន ហើយ​អង្គ​បោះឆ្នោត​ណាខ្លះ​ត្រូវ​បោះឆ្នោត​គណបក្ស​ប្រជា​ជន ឬមួយ​គេ​មាន​យុទ្ធសាស្ត្រ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្លះ​ឧទាហរណ៍​ថា ៣​កៅអី ឬ​៥​កៅអី​អង្គ​បោះឆ្នោត​ណាខ្លះ​ត្រូវ​បោះឆ្នោត​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​មួយវិញទៀត​មាន​ល្បិច​ក្នុង​ការ​ជាន់ពន្លិច​គណបក្ស​ជា​គូប្រជែង»

ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ខាងមុខ ដោយ​មាន​គណបក្ស​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តំណាង​ឱ្យ​គណបក្ស​គណបក្ស​ភ្លើងទៀន។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២៣ ដោយ​ការរារាំង​មិន​ឱ្យ​គណបក្ស​គណបក្ស​ភ្លើងទៀន គណបក្ស​នេះ​មាន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ទូទាំង​ប្រទេស​ជាង ៩​ពាន់ ៣​រយ​អាសនៈ (.៣៣៨) ក្នុងចំណោម​សរុប​ជាង ១​ម៉ឺន ១​ពាន់​អាសនៈ (១១.៦២២) ហើយ​បើ​ផ្អែក​លើ​អង្គ​បោះឆ្នោត​ជាង​៩០​ភាគរយ​នេះ នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ច្រើន​លើសលប់​ដើម្បី​ដឹកនាំ​ព្រឹទ្ធសភា​បាន​ដដែល៕

No comments: