Friday, 5 January 2024

សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកជំនាញ​​កសិកម្ម​លោក នី ណាក់ សាជាថ្មី​ដោយ​ចោទ​ពី​បទ​ញុះញង់


ដោយ ថា ថៃ
2024.01.04
sharethis sharing button
សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកជំនាញ​​កសិកម្ម​លោក នី ណាក់ សាជាថ្មី​ដោយ​ចោទ​ពី​បទ​ញុះញង់
អ្នកជំនាញ​​កសិកម្ម​លោក នី ណាក់ ពេលដឹកអីវ៉ាន់ឱ្យអតិថិជន កាលពីថ្ងៃទី២៦ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក នី ណាក់
 

សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​អ្នកជំនាញ​​កសិកម្ម​លោក នី ណាក់ សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី៥ មករា ដោយ​ចោទ​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ ក្រោយ​លោក​​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​រិះគន់​ពី​ព័ត៌មាន​ដែល​ក្រសួង​ការងារ​ទើប​បង្ហាញ​ចំនួន​ក្រុមហ៊ុន​ទើប​បើក​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៤។

ភរិយា​លោក នី ណាក់ លោកស្រី សុខ ស៊ីណែត បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ពី​ដំណឹង​នៃ​ការ​ចាប់​ខ្លួន​នេះ ដែល​លោកស្រី​បាន​ប្រាប់​ទៅ​សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា ជួយ​ផ្សព្វផ្សាយ​ភ្លាមៗ។ តាមរយៈ​ដំណឹង​នោះ​លោកស្រី​បន្ត​ថា លោក នី ណាក់ ត្រូវ​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​សាកសួរ តាំង​ពី​ព្រឹក​ម៉ោង ៨.៤០​នាទី។ ចំណែក​អ្នក​ប្ដឹង​លោក នី ណាក់ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ ហើយ​សមត្ថកិច្ច​គ្រោង​បញ្ជូន​​លោក នី ណាក់ ទៅ​តុលាការ​បន្ទាប់ពី​សាកសួរ​រួចរាល់។

មុន​ការ​ចាប់​បន្តិច​លោក នី ណាក់ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក (Iman KH) ដែល​លោក​គ្រប់គ្រង​ថា សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​គឺ​ហ្វ្រេសញូវ (FreshNews) បាន​ផ្សាយ​ថា ក្រុមហ៊ុន​ទើប​បើក​ថ្មី​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ មាន​១​ម៉ឺន​ក្រុមហ៊ុន។ លោក​បន្ត​ដោយ​ឌឺដង​ថា ដំណឹង​នេះ​សង្ស័យ​រាប់​តាំងពី​ក្រុមហ៊ុន​លក់​លៀស​ហាល ក្រុមហ៊ុន​ដើរ​សុំទាន ក្រុមហ៊ុន​លក់​ថ្នាំញៀន។ល។

សារ​ដើម​នៅ​លើ​ហ្វេសប៊ុក​លោក នី ណាក់៖ «FN,មួយម៉ឺន​ក្រុមហ៊ុន​បើកថ្មី​នៅ​២០២៤។សង្ស័យ​រាប់តាំង​ពី​ក្រុមហ៊ុន​លក់​លៀសហាល ក្រុមហ៊ុន​ដើរ​សុំទាន ក្រុមហ៊ុន​លក់​ថ្នាំ​ញៀន។ល។ បើក​ច្រើន បិទ​វិញ​អត់រាប់​ឡើយ។ ប្រទេស​ខ្លាសេដ្ឋកិច្ច​លក់​តាំង​ពី​ភ្នំ​មិន​សល់»

លោក នី ណាក់ ទើប​ត្រូវ​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​ក្បាល​ស្ទើរ​ផុត​ជីវិត ហើយ​កំពុង​អំពាវនាវ​ដល់​សាធារណជន​សុំ​ថវិកា គ្រោង​ទៅ​ព្យាបាល​របួស​ក្បាល​នៅ​ប្រទេស​ថៃ។ លោក​ក៏​ធ្លាប់​ត្រូវ​បាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វ៉េង សាខុន ប្ដឹង​ពី​បទ​ញុះញង់ ដាក់​ពន្ធនាគារ ១៨​ខែ កន្លង​ទៅ​ហើយ ករណី​លោក​សរសេរ​រិះគន់​​យុទ្ធនាការ​របស់​ក្រសួង​កសិកម្ម និង​ឌឺដង​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់។

No comments: