ដោយ យន់ សាមៀន
2024.04.27
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្លែងក្នុងកម្មវិធីជាមួយឧកញ៉ា កាលពីថ្ងៃទី២៦ មេសា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកឃ្លាំមើល និងគណបក្សប្រឆាំង លើកឡើងថា កត្តាដែលធ្វើឱ្យលោក ហ៊ុន សែន ហ៊ានចេញមុខប្រតិកម្មខ្លាំងៗ ចំពោះវៀតណាម ដែលរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារមានចិន ជួយជ្រោមជ្រែងនៅពីក្រោយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញមុខប្រតិកម្មចំពោះ វៀតណាម ដែលបានរិះគន់ លើគម្រោងព្រែកជីកហ្វូណន ម្ដងហើយម្ដងទៀត។
មន្ត្រីគណបក្សប្រឆាំង លើកឡើងថា ការចេញមុខប្រតិកម្មនឹងវៀតណាម ពីសំណាក់ លោក ហ៊ុន សែន នៅពេលនេះ អាចជាការបង្ហាញពីការផ្លាស់ប្ដូរគោលជំហរ នយោបាយរបស់គណបក្សកាន់អំណាច។
លោក អ៊ំ សំអាន អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែមេសា ថា មូលហេតុដែលធ្វើឱ្យលោក ហ៊ុន សែន មានសេចក្ដីក្លាហាន ហ៊ានចេញមុខប្រឆាំងនឹងវៀតណាម ដែលជាអតីតចៅហ្វាយនាយរបស់លោកដូច្នេះ ទំនងដោយសារ ការជួយជ្រោមជ្រែងអំណាច ពីប្រទេសចិន។ ម្យ៉ាងទៀត លោក ហ៊ុន សែន អាចចង់ ស្ដារប្រជាប្រិយភាព ពីមហាជនជុំវិញរឿងរណបវៀតណាម។
លោក អ៊ំ សំអាន៖ «បើសិនជាលោក ហ៊ុន សែន មានឆន្ទៈហ៊ានប្រឆាំងវៀតណាមមែន ខ្ញុំគាំទ្រគាត់ ១០០ភាគរយតែម្ដង ប៉ុន្តែមិនមែនមានន័យថា ខ្ញុំចុះចូលជាមួយគណបក្សប្រជាជននោះទេ ប៉ុន្តែក្នុងនាមជាអ្នកស្នេហាជាតិម្នាក់ យើងគាំទ្រ លោក ហ៊ុន សែន ដែលហ៊ានប្រឆាំងវៀតណាម។ ក៏ប៉ុន្តែ ខ្ញុំខ្លាចថា ជានយោបាយប្រជាភិថុតិរបស់គាត់។ ដូចកាលឆ្នាំ២០០៨ អ៊ីចឹង គាត់ធ្លាក់ប្រជាប្រិយភាព អ៊ីចឹងគាត់ធ្វើប្រឆាំងជាមួយថៃ ជុំវិញប្រាសាទព្រះវិហារ»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះធ្វើឡើង បន្ទាប់ពីការថ្លែងរបស់ឪពុកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ដោយលើកឡើងថា គម្រោងព្រែកជីកហ្វូណន មិនបានប្រើប្រាស់ទឹកទន្លេមេគង្គទាំងមូលឡើយ ពោលកម្ពុជា ប្រើប្រាស់តែដៃ នៃទន្លេមេគង្គ។ លោក ហ៊ុន សែន បញ្ជាក់ថា ព្រែកជីកហ្វូណន នឹងធ្វើឱ្យកម្ពុជា មានច្រមុះដកដង្ហើម ផ្នែកដឹកជញ្ជូនផ្លូវទឹក និងធ្វើឱ្យទំនិញរបស់កម្ពុជា មួយចំនួន មិនបាច់បង់ថ្លៃបន្ថែម និងឆ្លងកាត់តាមវៀតណាម ទៀតឡើយ។ លោកថា លោកនឹងមិនចរចាជាមួយភាគីណាមួយទៀតឡើយ ជាពិសេសនឹងវៀតណាម ដើម្បីផលប្រយោជន៍កម្ពុជា។
លោក ហ៊ុន សែន៖ «ខ្ញុំសូមនិយាយទៅកាន់វៀតណាម ឱ្យត្រង់ហ្មង! ហើយមេដឹកនាំវៀតណាមកុំនិយាយថា ហេតុអ្វីបានលោក ហ៊ុន សែន ឯងមិននិយាយជាមួយអ្នកដឹកនាំ? ចាំបាច់និយាយចំហ? មកពីថ្នាក់ដឹកនាំវៀតណាម មិនព្រមប្រាប់អាអ្នកខាងក្រោម ថាកុំនិយាយ ទុកនិយាយនៅថ្នាក់លើ ទុកឱ្យថ្នាក់ក្រោមវាយប្រហារកម្ពុជា ខ្ញុំនិយាយដោយត្រង់ បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំង ដឹកចេញតាមទន្លេមេគង្គអត់រួចទេ។ កម្ពុជាមិនល្ងង់ជាងវៀតណាមទេ សុំបញ្ជាក់»។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ថ្លែងទៀតថា ប្រសិនបើកម្ពុជា មិនអាចរកទុនពីបរទេសគ្រប់គ្រាន់មកវិនិយោគជីកព្រែកនេះ ក៏កម្ពុជាត្រូវរកទុនក្នុងស្រុក តាមរយៈក្រុមឧកញ៉ា ដែលជាអ្នកមានធនធាន យកមកកសាងព្រែកជីកនេះ។
ទោះជាយ៉ាងណា អត្ថបទស្រាវជ្រាវមួយ របស់វិទ្យាស្ថានអភិវឌ្ឍការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) របស់វៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណន មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីកនេះ ថែមទាំងមានតម្លៃចម្បង បម្រើឱ្យវិស័យយោធារបស់ចិន ស្របពេលដែលចិន កំពុងអភិវឌ្ឍកំពង់ផែកងទ័ពជើងទឹករាម នៅកម្ពុជាស្រាប់។
ទាក់ទងនឹងគម្រោងព្រែកជីកដ៏ចម្រូងចម្រាសនេះ សហរដ្ឋអាមេរិក ក៏បានលើកឡើងពីកង្វល់ ថា ព្រែកជីកនេះអាចជួយសម្រួលឱ្យមានវត្តមានយោធាចិន ចូលក្នុងទឹកដីកម្ពុជា កាន់តែជ្រៅតាមឈូងសមុទ្រថៃ។ ក្នុងនោះ សហរដ្ឋអាមេរិក បានជំរុញឱ្យកម្ពុជា បង្ហាញតម្លាភាព និងធ្វើការឱ្យបានដិតដល់ ជាមួយគណៈកម្មការទន្លេមេគង្គ ជុំវិញរឿងរ៉ាវសាងសង់ព្រែកជីកហ្វូណននេះ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា សំណើវៀតណាម នឹងឱ្យផ្អាកព្រែកជីកនេះ នឹងមិនទទួលបានជោគជ័យនោះទេ ដោយសារកម្ពុជា បានរាយការណ៍ទៅគណៈកម្មការទន្លេមេគង្គ(MRC) រួចរាល់ហើយ ហើយក៏មិនឃើញមានប្រតិកម្មពីប្រទេសណាមួយ ក្រៅតែពីវៀតណាម។
លោក សេង វណ្ណលី៖ «ទោះជាយ៉ាងណា យើងមិនត្រូវធ្វេសប្រហែសទៅលើប្រតិកម្មរបស់វៀតណាមដែរ។ ហើយយើងឃើញថា នៅពេលដែលស្ថាប័នស្រាវជ្រាវ ដែលគាំទ្រដោយរដ្ឋាភិបាលវៀតណាម បានចេញរបាយការណ៍របស់ខ្លួន ឃើញថាព័ត៌មានចាប់ផ្ដើមរីកសាយភាយ ហើយមានប្រតិកម្មពីមជ្ឈដ្ឋានតំបន់ និងអន្តរជាតិជាច្រើន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន រហូតដល់គេផ្សារភ្ជាប់ថាជា ផែនការយុទ្ធសាស្ត្រមួយ ដែលស្ថិតក្នុង Secret Deal ដែលជាកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជា ជាមួយចិន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករៀម»។
ព្រែកជីកហ្វូណន មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីដៃទន្លេមេគង្គខាងត្បូងរាជធានីភ្នំពេញ កាត់តាមខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។ ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណជាង ៥ម៉ែត្រ។
កម្ពុជាគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់គម្រោងព្រែកជីកហ្វូណន នេះ ក្រោមកិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និងផ្ទេរ ក្នុងរយៈពេល ៥០ឆ្នាំ ដោយចំណាយថវិកាចំនួន ១ពាន់ ៧រយលានដុល្លារ និងគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងបញ្ចប់ត្រឹមឆ្នាំ២០២៨៕
No comments:
Post a Comment