2024.05.01
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានសម្រេចឃុំខ្លួនអនុប្រធាន គណៈកម្មាធិការប្រតិបត្តិ និងជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម របស់គណបក្សភ្លើងទៀនលោក គង់ ថារ៉េត នៅពន្ធនាគារបណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ។ ការសម្រេចនេះ បន្ទាប់ពីសមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនលោក គង់ ថារ៉េត នៅថ្ងៃទី២៨ មេសា ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឱ្យដឹងថា ការចាប់ខ្លួនលោក គង់ ថារ៉េត គឺធ្វើឡើងតាមបណ្ដឹងរបស់ឈ្មោះ ញ៉ែម សុខជា និង ឈ្មោះ ហៀក លាងសេង។
តុលាការថា បុគ្គលទាំងពីរ បានចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនខេត្តកំពង់ចាម លោក គង់ ថារ៉េត ជាអ្នកក្លែងស្នាមមេដៃរបស់ពួកគេ និងដាក់ ឈ្មោះរបស់ពួកគេ ឈរជាបេក្ខជនបម្រុងលេខរៀងទី១១ និងលេខរៀងទី១៣ សម្រាប់បោះឆ្នោតក្រុមប្រឹក្សា ក្រុងកំពង់ចាម សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤។
ក្រោយពីធ្វើការសាកសួរ តំណាងអយ្យការចោទប្រកាន់ លោក គង់ ថារ៉េត ពីបទ «ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តល់សេចក្ដីប្រកាសដោយភូតកុហក» ដែលប្រព្រឹត្តនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ និងបានបញ្ជូន សំណុំរឿងទៅចៅក្រមស៊ើបសួរ។
បន្ទាប់ពីទទួលបានសំណុំរឿងពីតំណាងអយ្យការនៅថ្ងៃទី៣០ ខែមេសា ចៅក្រម ស៊ើបសួរ បានសម្រេចឃុំខ្លួនលោក គង់ ថារ៉េត នៅពន្ធនាគារបណ្ដោះអាសន្ន។
ជុំវិញរឿងនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សេង រិទ្ធី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមេសា ថា លោកជាប់រវល់សវនាការ មិនអាចឆ្លើយបាន។
គណបក្សភ្លើងទៀន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដោះលែងសកម្មជន ទាំងអស់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រមទាំងបញ្ឈប់ការគំរាមកំហែង និងការ ធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាពមកលើគណបក្ស និងសកម្មជនរបស់គណបក្ស ភ្លើងទៀនបន្តទៀត
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា មុនការបោះឆ្នោតជាតិ បោះឆ្នោតព្រឹទ្ធសភា និងក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយរយៈពេលចុងក្រោយនេះ មានការ ចាប់ខ្លួនសកម្មជននយោបាយជាច្រើន ដោយចោទពាក់ព័ន្ធនឹងករណីក្លែងឯកសារការប្រើប្រាស់ឯកសារក្លែង និងការផ្តល់សក្ខីកម្មដោយភូតកុហកជាដើម។
លោកបន្តថា ការចាប់ខ្លួនសកម្មជននយោបាយនេះ គឺទាក់ទងនឹងការចុះឈ្មោះ បេក្ខជនបោះឆ្នោត ដែលនាំឱ្យមានការរិះគន់ច្រើន ពីសហគមន៍អន្តរជាតិ អំពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការបំភិតបំភ័យ ដែលធ្វើឱ្យបរិយាកាសមិនល្អ ប្រសើរ នៅមុនការបោះឆ្នោត។
លោក អំ សំអាត៖ «យើងឃើញហើយរបាយការណ៍របស់អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិ។ ថ្មីៗ នេះ យើងឃើញរបាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចជា សេចក្ដីថ្លែងការណ៍អ្នកជំនាញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលគេនិយាយពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង នៅក្នុងការចាប់ខ្លួនទៅលើសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្សនិងសកម្មជនបរិស្ថានជាដើម»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ លើកឡើងថា ចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៣០ ខែមេសានេះ មានសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ១៤នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ។
ក្រុមអង្គការជាតិ អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ គឺជារឿងនយោបាយ ពោលគឺ រដ្ឋាភិបាលរបស់បក្សកាន់អំណាច យកប្រព័ន្ធតុលាការធ្វើជាអាវុធ ដើម្បីគំរាមកំហែង និងបង្ក្រាបលើសំឡេងប្រឆាំង ហើយទាមទារឱ្យដោះលែងពួកគេវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
No comments:
Post a Comment