2024.01.03

អ្នកជំនាញនយោបាយការបរទេសចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបជាវិជ្ជមាន នៅពេលទៅជួបប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នូវកង្វល់របស់សហភាពអឺរ៉ុប ឬប្រទេសបារាំង ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការអនុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺអាស្រ័យលើគោលការណ៍របស់ប្រទេសនីមួយៗ ដែលប្រទេសដទៃមិនអាចចាប់បង្ខំបានឡើយ។
អ្នកជំនាញនយោបាយការបរទេសលើកឡើងថា ការបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសបារាំងនៅពាក់កណ្ដាលខែមករាខាងមុខ ជាសញ្ញាវិជ្ជមាន នៃការពង្រីកនយោបាយការបរទេសរបស់កម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ឱ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី៣ ខែមករា ថា ប្រទេសបារាំង គឺជាប្រទេសសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈអ្នកប្រជាធិបតេយ្យមួយចំនួនតែងតែស្នើទៅប្រទេសបារាំងឱ្យជំរុញរដ្ឋាភិបាលកម្ពុជា ឱ្យអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ។ លោកបន្តថា ប្រមុខរដ្ឋាភិបាលថ្មី គឺលោក ហ៊ុន ម៉ាណែត គួរបង្ហាញឥរិយាបថនយោបាយកម្ពុជាថា ជាប្រទេសប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ។ លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជាកន្លងមក មិនទាន់បានឆ្លើយជាវិជ្ជមាននូវកង្វល់របស់សហគមន៍អន្តរជាតិស្ដីពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅឡើយទេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លើកឡើងដូច្នេះ ក្រោយពេលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករាខាងមុខ។ លិខិតបកប្រែក្រៅផ្លូវការរបស់ លោក អេម៉ានូអែល ម៉ាក្រុង ចុះកាលពីថ្ងៃទី៣១ ខែធ្នូ ឱ្យដឹងថា គម្រោងដំណើរទស្សនកិច្ចជាលើកទីមួយរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសបារាំង ចាប់តាំងពីលោកឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្ដែងនូវវិស័យសំខាន់ៗ ជាច្រើន ទំនាក់ទំនងរវាងប្រទេសទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌជាដើម។ លោក ម៉ាក្រុង រំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរពិនិត្យមើលមធ្យោបាយនានា ដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្ដារដ្ឋទាំងអស់។
ទាក់ទងការអញ្ជើញនេះដែរ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរ។ សាររបស់ប្រធានគណបក្សកាន់អំណាចរូបនេះ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម នៅថ្ងៃទី៣ ខែមករា លើកឡើងទៀតថា នេះជាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា លើកទី១ ដែលនឹងបំពេញទស្សនកិច្ចផ្លូវការទៅប្រទេសបារាំង សម្រាប់ឆ្នាំ២០២៤ នេះ។
ជុំវិញការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៣ ខែមករា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ លើកឡើងថា ប្រធានបទសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាការអនុវត្តតាមគោលការណ៍របស់ប្រទេសនីមួយៗ ដោយគ្មានប្រទេសណាមួយចាប់បង្ខំប្រទេសណាមួយឱ្យអនុវត្តតាមឡើយ។
ទោះយ៉ាងណាក្ដី អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស រំពឹងថា មេដឹកនាំប្រទេសទាំងពីរ នឹងជជែកគ្នាពីបញ្ហាអ្នកនយោបាយជាប់ឃុំ និងការផ្ដល់សិទ្ធិនយោបាយដល់ពួកគេឡើងវិញ។ លោកបន្តថា ប្រសិនបើមេដឹកនាំកម្ពុជា យល់ព្រមបន្ធូរបន្ថយស្ថានការណ៍ ដែលតានតឹងដូចសព្វថ្ងៃ ក៏នឹងជះផលល្អនៅក្នុងការទាមទារយកប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញ ពីសហភាពអឺរ៉ុបឡើងវិញ។
រហូតដល់ពេលនេះ សហភាពអឺរ៉ុបមិនទាន់ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញមកកម្ពុជាវិញឡើយ ខណៈ សហរដ្ឋអាមេរិក ក៏មិនទាន់ផ្ដល់ការអនុគ្រោះពន្ធGSPមកកម្ពុជាវិញដែរ ដោយសារតែកម្ពុជាមិនទាន់ធ្វើឱ្យប្រសើរនៅឡើយ ការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ។ ចំណែកមេដឹកនាំនយោបាយ និងសកម្មជនបក្សប្រឆាំង និងមេដឹកនាំសហជីពជាង ៣០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌៕
No comments:
Post a Comment