2024.05.18
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។
រូប៖ ហ្វេសប៊ុកលោក អ៊ាង សុផល្លែត
សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលធនធានធម្មជាតិថា រដ្ឋាភិបាលត្រូវឈប់បណ្ដែតបណ្ដោយ និងអនុញ្ញាតឲ្យក្រុមឈ្មួញបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការចំណាយថវិកាជាតិ ក្នុងការបន្សាំ និងការបម្រែបម្រួលអាកាសធាតុ។ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសថា កម្ពុជាត្រូវការលុយជាង ៧ពាន់លានដុល្លារ ដើម្បីបន្សាំនិងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលធនធានធម្មជាតិ លើកឡើងស្រដៀងគ្នាថា ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ និងទៅខ្ចីបំណុលបរទេសរាប់ពាន់លានដុល្លារ ចំណាយទៅលើការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលត្រូវបញ្ឈប់គម្រោងវិនិយោគទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងបំផ្លិចបំផ្លាញនូវធនធានធម្មជាតិ។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែឧសភា ថា រដ្ឋាភិបាលត្រូវតែបញ្ឈប់រាល់សកម្មភាពរបស់ក្រុមឈ្មួញឧកញ៉ា អ្នកមានលុយមានអំណាច កុំឲ្យបន្តបំផ្លិចបំផ្លាញធនធានធម្មជាតិតទៅទៀត ទើបអាចកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយថវិកាជាតិទៅលើការភាពបន្សាំខ្លួនជាមួយនឹងអាកាសធាតុបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ លើសពីនោះលោកថា រដ្ឋាភិបាលត្រូវសហការជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងសកម្មជនការពារបរិស្ថាន ធ្វើយ៉ាងណារួមគ្នាការពារនូវធនធានធម្មជាតិ ជាពិសេសព្រៃឈើ និង ស្ដារព្រៃឈើឡើងវិញ ដើម្បីទប់ទល់នឹងការឧស្ម័នផ្ទះកញ្ចក់ពីបណ្ដាប្រទេសដែលមានឧស្សាហកម្មធំៗ និងធានានូវនិរន្តរភាពនៃអាកាសធាតុនៅកម្ពុជា។
លោក លី ចាន់ដារ៉ាវុត៖ «ការដែលយើងបាត់បង់លុយជាង៧ពាន់លានដុល្លារហ្នឹង ហើយវាជាការខ្ជះខ្ជាយលុយរបស់រដ្ឋ ប្រសិនបើយើងរក្សាធនធានធម្មជាតិយើងបានប្រហែលជាយើងមិនត្រូវការលុយជាង៧ពាន់លានដុល្លារនេះទេ ហើយលុយដែលយើងបាត់បង់ទៅវាចូលទៅក្នុងហោប៉ៅរបស់អ្នកមានអំណាច ដែលប្រព្រឹត្តអំពើពុករលួយ ព្រោះខណៈលុយជាង៧ពាន់លានដុល្លារ ដែលយើងត្រូវយកមកបន្សាំនឹងការបម្រែបម្រួលអាកាសធាតុ យើងនឹងយកឈ្មោះរដ្ឋទៅខ្ចី ហើយយើងនឹងជំពាក់លុយគេជាង៧ពាន់លានដុល្លារបន្ថែមទៀត ក្នុងករណីថា គាត់ទៅខ្ចីពីបរទេស»។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ព្រួយបារម្ភខ្លាចរដ្ឋាភិបាលនឹងទៅខ្ចីបំណុលពីបរទេសយកទៅដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដូច្នេះវានឹងក្លាយជាបន្ទុកដល់ពលរដ្ឋបន្ថែមទៀត។ ចំណែករដ្ឋាភិបាលនៅតែបន្តឲ្យក្រុមឈ្មួញទាំងនោះរកស៊ីបំផ្លាញធនធានធម្មជាតិ ដែលជាកត្តាឲ្យប្រទេសកម្ពុជា បម្រែបម្រួលអាកាសធាតុលឿន និងធ្ងន់ធ្ងរជាងនេះ ហើយអ្នកដែលនាំឲ្យកម្ពុជាជួបនូវបញ្ហាទាំងអស់នេះ មិនត្រូវបានអនុវត្តច្បាប់ទៅលើពួកគេនោះទេ ផ្ទុយទៅវិញពួកគេអ្នកធនធានធម្មជាតិទាំងនោះត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថែមទៀត។
លោក សេង សុខហេង៖ «ហើយទទឹមនេះ យើងមើលឃើញថាក្រុមឧក្រិដ្ឋជនមួយចំនួនដែលល្បីខាងកាប់ឈើ បំផ្លាញធនធានធម្មជាតិ ដែលជាកត្តាធ្វើឲ្យមានការបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេស នៅក្នុងតំបន់ និងក្នុងពិភពលោក មិនត្រូវទទួលបានការដាក់ទោសទណ្ឌទេ ផ្ទុយទៅវិញទទួលបានការតែងតាំងនិងតួនាទីធំៗជាបន្តបន្ទាប់»។
កាលពីថ្ងៃទី១៦ ខែឧសភា នៅក្នុងវេទិកាពិភពលោកស្ដីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ ដែលរៀបចំនៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានប៉ាន់ប្រមាណថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាជាង៧ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយទៅលើកម្មវិធីបន្សាំនឹងការបម្រែបម្រួលអាកាសធាតុ ក្នុងនោះ៥,៨ពាន់លានដុល្លារ សម្រាប់កាត់បន្ថយការរំភាយឧស្ម័នផ្ទះកញ្ចក់។ លោកថា កាបម្រែបម្រួលអាកាសធាតុ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន និងការបាត់បង់ជីវចម្រុះ បណ្ដាលឱ្យមានការឡើងកម្ដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកបរិស្ថាននៃ អង្គការជេស្វីតសឺវីសកម្ពុជា(Jesuit Service Cambodia) កញ្ញា ប៉ាញ ចិន្ដា យល់ឃើញថា បញ្ហាបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ននៅកម្ពុជាកាន់តែអាក្រក់ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងពលរដ្ឋក្រីក្រនៅតាមជនបទ។ កញ្ញាថា ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាធនធានធម្មជាតិ។
កញ្ញា ប៉ាញ ចិន្ដា៖ «សូមឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានធម្មជាតិ ដើម្បីជាកត្តាមួយក្នុងការរួមចំណែកក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ឡើងនៅថ្ងៃអនាគត»។
ក្នុងរយៈពេលជាង ២ទសវត្សមកនេះគឺចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៣ កម្ពុជាបាត់បង់គម្របព្រៃឈើរហូតដល់ទៅជិត ៣លានហិកតារ (២,៨៣លានហិកតារ) ស្មើនឹងប្រមាណ ៣២% នៃគម្របព្រៃឈើសរុបជាង ៧លានហិកតារ។ របាយការណ៍របស់សាកលវិទ្យាល័យម៉ារីឡែន (Maryland ) កាលពីថ្ងៃទី៤ ខែមេសា ដែលបានប្រមូលទិន្នន័យ តាមរយៈប្រព័ន្ធផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើជាង ១សែន ២ម៉ឺនហិកតារ (១២១.០០០) ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ កត្តាធ្វើឲ្យបាត់បង់គម្របព្រៃឈើទាំងនេះហើយ ទើបធ្វើឲ្យប្រទេសកម្ពុជាជួបបញ្ហាបម្រែបម្រួលអាកាសធាតុ មានការឡើងកម្ដៅ ភ្លៀងមិនទៀតទាត់ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួតជាដើម៕
No comments:
Post a Comment