Khmer Circle:
Base: base2. / (beɪs) / adjective. devoid of honour or morality; ignoble; contemptible. of inferior quality or value.
---
Appoint a base person as the head of your proxy regime and he would in turns appoint and rely on his breed to stay in power.
^^^
2024.02.06
រដ្ឋាភិបាលតែងតាំងមេអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដែលល្បីឈ្មោះជាអ្នករំលោភសិទ្ធិមនុស្ស និងចូលចិត្តប្រើហិង្សា ជាឧត្ដមប្រឹក្សាសម្តេចសង្ឃរាជ និងថេរសភាព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។ អ្នកឃ្លាំមើលថា នេះជាការតែងតាំងខុសមនុស្ស ព្រោះលោក ហ៊ីង ប៊ុនហៀង ជាមនុស្សហិង្សា និងគ្មានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនានោះឡើយ។
អនុក្រឹត្យពីរដាច់ដោយឡែកពីគ្នារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែ ទើបត្រូវបានផ្សព្វផ្សាយ នៅពេលនេះ បានតែងតាំងមេអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដែលល្បីល្បាញខាងគំរាមកំហែង ប្រើកម្លាំងវាយសំពងប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាឧត្ដមទីប្រឹក្សាលើវិស័យព្រះពុទ្ធសាសនា។
អនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត សរសេរថា យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តែងតាំងលោក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាឧត្ដមប្រឹក្សាអមថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យមួយផ្សេងទៀត តែងតាំងលោក ហ៊ីង ប៊ុនហៀង ជាឧត្ដមទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ ទេព វង្ស។
អនុក្រឹត្យតែងតាំងនេះ គឺជាការតែងតាំងឡើងវិញ ក្នុងរដ្ឋាភិបាលថ្មីនៃលោក ហ៊ុន ម៉ាណែត។ កាលពីរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយលោក ហ៊ុន សែន ជាឪពុក ក៏ធ្លាប់បានតែងតាំងលោក ហ៊ីង ប៊ុនហៀង ជាឧត្ដមប្រឹក្សាសម្ដេចសង្ឃរាជ គណៈមហានិកាយ ទេព វង្ស និងសម្ដេចសង្ឃរាជ គណៈធម្មយុត្តិកនិកាយ បួរ គ្រី ក្នុងឆ្នាំ២០២០។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សេង សុមុនី រួមទាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន បានទេ នៅថ្ងៃទី៦ កុម្ភៈ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលធ្លាប់បួស ជាព្រះសង្ឃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ កុម្ភៈ ថា លោកមិនបដិសេធសម្រាប់វត្តមានជាឧត្ដមប្រឹក្សានោះទេ ប៉ុន្តែ លោកថា អ្នកដែលត្រូវបានតែងតាំងក្នុង តំណែងនេះ គួរតែជាមនុស្ស ដែលមានការយល់ដឹងស៊ីជម្រៅអំពីព្រះពុទ្ធសាសនា ឱ្យទៅធ្វើកិច្ចការក្នុងស្ថាប័នសាសនា ទើបអាចជួយដោះស្រាយការងារ សាសនា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក កើត សារ៉ាយ៖ «លោក ហ៊ីង ប៊ុនហៀង គាត់មិនមានសមត្ថភាពស៊ីជម្រៅទៅលើផ្នែកព្រះពុទ្ធសាសនាអីទេ។ ដូច្នេះ ការដែលដាក់គាត់ទៅហ្នឹង ខ្ញុំមើលឃើញថា វាមិនត្រូវនឹងជំនាញគាត់ វាមិនត្រូវនឹងចំណុចខ្លាំងរបស់គាត់ទៅបាន។ ដូច្នេះ ខ្ញុំលើកទឹកថា គួរតែដាក់នៅធនធានណា ដែលគេមានជំនាញ ដែលគេយល់ដឹងស៊ីជម្រៅ ទៅលើផ្នែកសាសនាហ្នឹង ឱ្យចូលទៅបម្រើក្នុងកិច្ចការផ្នែកសាសនាហ្នឹង ទើបជារឿងល្អ»។
លោក ហ៊ីង ប៊ុនហៀង ត្រូវបានការិយាល័យសាធារណៈនៃនាយកដ្ឋានរតនាគារអាមេរិក ប្រកាសកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដាក់ក្នុងបញ្ជីខ្មៅ នៃបុគ្គល ដែលត្រូវរងទណ្ឌកម្មបង្កទ្រព្យសម្បត្តិ ក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសារការជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។
សហរដ្ឋអាមេរិករកឃើញថា លោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុង រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរ វត្តភ្នំ ក្នុងហេតុការណ៍វាយបង្ក្រាបបាតុករគាំទ្របក្សប្រឆាំង ចេញពីទីលានប្រជាធិបតេយ្យ និងអំពើហិង្សាវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូប នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។
របាយការណ៍របស់រដ្ឋាភិបាលអាមេរិកដដែលថា មេអង្គរក្សលោក ហ៊ុន សែន រូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា ដឹកនាំដោយគណបក្សប្រឆាំង កាលពីឆ្នាំ១៩៩៧ ដែលធ្វើឱ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកមួយរូបផង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការតែងតាំងលោក ហ៊ីង ប៊ុនហៀង ជាឧត្ដមប្រឹក្សាសម្ដេចសង្ឃរាជ គឺជាការតែងតាំងខុសមនុស្ស និងធ្វើឱ្យខូចតម្លៃព្រះពុទ្ធសាសនា ដោយលោកកត់សម្គាល់ថា លោក ហ៊ីង ប៊ុនហៀង មិនមែនជាអ្នកប្រតិបត្តិតាមពាក្យទូន្មាន ប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានោះទេ ប៉ុន្តែ ជាមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងអំពើមិនសុចរិតគ្មានសីលធម៌ គ្មានគុណធម៌ និងក្អេងក្អាងដោយការប្រើហិង្សា រហូតល្បីឈ្មោះអាក្រក់ដល់អន្តរជាតិ ហើយជាពិសេស មិនទាន់ឃើញកែខ្លួននៅឡើយ។
លោក ម៉ែន ណាត៖ «តាំងចិត្តប្រតិបត្តិបានទទួលយកចុះ តែសូមឱ្យធ្វើសេចក្ដីប្រកាសជាឱឡារិកថា សុំខមាទោសអហោសិកម្មរឿងទាំងឡាយណាទាំងពួង ទាំងឡាយ ដែលគាត់ធ្លាប់ធ្វើខុសឆ្គងកន្លងទៅហ្នឹង។ មួយទៀត បើគាត់ដើរលើវិស័យហ្នឹង គាត់ត្រូវតែដើរលើផ្លូវត្រូវហ្នឹងឱ្យបានទៀងទាត់ទៅ ដើម្បីជាប្រយោជន៍ដល់មនុស្សដទៃ ។ ប៉ុន្តែយើងមិនជឿ យើងនៅតែមិនជឿមនុស្ស ដែលដូច ហ៊ីង ប៊ុនហៀង អាចក្លាយជាមនុស្ស ដែលប្រតិបត្តិអីត្រឹមត្រូវទេ យើងអត់ជឿទេ ទោះបីជាយើងតម្រង់ទិសក៏ដោយ ក្នុងចិត្តយើងនៅតែគិតថា គាត់មិនជាបុគ្គលប្រសើរក្នុងការប្រតិបត្តិ»។
បច្ចុប្បន្ន លោក ហ៊ីង ប៊ុនហៀង កំពុងឱ្យកាន់តួនាទីសំខាន់ៗ កាន់តែច្រើន ក្នុងជួរកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលលោក ហ៊ុន សែន បន្តដល់លោក ហ៊ុន ម៉ាណែត ព្រមទាំងតួនាទីគន្លឹះក្នុងជួរគណបក្សប្រជាជនកម្ពុជាផង។
នៅក្នុងគណបក្សប្រជាជនកម្ពុជា លោក ហ៊ីង ប៊ុនហៀង គឺជាប្រធាន គណៈកម្មាធិការគណបក្ស នៃខុទ្ទកាល័យលោក ហ៊ុន សែន បន្ថែមលើការងារជានាយករងខុទ្ទកាល័យប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងក្របខ័ណ្ឌកម្លាំងប្រដាប់អាវុធ លោក ហ៊ីង ប៊ុនហៀង នៅតែជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សនាយករដ្ឋមន្ត្រី ដែលមានអំណាចលប់លើមេបញ្ជាការកងទ័ពផ្សេងៗ ទៀត។
ក្រៅពីនេះ លោក ហ៊ីង ប៊ុនហៀង តែងតែចេញមុខប្រកាសគំរាម ទប់ស្កាត់ការតវ៉ានានា របស់ប្រជាពលរដ្ឋ ដែលមានមតិផ្ទុយ ឬមានបំណង ចេញមុខតវ៉ាប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន៕
1 comment:
Keep going Ah Sen. This is a precursor sign that Ah Hun Sen is about to leave this world.
Post a Comment