ដោយ ខាន់ លក្ខិណា
2024.01.22
សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
រូប៖ តេឡេក្រាមគណបក្សភ្លើងទៀន
គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត ដើម្បីបំពេញកន្លែងទំនេរ និងបំពេញបែបបទដាក់ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូប បានទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ត្រៀមចូលរួមបោះឆ្នោតព្រឹទ្ធសភា។
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន ដែលមានលោក ទាវ វណ្ណុល ជាប្រធាន នៅថ្ងៃទី២១ មករា នៅទីស្នាក់ការកណ្ដាលគណបក្ស ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ បានឱ្យដឹងថា គណបក្សនេះសម្រេចបានលទ្ធផលជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈកម្មាធិការនាយក ១៣រូប និងបន្ថែមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ២រូប។
សមាជគណបក្សភ្លើងទៀន ក៏បានជ្រើសតាំងលោកស្រី គុណ លំអង និងលោក ជា គឹមលី ជាអនុប្រធាន ព្រមទាំងជ្រើសតាំងលោក ជា ប៉ូច ជាអគ្គហិរញ្ញិក និងលោក ហេង សាវឿន ជាស្នងការគណនេយ្យ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ មករា ថា ការតែងតាំងនេះ ជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំនិងតាមតម្រូវការក្រសួងមហាផ្ទៃ ដែលទាមទារឱ្យគណបក្សភ្លើងទៀនធ្វើបច្ចុប្បន្ន ភាពអំពីសមាសភាពថ្នាក់ដឹកនាំ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនបានចាកចេញ ទៅបំពេញបេសកកម្មនៅគណបក្សឆន្ទៈខ្មែរដែលជាគណបក្សក្នុងសម្ព័ន្ធភាព ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតព្រឹទ្ធសភា។
ការរុះរើ និងជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំគណបក្សភ្លើងទៀននៅពេលនេះ គឺដើម្បីបំពេញជំនួសតួនាទីរបស់លោកបណ្ឌិត សុក ហាច លោក សុន ឆ័យ លោក ហុង សុខហួរ លោក សេង ម៉ារឌី និង លោក គីមសួរ ភីរិទ្ធ ជាដើម ដែលទៅកាន់តំណែងកំពូលៗនៅគណបក្សឆន្ទៈខ្មែរដែលធ្វើសមាជមួយថ្ងៃមុនសមាជរបស់គណបក្សភ្លើងទៀន។
សមាជរបស់គណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី២០ មករា បានជ្រើសតាំងលោក សុក ហាច ជាប្រធាន រីឯអតីតប្រធានគណបក្សនេះ គឺលោក គង់ មុនីកា កាន់តំណែងជាអគ្គលេខាធិការនៅពេលលោក ហុង សុខហួរ លោក សុន ឆ័យ និង លោក សេង ម៉ារឌី ក្លាយជាអនុប្រធាន ហើយលោក គីមសួរ ភីរិទ្ធ ជាប្រធានក្រុមប្រឹក្សាវិន័យ។
ការរុះរើ និងជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅគ្រានេះកើតមានឡើងនៅពេលគណបក្សភ្លើងទៀន ជួបឧបសគ្គត្រូវគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ហាមមិនឱ្យចូលរួមបោះឆ្នោត ព្រោះតែបាត់ឯកសារដើមរបស់គណបក្សហើយមេដឹកនាំគណបក្សភ្លើងទៀនក៏នាំគ្នាផ្លាស់ទៅដឹកនាំគណបក្សឆន្ទៈខ្មែរ ដើម្បីសង្គ្រោះឱកាសចូលរួមបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤៕
No comments:
Post a Comment