2024.01.13
អ្នកច្បាប់មួយចំនួនលើកឡើងថា សារគំរាមរបស់ក្រសួងមហាផ្ទៃរម្លាយគណបក្សណាដែលពាក់ព័ន្ធនឹងលោក សម រង្ស៊ី ជាការអនុវត្តច្បាប់ទេ តែជាទង្វើគំរាមកំហែងដាក់សម្ពាធនយោបាយទៅវិញ។ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែមករា បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ថា ជាការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ និងបម្រើប្រយោជន៍ខ្លួន។
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ក្រសួងមហាផ្ទៃមិនអាចយកលិខិតចំហរបស់លោក សម រង្ស៊ី ធ្វើជាភស្តុតាងដើម្បីចោទប្រកាន់គំរាមរំលាយគណបក្សនយោបាយណាមួយតាមចិត្តបាននោះទេ។
លោក លី ចាន់ដារ៉ាវុធ ថា បក្សទាំងនោះមានសិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយ ហើយការសម្រេចរួបរួម ឬមិនរួបរួមគ្នាតាមការអំពាវនាវរបស់លោក សម រង្ស៊ី នោះក៏ជាសិទ្ធិសម្រេចពួកគេដែរ។ ប៉ុន្តែលោកយល់ថា ដែលក្រសួងលើកយកមាត្រាមួយចំនួននៃច្បាប់ស្តីគណបក្សនយោបាយកើតចេញពីការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសកន្លងទៅ មកបង្ហាញហាក់គាបសង្កត់ និងរារាំងអ្នកនយោបាយក្នុងជួរបក្សប្រឆាំងរួបរួមគ្នាដោយសាររឿងនេះជាឧបសគ្គសម្រាប់គណបក្សកាន់អំណាចទៅថ្ងៃខាងមុខ។
ការលើកឡើងរបស់អ្នកច្បាប់ដូច្នេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែមករាបានចាត់ទុកសាររបស់លោក សម រង្ស៊ី ដែលអំពាវនាវឱ្យគណបក្សចំនួនបី ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើតាមបង្គាប់បញ្ជាផ្ទុយពីស្មារតី នៃច្បាប់ដើម្បីបម្រើប្រយោជន៍ខ្លួន។ មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃព្រមានដល់គណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាអាណត្តិទី៥ ឱ្យបញ្ឈប់សកម្មភាពដែលបំពានច្បាប់ស្ដីពីគណបក្សនយោបាយដែលច្បាប់នេះផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃចាត់វិធានការក្នុងការផ្អាកសកម្មភាពបក្សនយោបាយនោះ ឬប្តឹងទៅតុលាការដើម្បីរំលាយបក្សនយោបាយនោះចោល។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានចេញលិខិតមួយច្បាប់បង្ហោះនៅលើហ្វេសប៊ុកកាលពីទី១១ ខែមករា ដោយលោកអំពាវនាវដល់គណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យអ្នកប្រជាធិបតេយ្យទាំងអស់នៅប្រទេសកម្ពុជារួបរួម និងសហការគ្នា កុំឱ្យមានការវាយប្រហារគ្នាទៅវិញទៅមកហើយ ត្រូវតែចែកតួនាទីគ្នា ត្រូវរក្សាភាពស្មោះត្រង់ចំពោះប្រទេសជាតិនិងប្រជារាស្ត្រ រក្សាឧត្តមគតិដើម ឈរលើសីលធម៌ សច្ចធម៌ និងយុត្តិធម៌ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងទទួលបានជ័យជម្នះរួម។
គណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរដែលមានមេដឹកនាំកើតចេញអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមេដឹកនាំគណបក្សទាំងនេះ ភាគច្រើនមាននិន្នាការគោរពស្រឡាញ់ លោក សម រង្ស៊ី។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សកម្លាំងជាតិធ្វើសកម្មភាពឈរលើគោលការណ៍ប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញឆ្ពោះទៅរកប្រកួតប្រជែងតាមរយៈការបោះឆ្នោតជាតិខាងមុខ។ លោកយល់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ដើម្បីឱ្យអ្នកប្រជាធិបតេយ្យសាមគ្គី និងការពារផលប្រយោជន៍ជាតិគឺជាសិទ្ធិសេរីភាពបញ្ចេញមតិ ឬទស្សនៈដែលក្រសួងមហាផ្ទៃមិនគួរព្រួយបារម្ភរហូតគំរាមរំលាយគណបក្សប្រឆាំងចោលនោះទេ។
ស្រដៀងគ្នានេះដែរ បេក្ខជនព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គីមសួរ ភីរិទ្ធិ ថ្លែងថាគណបក្សនៅក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតបានរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យជាបន្តបន្ទាប់។ លោកយល់ថា ក្រសួងមហាផ្ទៃកំពុងយកច្បាប់ស្ដីពីគណបក្សនយោបាយមកព្រមាន និងដាក់សម្ពាធផ្នែកនយោបាយ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា សហគមន៍ជាតិ និងអន្តរជាតិនៅតែស្នើរដ្ឋាភិបាលកែប្រែច្បាប់គណបក្សនយោបាយដែលគាបសង្កត់សិទ្ធិគណបក្សនយោបាយឡើងវិញ ។ ទោះយ៉ាងណាអ្នកជំនាញបោះឆ្នោតរូបនេះលើកឡើងថា ទោះបីច្បាប់នេះបានហាមឃាត់គណបក្សនយោបាយឃុបឃិត ឬពាក់ព័ន្ធជាមួយទណ្ឌិតក្តី តែអាជ្ញាធរមិនត្រូវទាញភ្ជាប់ ឬចោទប្រកាន់ដើម្បីរំលាយគណបក្សនយោបាយណាមួយចោលដោយគ្រាន់តែលោក សម រង្ស៊ី ថ្លែងសារពីក្រៅប្រទេសដែលជាការអនុវត្តសិទ្ធិសេរីភាពរបស់លោកនោះឡើយ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលធ្វើលោក ហ៊ុន សែន បានកែធ្វើច្បាប់ស្ដីពីគណបក្ស ហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ច្បាប់នេះកែប្រែឡើងដើម្បីតម្រូវចិត្តអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទផ្លូវលោក សម រង្ស៊ី ឲ្យចាកឆ្ងាយពីជីវិតនយោបាយ។ ជាមួយគ្នានេះលោក ហ៊ុន សែន បានយកច្បាប់នេះធ្វើជាឧបករណ៍សម្រាប់រំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និងបិទសិទ្ធិរបស់អ្នកនយោបាយ និងគំរាមរំលាយគណបក្សប្រឆាំងចោលដែលគំរាមកំហែងដល់អំណាចរបស់គ្រួសាររបស់លោក៕
1 comment:
Sar Sokha does not need to kill the opposition to please Hun Manet to keep his job. That is stupid.
Post a Comment