Friday 26 April 2024

អ្នកឃ្លាំមើល​ធនធាន​ធម្មជាតិ​ថា ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​មាន​អាថ៌កំបាំង​ច្រើន ដែល​ត្រូវ​ស៊ើបអង្កេត


ដោយ ខាន់ លក្ខិណា
2024.04.25

អ្នកឃ្លាំមើល​ធនធាន​ធម្មជាតិ​ថា ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​មាន​អាថ៌កំបាំង​ច្រើន ដែល​ត្រូវ​ស៊ើបអង្កេត 
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
Screenshot ពីវីដេអូ​ឯកសារ I am Chut Wutty

សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​បរិស្ថាន​លើកឡើង​ថា ករណី​ឃាតកម្ម​លើ​អ្នកការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី នៅ​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ជាច្រើន​ទៀត ដែល​តុលាការ​និង​រដ្ឋាភិបាល គួរ​បន្ត​ស៊ើបអង្កេត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត និង​ឃាតក​ពិត​យក​ទៅ​ផ្ដន្ទាទោស។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល និង​តុលាការ​អះអាង​ថា សំណុំរឿង​ឃាតកម្ម​នេះ ត្រូវ​បាន​បិទ​បញ្ចប់​តាម​នីតិវិធី​រួច​ហើយ។

អ្នកការពារ​ព្រៃឈើ​ដ៏​ល្បីល្បាញ​លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២ ពេល​លោក​ចុះ​ស៊ើបអង្កេត​និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃឈើ​ខុសច្បាប់ នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ជាមួយ​អ្នកកាសែត​ពីរ​រូប​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily)

កន្លង​មក តុលាការ​ខេត្ត​កោះកុង​បាន​បិទ​ការស៊ើបអង្កេត​ទៅលើ​សំណុំ​រឿង​នេះ ដោយ​កាត់ទោស​ឱ្យ​យុវជន​ម្នាក់ ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់គុក ២​ឆ្នាំ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​លើ​មន្ត្រី កងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា ដែល​តុលាការ​ខេត្ត​កោះកុង បាន​វិនិច្ឆ័យ​ថា ជា​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី។

 

មក​ដល់​ពេល​នេះ ទោះបីជា​សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ត្រូវ​បាន​បិទ​បញ្ចប់​រួចហើយ​ក៏ដោយ ប៉ុន្តែ​ការ​បិទ​បញ្ចប់​បែបនេះ ធ្វើ​ឱ្យ​មាន​ការ​មើលឃើញ ផ្សេងគ្នា រវាង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន​ព្រៃឈើ ព្រមទាំង សមាជិកគ្រួសារ​ជនរងគ្រោះ អំពី​ដំណើរការ​ស្វែងរក​យុត្តិធម៌។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត កត់សម្គាល់​ករណីនេះ ថា តាំង​ពី​ដើម​មក មាន​ភាព​មិន​ប្រក្រតី​មួយចំនួន នៅ​ក្នុង​ការស៊ើបអង្កេត​បឋម ហើយ​ការផ្លាស់ប្ដូរ​អង្គហេតុ ដែល​មាន​ការ​លើកឡើង​ជា​បន្តបន្ទាប់ ក៏​នៅ​មាន​មន្ទិល​ជាច្រើន​។​

លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ សម្រាប់​លោក ឈុត វុទ្ធី នៅ​ឡើយ​ទេ ហើយ​លោក​ទទូច​ឱ្យ​មាន​ការស៊ើបអង្កេត​បន្ត​ទៀត។

លោក អំ សំអាត៖ «ដើម្បី​រក​ឱ្យ​ឃើញ​ពិត​ប្រាកដ​ថា ជន​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ ត្រូវ​បាន​ធានា​ថា យក​ទៅ​អនុវត្ត​តាមផ្លូវ​ច្បាប់​ដើម្បី​ជា​យុត្តិធម៌​នៅក្នុង​សង្គម​ក៏​ជា​ការ​លើកកម្ពស់​ការ​ផ្ដល់​តម្លៃ ប្រសិទ្ធ​នាម ដែល​គេ​ឱ្យទៅ​លោក ឈុត វុទ្ធី ថា វីរៈ​ការពារ​បរិស្ថាន និង​ព្រៃឈើ»

ឆ្លើយតប​នឹង​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែមេសា អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កោះកុង លោក អ៊ួច ជ្រិន ប្រាប់​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​ពេល​នេះ គួរ​ទៅ​សួរ​ខាង​អយ្យការ ដែល​ជា​អ្នកស៊ើប​អង្កេត។

លោក អ៊ួច ជ្រិន៖ «រឿង​ហ្នឹង​ចំណាត់ការ​នៅ​តុលាការ​ខេត្ត​កោះកុង ចប់​សព្វគ្រប់​អស់​ហើយ​។ សួរ​ទៅ​ដំណាក់កាល​ខាង​អយ្យការ​វិញ ព្រោះ​អយ្យការ​គេ​ជា​អ្នក​អង្កេត»

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​កោះកុង លោក វ៉ៃ ភីរម្យ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

យ៉ាងណា អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ អះអាង​ថា រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ឱ្យធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ នៅ​ទីតាំង​កើតហេតុ ដើម្បី​ប្រមូល​ភស្តុតាង ហើយ​តុលាការ​បាន​ចាត់ការ​តាម​នីតិវិធី​រហូតដល់ តុលាការ​បើក​សវនាការ​ជា​បន្តបន្ទាប់ កាត់ទោស​ជន​ដៃដល់​ម្នាក់ ដែល​ជា​កង​កម្លាំង។

លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទាំងនេះ គឺជា​ការ​គិតគូរ​របស់​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ការពិត និង​ផ្ដល់​នូវ​យុត្តិធម៌ ហើយ​តុលាការ​បាន​ចាត់ការ​តាម​នីតិវិធី​។ លោក​ថា ដើម្បី​អាច​ប្ដឹង​សើរើ​ករណីនេះ​បាន លុះត្រា​តែ​មាន​ភស្តុតាង​ថ្មី ទៅ​បង្ហាញ​តុលាការ ព្រោះ​សំណុំ​រឿង​នេះ នៅក្នុង​សមត្ថកិច្ច​របស់​តុលាការ។

លោក ទូច សុឃៈ៖ «ចំពោះ​បងប្អូន ដែល​មិន​ទទួលស្គាល់ វា​គឺជា​រឿង​បងប្អូន​របស់ បងប្អូន ដែល​មិន​ទទួលស្គាល់ ខ្ញុំ​មិន​អាច​ហាមឃាត់​បានទេ ប៉ុន្តែ​សូម​ឱ្យ​មាន​សុចរិត​ភាព ទី​២ ត្រូវ​ទឡ្ហីករណ៍​ផ្នែក​ផ្លូវច្បាប់ ពោល​គឺ​ភស្តុតាង​ថ្មី ដែល​អាច​បញ្ជាក់​ថា ការ​កាត់សេចក្ដី គឺ​មាន​យុត្តិធម៌ ឬ​មាន​សាក្សី ឬ​រក​ឃើញ​ជន​ដៃដល់​ណា ដែល​អាច​យក​បង្ហាញ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ធ្វើ​បណ្ដឹង​សើរើ»

អ្នកស្រាវជ្រាវ​និង​ឃ្លាំមើល​ធនធាន​ធម្មជាតិ លោក សេង សុខហេង មិនទាន់​ជឿ​ថា មាន​យុត្តិធម៌​ទេ ហើយ​ចង់ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើការ​ស៊ើបអង្កេត និង​សើរើ​ឡើងវិញ ដើម្បី​យក​អ្នក​ពាក់ព័ន្ធ និង​ឃាតក​ពិត​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អង្គហេតុ​នៃ​សំណុំ​រឿង​នេះ ហាក់ដូចជា​មិន​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មិន​បាន​បញ្ចេញ​ព័ត៌មាន​ឱ្យ​ទូលំទូលាយ និង​មាន​ភាព​តក់ក្រហល់។

លោក សេង សុខហេង៖ «វា​មាន​រឿងរ៉ាវ​ដ៏​អាថ៌កំបាំង នៅ​ពី​ក្រោយខ្នង ជាច្រើន​ទៀត តុលាការ​ឬ​រដ្ឋាភិបាល​គួរ​ធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​យុត្តិធម៌ លោក ឈុត វុទ្ធី ជាពិសេស​ក្រុម​គ្រួសារ​របស់​គាត់​ហ្នឹង»

របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​ខេត្តកោះកុង បង្ហាញ​ថា ឃាតក​បាញ់​សម្លាប់ លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ហើយ​នៅ​ក្រោយ​បាញ់សម្លាប់​លោក ឈុត វុទ្ធី រួច​ហើយ ឈ្មោះ អ៊ិន រតនា ក៏បាន​បាញ់​សម្លាប់​ខ្លួន ឯង​ចំនួន ២​គ្រាប់។

របាយការណ៍​នេះ មិន​ស៊ីសង្វាក់​គ្នា​ជាមួយ​អង្គហេតុ ក្នុង​សាលក្រម​របស់​តុលាការ ខេត្តកោះកុង ដែល​ចេញ​នៅ​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១២ ឡើយ​។ តុលាការខេត្ត​នេះ រក​ឃើញ​បុរស​ម្នាក់ទៀត គឺ​លោក រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ ២​ឆ្នាំ។

តុលាការ​ខេត្ត​កោះកុង ថា លោក រ៉ាន់ បូរ័ត្ន ជា​អ្នក​កេះកៃ​កាំភ្លើង បាញ់​សម្លាប់​ប៉េអិម ឈ្មោះ អ៊ិន រតនា ដោយ​អចេតនា ក្រោយ​លោក អ៊ិន រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។ សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន លោក រ៉ាន់ បូរ័ត្ន ត្រូវ​បាន​តុលាការ​តម្រូវ​ឱ្យ​ជាប់គុក​តែ ៦​ខែ ប៉ុណ្ណោះ រួច​ដោះលែង​ឱ្យ​មាន​សេរីភាព​នៅ​ថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ហើយ​ព្យួរទោស​ដែល​នៅ​សេសសល់។

ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន នេះ ទទួល​បាន​សិទ្ធិ​កាប់​ព្រៃ​សម្អាត​បាត​អាង ដើម្បី​ធ្វើ​ទំនប់ វារីអគ្គិសនី​តាតៃ នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ មាន​ការ​ចុះផ្សាយ​ពី​បណ្ដាញ​ព័ត៌មាន​ខ្លះ​ថា ក្រុមហ៊ុន​នេះ ជា​របស់​ឧកញ៉ា ទ្រី ភាព។ ប៉ុន្តែ​មាន​របាយការណ៍​ខ្លះ​ថា ក្រុមហ៊ុន​នេះ ជា​របស់​អ្នកស្រី ខៀវ សស៊ីលាភ និង​មន្ត្រី​យោធា​ឈ្មោះ ហួរ ហាប់។ តែបើ​ទោះបីជា​ក្រុមហ៊ុន​នេះ ជា​របស់​អ្នកណា​ក្នុងចំណោម​អ្នក​ទាំងបី ក៏ដោយ ក៏​បុគ្គល​ទាំងនេះ សុទ្ធតែ​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន។

កូនប្រុស​របស់់​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៣ ខែ​មេសា​ថា លោក​ពុំ​មាន​សង្ឃឹម​នឹង​មាន​យុត្តិធម៌ សម្រាប់​ឪពុក​របស់​លោក​ឡើយ លុះត្រាតែ​មានការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា ទៅ​កាន់​ប្រជាធិបតេយ្យ​នៅ​ថ្ងៃក្រោយ។

លោក​ថា អយុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី គឺ​ជា​ការឈឺចាប់​របស់​លោក​ជា​កូន ក្រុម​គ្រួសារ​លោក ពលរដ្ឋ​សហគមន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។

លោក ឆឺយ ឧត្ដមរស្មី៖ «យើង​សម្លឹង​ឃើញ​ទៅ​ការ​រកស៊ី កាប់​ព្រៃឈើ​និង​ជួញដូរ ព្រៃឈើ​ខុសច្បាប់​នៅ​ប្រទេស​កម្ពុជា​សុទ្ធសឹងតែ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សែស្រឡាយ​របស់​រដ្ឋាភិបាល និង​ជាប់សែស្រឡាយ​លោកនាយក​រដ្ឋមន្ត្រី​តែម្ដង​។ ខ្ញុំ​គិតថា ការ​វែកមុខ​រក​អ្នក​ដែល​បញ្ជា​ឱ្យ​សម្លាប់ គឺ​វា​មានការ​លំបាក​ណាស់ ពីព្រោះ​អ្នក​ទាំងអស់​នោះ វា​ទាក់ទង​ជាមួយនឹង​រាជរដ្ឋាភិបាល​ជិតស្និទ្ធ»

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​មេសា ថា រដ្ឋាភិបាល​នឹង​រង​ការ​ចោទប្រកាន់​អំពី​អសមត្ថភាព​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ធ្វើ​ឱ្យ​មហាជន​បាត់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​និង​តុលាការ។

លោក​បាន​ហៅ លោក ឈុត វុទ្ធី ថា ជា​អ្នកស្នេហាជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​គាត់ និង​ក្រុម​គ្រួសារ​។ លោក​លើក​ហេតុផល​ថា លោក ឈុត វុទ្ធី បាន​លះបង់​ពេលវេលា និង​ធ្វើ​ពលិកម្ម​ខ្ពស់​ណាស់ ក្នុង​ការ​ការពារ​ព្រៃឈើ ដែល​ជា​ប្រយោជន៍​ជាតិខ្មែរ និង​ប្រឹងប្រែង​ផ្សព្វផ្សាយ​រដ្ឋធម្មនុញ្ញ ច្បាប់​ភូមិបាល និង​ច្បាប់​ការពារព្រៃឈើ ឱ្យ​ប្រជាពលរដ្ឋ​សហគមន៍​យល់ដឹង។

លោក ហឿន សុភាព បាន​រំឭក​អនុស្សាវរីយ៍​ជាច្រើន អំពី​សកម្មភាព​របស់​លោក ឈុត វុទ្ធី ថា លោក​មិនដែល​ខ្លាច​ញញើត​នឹង​ហានិភ័យ នៃ​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​លោក​ទេ។

លោក ហឿន សុភាព៖ «ក៏​មាន​រឿងរ៉ាវ​ជាច្រើន ករណី​មែនទែន ដែល​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​គាត់​មុននឹង​គាត់​ស្លាប់​ហ្នឹង​។ នៅក្នុង​រឿង​នោះ គឺ​ខ្ញុំ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក ឈុត វុទ្ធី ដូចជា សមត្ថកិច្ច អាជ្ញាធរ​មួយចំនួន គឺ​ហៅ​កោះ​អញ្ជើញ​គាត់​ទៅ សាកសួរ រឿង​ករណី​នៃ​ការ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​សាកសួរ​ពី​រឿង​ដំណើរ នៅក្នុង​ទស្សនកិច្ច​សិក្សា ឬ​លោក ឈុត វុទ្ធី សកម្មជន​ដ៏​សកម្ម ជួយ​ផ្សព្វផ្សាយ​ពី​រដ្ឋធម្មនុញ្ញ ជាពិសេស​ច្បាប់​ព្រៃឈើ ភូមិបាល​មួយចំនួន»

សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជាច្រើន​រូប បាន​រង​ការ​យាយី​គ្រប់​រូបភាព ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ ការ​ចាប់​ដាក់​ពន្ធនាគារ រហូត​ដល់​មាន​ករណី​បាញ់​សម្លាប់ ជាក់ស្ដែង​ដូចជា​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​លោក​បណ្ឌិត កែម ឡី ជាដើម។

អ្នក​ទាំងអស់​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ភាគច្រើន​ទទួលស្គាល់​ថា គឺជា​វីរជន ដែល​ធ្វើ​ការងារ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ដើម្បី​យុត្តិធម៌​សង្គម ប៉ុន្តែ​ការវិនិច្ឆ័យ លើ​ឃាតកម្ម​សម្លាប់​ពួកគាត់ តែងតែ​ធ្វើ​ឱ្យ​មហាជន​រិះគន់​ខ្លាំងៗ​ថា អយុត្តិធម៌ និង​មិនអាច​ទទួល​យក​បាន ដោយសារ​ការស៊ើបអង្កេត​ខ្វះ​តម្លាភាព និង​គ្មាន​ឆន្ទៈ​ស្វែងរក​ជ

No comments: