Thursday 2 May 2024

ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ជា​មន្ត្រី​ជំនិត​លោក ហេង ស


ដោយ ជីវិតា
2024.05.02

ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ជា​មន្ត្រី​ជំនិត​លោក ហេង សួរ  
 
(ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​​អគ្គនាយកក្រុមហ៊ុន ហ្វាទីណា មេនផៅវើ លោក ម៉ាន តើ​រ៉​មី​ហ្សី (Man Teramizy) និងជាអនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ។
រូប៖ ហ្វេសប៊ុក​លោក ម៉ាន តើ​រ៉​មី​ហ្សី

ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) ឬ​មេខ្យល់​ដែល​បញ្ជូន​ក្រុម​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត (Saudi Arabia) គឺជា​មន្ត្រី​ជំនិត​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ និង​ទើបតែ​ត្រូវ​បានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​។ ក្រុម​ពលករ​ចោទ​ក្រុមហ៊ុន​មួយ​នេះ​ថា អនុវត្ត​ខុសពី​កិច្ចសន្យា​ការងារ និង​គ្មាន​ទំនួល​ខុសត្រូវ ដែល​ធ្វើ​ឱ្យ​ថៅកែ​ក្នុង​ប្រទេស អារ៉ាប៊ី សាអូឌីត បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​ច្រើន​ម៉ោង មិន​ផ្ដល់​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​បង្ខាំង​ក្រុម​ពលករ​ក្នុង​បន្ទប់ ពេល​ពួកគាត់​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​ថៅកែ​គោរព​សិទ្ធ​កម្មករ។

ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​អារ៉ាប៊ី សា​អូឌីត កំពុង​រៀបចំ​ឯកសារ​ប្ដឹង​ក្រុម​ពលករ​ទៅ​តុលាការ ដោយ​មិនទាន់​អនុញ្ញាត​ឱ្យ​ក្រុម​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ​។ ចំណែក ក្រុម​ពលករ​ចំនួន ៣៥​នាក់​ដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ី សាអូឌីត ជម្លៀស​ចេញពី​កន្លែង​បង្ខាំង ក៏​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​សណ្ឋាគារ​ទៀត​ដែរ​។ ក្រុមហ៊ុន​បាន​ជម្លៀស​ក្រុម​ពលករ​ឱ្យ​ស្នាក់នៅ​ផ្ទះ​ជួល​វិញ ដើម្បី​ត្រៀម​ឡើង​តុលាការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ក្នុង​ពេល​ឆាប់ៗ​នេះ។

 

ក្រុម​ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ហេតុផល​ដែល​ក្រុមហ៊ុន​ប្ដឹង​ពលករ ដោយសារតែ​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ និង​ក្រុមហ៊ុន​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ចង់បាន​ភាព​ស្អាតស្អំ អំពី​រឿងរ៉ាវ​ដែល​ក្រុម​ពលករ​អះអាង​ថា រង​ការ​បង្ខាំង ហើយ​ថៅកែ​ពុំបាន​ផ្ដល់​បាយទឹក​ឱ្យ​ហូប​គ្រប់គ្រាន់​។ ក្រុម​ពលករ​បញ្ជាក់​ថា ប្រសិនបើ​ឡើង​តុលាការ​ក្នុង​ប្រទេស​អារ៉ាប់ ពួកគាត់​នឹង​និយាយ​អ្វី​ដែល​ជា​ការពិត និង​បញ្ហា​ដែល​បាន​ជួប​នា​ពេល​កន្លង​មក។

ក្រុមហ៊ុន​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត មាន​ក្រុមហ៊ុន ប៊ីអេប៊ី (BAB) និង​ក្រុមហ៊ុន សារ៉ាកូ (Saraco)​។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំងនេះ ទទួល​ក្រុម​ពលករ​ពី​ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ ដើម្បី​នាំ​យក​ពលករ​ខ្មែរ​ភាគច្រើន​ជា​ស្ត្រី​បញ្ជូន​ទៅ​ធ្វើ​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​អ្នក​មានៗ មហាសេដ្ឋី និង​នៅ​តាម​ខុនដូ (Condo) សណ្ឋាគារ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ក្រុម​ពលករ​ចោទ​ក្រុមហ៊ុន​ទាំងនេះ​ថា បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ជា​ស្ត្រី​ធ្វើការ​ច្រើន​ម៉ោង មិន​គោរព​សិទ្ធិ​កម្មករ​ខ្មែរ និង​ពុំបាន​ផ្ដល់​អាហារ​ឱ្យ​ពលករ​បាន​ហូប​គ្រប់គ្រាន់​ទេ។

អគ្គនាយក​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ គឺ​លោក ម៉ាន តើរ៉មីហ្សី (Man Teramizy) ដែល​ជា​កូនកាត់​អារ៉ាប៊ី សាអូឌីត និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី ស្វាយ សុគន្ធារី។ លោក ម៉ាន តើរ៉មីហ្សី មាន​ងារ​ជា​ឯកឧត្តម ហើយក៏​ជា​មន្ត្រី​ជំនិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ។ លោក ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ក្រុមហ៊ុន​របស់​លោក​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ ដើម្បី​ឱ្យ​ក្រសួង​ទទួលស្គាល់​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន (Japan) និង​ប្រទេស​អារ៉ាប៊ី សាអូឌីត (Saudi Arabia) កាលពី​ឆ្នាំ​២០១៧។

លោក ម៉ាន តើរ៉មីហ្សី ជា​មន្ត្រី​ជំនិត​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ ព្រមទាំង​មានមុខ​តំណែង​ខ្ពស់​ក្នុង​ក្រសួង​ផ្ទាល់​បែប​នេះ​ហើយ ក្រុម​ពលករ​ថា ទើប​ក្រសួង និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ព្រមាន​ក្រុម​ពលករ​មិន​ឱ្យ​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​ថៅកែ​បង្ខាំង និង​បង្អត់​បាយទឹក​ពលករ​ខ្មែរ ព្រោះ​ខ្លាច​ប៉ះពាល់​មុខមាត់​ក្រុមហ៊ុន និង​ក្រសួង​ការងារ។

ក្រុម​ពលករ​បញ្ជាក់​ថា ក្នុង​លិខិត​កិច្ចសន្យាការងារ ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ របស់​លោក ម៉ាន តើរ៉មីហ្សី ធានា​ថា ការងារ​ផ្នែក​អនាម័យ​នៅក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ធ្វើការ​មួយថ្ងៃ​តែ ៨​ម៉ោង​តែ​ណ្ណោះ​។ ចំណែក ក្នុង​លិខិត​កិច្ចព្រមព្រៀង​ការងារ ក្រុមហ៊ុន​មួយ​នេះ​ធានា​ថា ពេល​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុង​ប្រទេស​នោះ ដោយ​ធានា​ប្រាក់ខែ​គោល ៤​រយ​ដុល្លារ (៤០០​ដុល្លារ​) ក្នុង​មួយ​ខែ​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​ធានា​លើ​ការ​ចំណាយ​រាល់​លិខិតឆ្លងដែន ទិដ្ឋាការ​ធ្វើ​ការ ថ្លៃ​សំបុត្រ​យន្តហោះ និង​ធានា​អាហារ​ហូបចុក ៣​ពេល កន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ ពេល​ក្រុម​ពលករ​ធ្វើការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត។

ទោះជា​យ៉ាងណា ពេល​ក្រុម​ពលករ​ទៅដល់​ប្រទេស​អារ៉ាប៊ី សាអូឌីត គឺ​ខុសពី​ការពិត ហើយ​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ បញ្ជូន​ក្រុម​ពលករ​ទៅ​ក្រុមហ៊ុន​ដៃគូ​សហការ ទៅ​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​ទៅវិញ។

ពលករ​ម្នាក់​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ពេល​មក​ដល់​ខ្មែរ​គឺ កញ្ញា លាង ស៊ីដែន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០១ ខែ​ឧសភា​ថា ក្រុមហ៊ុន និង​ថៅកែ ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត បង្ខាំង​ពលករ​ខ្មែរ មិន​ផ្ដល់​បាយទឹក​ឱ្យ​ហូប​គ្រប់គ្រាន់ គឺជា​ការពិត​។ កញ្ញា​បញ្ជាក់​ថា ចំណែក​ការ​អះអាង​របស់​ក្រុមហ៊ុន​ថា មិន​កាត់ថ្លៃ​ចំណាយ​របស់​ពលករ​ពេល​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អារ៉ាប៊ី សាអូឌីត ខុសពី​ការពិត​។ កញ្ញា​រៀបរាប់​ថា ពេល​ដល់​ប្រទេស​គេ​ទើប​ដឹងខ្លួន​ថា ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ ព្រោះ​ក្រុមហ៊ុន សារ៉ាកូ ដែល​កញ្ញា​ធ្វើការ​នោះ​ប្រាប់​ថា នឹង​កាត់​ប្រាក់​ខែកញ្ញា ចំនួន ២​ខែ លើ​ថ្លៃ​ចំណាយ​ការ​ធ្វើ​ដំណើរ។ កញ្ញា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ជំងឺ​ចិត្ត និង​ទទួលខុសត្រូវ​លើ​ស្ថានភាព​សុខភាព​កញ្ញា​នា​ពេល​នេះ។

កញ្ញា លាង ស៊ីដែន៖ «អារ៉ាប់​គេ​អត់​ដឹង​អី​ផង​! អារ៉ាប់​គេ​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ក្រុមហ៊ុន​អ្នកឯង​ហ្នឹងហើយ​ធ្វើ​ស៊ី​អ្នកឯង ខ្ញុំ​ឆ្អែត​ចិត្តត្រង់​ហ្នឹង​។ គេ​ថា អ្នកឯង​មកដល់​សារ៉ាកូ (Saraco) អារ៉ាប៊ី សា​អី​ឌី​ត ហ្នឹង អ្នកឯង​អត់​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ហ្វាទីណា របស់​អ្នកឯង​អី​ទៀត​ទេ​។ (Because you came here to work in Saudi Arabia to work here, not ask for an agency in Cambodia. Here in Saraco.) ចង់​និយាយ​ថា វា​ចង់​និយាយ​ថា អត់ឱ្យ​យើង​និយាយ​ពី​រឿង​ក្រុមហ៊ុន​នៅ​ខ្មែរ​ទេ។ មកដល់​ទឹកដី​អារ៉ាប់ គឺ​ក្រុមហ៊ុន សារ៉ាកូ (Saraco) វា​ចង់​ធ្វើ​អី​ក៏​បាន​ដែរ​។ បាយទឹក​ព្រោះ​តែ​មិន​គ្រប់គ្រាន់​ហ្នឹងហើយ​បាន​ដួលសន្លប់​ទីងទាំង​អស់ហ្នឹង​។ ពួក​ខ្ញុំ​ទៅ​តស៊ូ និយាយ​តែ​ការពិត​ពួក​ខ្ញុំ​មើលឃើញ ពួក​ខ្ញុំ​ជួប​របស់​ពិត នៅ​កន្លែង​ពិត​។ ខ្ញុំ​ហ៊ាន​ប្រឈម​មុខ និង​ហ៊ាន​តទល់​ជាមួយ​ទៀត»

ដោយឡែក ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃទី​៣០ ខែ​មេសា តំណាង​ក្រុមហ៊ុន ហ្វាទីណា បាន​ជួប​ក្រុម​ពលករ ដោយ​ប្រាប់​ថា នឹង​ត្រូវ​ឡើង​តុលាការ​ក្នុង​ប្រ​ទស​អារ៉ាប៊ី សាអូឌីត​ឆាប់ៗ​នេះ​។ ពលករ​រូប​នេះ​បញ្ជាក់​ថា ក្រុម​ពលករ​មិន​ខ្លាច​ញញើត​ចំពោះ​បញ្ហា​ផ្លូវច្បាប់​ឡើយ ហើយ​ក្រុម​ពលករ​នឹង​រៀបរាប់​ប្រាប់​តុលាការ​ប្រទេស​អារ៉ាប៊ី សាអូឌីត ចំពោះ​អ្វី​ដែល​ជា​ការពិត និង​បាន​ជួប​បញ្ហា​នា​ពេល​កំពុង​ធ្វើការ។

ពលករ​ថ្លែង​លាក់​ឈ្មោះ៖ «ក្រុមហ៊ុន​នៅ​ខ្មែរ​ដែល​និយាយ​ថា ពួក​ខ្ញុំ​នឹង​អាច​ឡើង​តុលាការ​រង់ចាំ​ការ​ឡើង​តុលាការ​បញ្ជាក់ អ៊ីចឹង​ពួក​ខ្ញុំ​នឹង​អាច​នៅ​យូរ​ទៀត ខ្ញុំ​ប្រាប់​គាត់​ថា បើ​ឡើង​តុលាការ​ខ្ញុំ​ឱ្យ​តុលាការ​ពន្លឿន​នាំ​ពួក​ខ្ញុំ​ទៅ​ឡើង​ឱ្យ​ហើយៗ​ទៅ បើ​ថា រឿងក្ដី​មិន​ឈ្នះៗ​អី បើ​ភាសា​មួយ​ថា បើ​ចាញ់​គេ​ចាញ់​ឱ្យ​ជាប់គុក​ឱ្យ​ហើយ​ទាំងអស់គ្នា​ហ្មង​ឱ្យ​លឿន បើ​ឈ្នះៗ​ឱ្យ​បាន​ទៅផ្ទះ​ឱ្យ​លឿន​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ទីមួយ​ពួក​ខ្ញុំ​អត់​មាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​ទេ អ្នកផ្ទះ​ខ្ញុំ​ទីមួយ​ត្រូវ​ការ​លុយ ដូចជា​ខ្ញុំ​អី​ត្រូវការ​លុយ​ទឹកដោះគោ​កូន ត្រូវ​ការ​ចិញ្ចឹម​គ្រួសារ ត្រូវ​ការ​បង់​អង្គការ ប៉ុន្មាន​ខែ​នេះ ខ្ញុំ​អត់​មាន​លុយ​ឱ្យ​ពួក​គាត់​ទេ»

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អគ្គនាយក ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ លោក ម៉ាន តើ​រ៉​មី​ហ្សី (Man Teramizy) និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី ស្វាយ សុគន្ធារី ជាច្រើនលើក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ច្រើនដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃទី​០១ ខែ​ឧសភា​។ ចំណែក អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ក៏​មិនអាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ពាក់ព័ន្ធ​នឹង​ការ​ប្រឈម​របស់​ក្រុម​ពលករ​ដែល​រង​បណ្ដឹង​នៅ​តុលាការ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន អះអាង​ថា លោក​កំពុង​ខិតខំ​ពន្លឿន​នីតិវិធី និង​ធានា​ពី​សុវត្ថិភាព​ក្រុម​ពលករ​កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត។ លោក​បាន​បញ្ជាក់​ប្រាប់​ក្រុម​ពលករ​ថា ករណី​ក្រុមហ៊ុន​ប្តឹង​ពលករ​នោះ​លោក​មិន​ជ្រៀតជ្រែក ឬ​ចូលរួម​ទេ ព្រោះ​លោក​ថា មាន​តួនាទី​ត្រឹម​ជួយ​ការពារ​ក្រុម​ពលករ​ឱ្យ​មាន​សុវត្ថិភាព និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។

លោក អ៊ុក សារុន៖ «នៅ​ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ទុក្ខ​លំបាក​យើងខ្ញុំ​មិន​ដែល​នៅ​ទំនេរ​ទេ យើង​ទាក់ទង តួយ៉ាង​ថា អត់​ខ្ញុំ​ទាក់ទង​ទៅ​ក្រុមហ៊ុន តាម​លទ្ធភាព​ដែល​ធ្វើ​បាន អត់​មានអី​ថា ខ្ញុំ​ព្យាយាម​ចង់​បាន​មុខមាត់​អី​ទេ ខ្ញុំ​ជម្រាប​បងប្អូន​ជនរួមជាតិ ក៏ដូចជា​កូនៗ​ទាំងអស់​ឱ្យ​បាន​ជ្រាប​។ ខ្ញុំ​ធ្វើ​នេះ​តែមួយគត់​គឺ​ក្នុងនាម​តំណាង​រដ្ឋាភិបាល​ជួយ​ពលករ​កម្ពុជា ការពារ​ពលរដ្ឋ​កម្ពុជា ឱ្យ​មាន​សុវត្ថិភាព ហើយ​យើង​ព្យាយាម​ជំរុញ​ភាគី​មិត្ត និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ម៉េច​បាន​បញ្ជូន​ពលករ​មក​ស្រុក​ខ្មែរ​យើង​វិញ នោះ​ជា​វត្ថុបំណង​ធំ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ខ្ញុំ​ធ្វើការ​ងារ​នេះ»

លោក អ៊ុក សារុន អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បានដឹង​ពី​ទីតាំង​ក្រុម​ពលករ​ដែល​ស្នើ​ឱ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍​ក្នុង​នោះ​រួមមាន​ពលករ​នៅ​ក្រុមហ៊ុន​ស្ថិត​ក្នុង​ក្រុង ជេសដាស (Jeddah) ចំនួន ៤​នាក់ ទីក្រុង អាប់ហា (Abha) ៣​នាក់ ក្រុមហ៊ុន​នៅ​តំបន់ ដាមម៉ាម (Dammam) ចំនួន ១០​នាក់ និង​ក្រុមហ៊ុន​នៅ​ជុំវិញ​តំបន់ ជេសដាស (Jeddah) ចំនួន ៩​នាក់។

ក្នុង​ចំណោម​ពលករ​ស្ថិត​ក្នុង​តំបន់​ទាំងនោះ​មាន​ពលករ ៤​នាក់ ស្ថិត​នៅ​ទីក្រុង អាប់ហា (Abha) អះអាង​ថា ក្រុមហ៊ុន​បាន​បង្ខាំង​ពួកគេ​ក្នុង​បន្ទប់ និង​មិន​ផ្ដល់​បាយ​ទឹក​ឱ្យ​ពួកគាត់​ហូប​គ្រប់គ្រាន់​ទេ។ លោកស្រី សូ ចេឡា ជា​ពលករ​ម្នាក់​ក្នុងចំណោម​ពលករ​ទាំង ៤​នាក់​នោះ​រៀបរាប់​ថា កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ភ្នាក់​ងារ​ក្រុមហ៊ុន​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​នាំ​ពលករ​ទាំង ៤​នាក់​ចេញពី​បន្ទប់​ឃុំឃាំង ទៅ​ផ្សារ និង​បង្ខំ​ឱ្យ​ពលករ​សម្ដែង​ទិញ​អាហារ​ហូប ប៉ុន្តែ​ក្រុម​ភ្នាក់ងារ​ក្រុមហ៊ុន​ទាំងនោះ​ពុំបាន​ផ្ដល់​អាហារ​ឱ្យ​ពួកគាត់​ទេ។

លោកស្រី សូ ចេឡា៖ «ពេល​នាង​ខ្ញុំ​ទៅដល់​ម៉ាត (Mart) ខ្ញុំ​ត្រេកអរ​ណាស់​ព្រោះ​អី​ឃើញ​មាន​ម្ហូបអាហារ​ច្រើន​នាំគ្នា​រត់​ចែក​ជើង​គ្នា អ្នកខ្លះ​ច្រក​ប៉េងប៉ោះ ដូច​ឃើញ​ក្នុង​រូបភាព​ហ្នឹង​អ៊ីចឹង​តែ​តាម​ការ​ពិត ខុសពី​ការពិត​គេ​សម្ដែង​ទេ។ ពេល​ពួក​ខ្ញុំ​ចង់បាន​អី ឱ្យ​ពួក​ខ្ញុំ​កាន់​ហើយ​ថត លួច​ថត ហើយ​អត់ឱ្យ​ពួក​ខ្ញុំ​កាន់​យក​មក​ទេ ខ្ញុំ​ខ្មាស​ទាំង​អ្នក​គិតលុយ​ទៀត គេ​មើល​ខ្ញុំ​គ្រប់គ្នា​។ តើ​ពួក​ខ្ញុំ​ជា​អី​គេ​វិញ​យក​ពួក​ខ្ញុំ​ទៅ​ថត​ហើយ​យក​ចេញ​មក​ក្រៅ ទាំង​ប្រាប់​ថា ថត​ឱ្យ​ខាង​ការិយាល័យ (Office) មើល​ចាំ​គេ​ឱ្យ​លុយ​មក​ចាំ​ទិញ​ឱ្យ​។ ក៏ប៉ុន្តែ​អត់​ទេ នាំ​ពួក​ខ្ញុំ​ទៅ​ថត​ហើយ​យក​ពួក​ខ្ញុំ​ទៅវិញ​។ សំណាង​ហើយ​ខ្ញុំ​នៅ​មាន​លុយ​តិចតួច​ទិញ​បាន​ទឹកក្រូច ២​ដប​ជា​លុយ​ផ្ទាល់ខ្លួន​។ ខ្ញុំ​នៅ​ទី​នេះ ៤​នាក់​រងទុក្ខ​វេទនា​ហើយ បែរ​ជា​នាំគ្នា​សម្ដែង​ធ្វើ​រឿង​អ៊ីចឹងៗ​ទៀត អយុត្តិធម៌​ខ្លាំង​ណាស់»

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ប៊ុន ចិន្តា មើល​ឃើញ​ថា ក្រុមហ៊ុន​ដែល​ធានា​ក្រុម​ពលករ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ជា​អ្នក​រំលោភ​បំពាន​កិច្ចសន្យា​ការងារ ដូច្នេះ​លោក​ថា ក្រុមហ៊ុន​ពុំគួរ​គំរាម​កំហែង​ប្ដឹង​ក្រុម​ពលករ​ទេ។ លោក​សង្កត់ធ្ងន់​ថា ក្រុម​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​រង​សម្ពាធ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ត្រូវ​បាន​ថៅកែ​រំលោភបំពាន​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដូច្នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ផ្ដល់​កិច្ច​គាំពារ​ឱ្យ​បាន​ខ្លាំងក្លា និង​គាំទ្រ​ផ្នែក​ច្បាប់​ជូន​ពលករ។

លោក ប៊ុន ចិន្តា៖ «ផ្ទុយ​ទៅវិញ​បែរជា​ក្រុមហ៊ុន​ចោទ និង​មានការ​គំរាមកំហែង និង​ប្ដឹង​លើ​ពលករ​ទៅវិញ ដែល​គាត់ [​ក្រុមហ៊ុន​] ជា​អ្នក​រំលោភ​លើ​កិច្ចសន្យា ឬ​បំពាន​កុងត្រា​ការងារ​ទាំងអស់​ហ្នឹង​។ វា​មិន​គួរ​កើតឡើង​ចំពោះ​ពលករ អ្វី​ដែល​គួរ​គឺ​ក្រុមហ៊ុន​ត្រូវតែ​ជួយ​គាំពារ​ដោះស្រាយ ផ្ដល់​នូវ​ការ​គាំទ្រ​ពេញលេញ​សម្រាប់​ពលករ»

ក្រុម​ពលករ និង​មន្ត្រី​សិទ្ធិមនុស្ស ជំរុញ​ភាគី​ក្រសួង​ការងារ និង​ស្ថានទូត​ផ្តល់​កិច្ច​គាំពារ​ក្រុម​ពលករ ដើម្បី​ធ្វើ​យ៉ាងណា​បញ្ជូន​ក្រុម​ពលករ​ឱ្យមក​កម្ពុជា​បាន​ឆាប់ ជាជាង​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បន្ត​គំរាមកំហែង និង​ប្ដឹង​ក្រុម​ពលករ​បន្ថែម​ទៀត។

មក​ទល់​ពេល​នេះ ក្រុម​ពលករ​អះអាង​ថា នៅ​តែ​មាន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ ហើយ​ត្រូវ​បាន​ថៅកែ​បង្ខាំង​ក្នុង​បន្ទប់ ដោយ​ពុំ​ផ្ដល់​អាហារ​ឱ្យ​ពួកគាត់​ហូប​គ្រប់គ្រាន់​។ ចំណែក ពលករ​ចំនួន ២​នាក់​គឺ​លោកស្រី យ៉េ ធឿន និង​លោកស្រី ដឿន ភាព ដែល​រង​ការ​បង្ខាំង​ក្នុង​បន្ទប់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ហើយ។ ប៉ុន្តែ ពួកគាត់​ទាំង ២​នាក់​នៅតែ​មិនអាច​ហូប​អាហារ​បាន​ច្រើន​ដោយសារ​បញ្ហា​ក្រពះ ដែល​ធ្វើ​ឱ្យ​ពួកគាត់​នៅតែ​គ្មាន​កម្លាំង​ដដែល។

ក្រុម​ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ជាច្រើន​អ្នកខ្លះ​អស់សង្ឃឹម​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ខណៈ​ក្រុមហ៊ុន​មិន​បិទ​ទិដ្ឋាការ ឬ​វីសា (VISA) ជូន​ក្រុម​ពលករ ពោល​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ពលករ​ឈប់​ធ្វើ​ការ ហើយ​ត្រឡប់​ទៅ​កម្ពុជា​មុន​កិច្ច​សន្យា​ការងារ​ត្រូវ​បាន​បញ្ចប់​ឡើយ បែរ​ជា​ត្រៀម​ប្ដឹង​ក្រុម​ពលករ​ឡើង​តុលាការ។ ក្រុម​ពលករ​បញ្ជាក់​ថា ក្រុមហ៊ុន​ធ្វើ​បែប​នេះ កាន់តែ​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត និង​រង​អយុត្តិធម៌​បន្ថែម​ទៀត៕

No comments: