2024.05.26
![អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក «គួរដាក់» កម្ពុជាក្នុង «បញ្ជីខ្មៅ» អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក «គួរដាក់» កម្ពុជាក្នុង «បញ្ជីខ្មៅ»](https://www.rfa.org/khmer/news/social-economy/fatf-blacklist-cambodia-moneylaundering-cyberscams-05262024152409.html/@@images/677ae73c-ab2d-4b04-aef7-bceba9b64dc1.jpeg)
វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ថ្មីៗនេះ បានចេញផ្សាយរបាយការណ៍មួយផ្តោតអំពីឧស្សាហកម្មឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ វិទ្យាស្ថាននេះ រកឃើញថា ការណ៍ដែលអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់អន្តរជាតិ ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF) ដកកម្ពុជាចេញពី«បញ្ជីប្រផេះ»នៃក្រុមប្រទេសលាងលុយកខ្វក់ កាលពីឆ្នាំ២០២២ បានចូលរួមចំណែកជំរុញឱ្យមានការលាងលុយកខ្វក់ជាលក្ខណៈឧស្សាហកម្ម និងធ្វើឱ្យឧស្សាហកម្មឆបោកតាមអនឡាញរីកដុះដាលខ្លាំងនៅកម្ពុជា។ អ្នកជំនាញនៃវិទ្យាស្ថាន USIP ស្នើឡើងថា អង្គការ FATF គួរដាក់បញ្ចូលកម្ពុជាទៅក្នុង«បញ្ជីខ្មៅ»នៃក្រុមប្រទេសលាងលុយកខ្វក់ដើម្បីទប់ស្កាត់អំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញកុំឱ្យរីករាលដាលកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមអញ្ជើញលោកអ្នកនាងកញ្ញាទស្សនាសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងអ្នកស្រី ព្រីស៊ីឡា ក្លេប (Priscilla Clapp) សហប្រធានការសិក្សាស្រាវជ្រាវអំពីឧស្សាហកម្មឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ជុំវិញបញ្ហានេះដូចតទៅ៖
លោក មាន ឫទ្ធិ៖ របាយការណ៍របស់អ្នកស្រី លើកឡើងថា កម្ពុជា ឡាវ និងភូមា គឺជាមជ្ឈមណ្ឌលស្នូលនៃឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍។ សូមអ្នកស្រីជួយពន្យល់ដោយសង្ខេបបន្តិចទៅមើលថាតើឧស្សាហកម្មនេះមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរកម្រិតណាទៅ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ អំពើឆបោកតាមអនឡាញនេះធ្វើឡើងរួមគ្នាតាមបែបផែនជាការវិនិយោគបែបឆបោក និងទម្រង់ស្នេហាបោកប្រាស់។ ក្រុមឧក្រិដ្ឋជនព្យាយាមអូសទាញមនុស្សចូលទៅក្នុងទំនាក់ទំនងមួយដែលតាមរយៈនេះជនរងគ្រោះចាប់ផ្តើមផ្តល់លុយកាក់ រួចហើយក្រុមអ្នកឆបោកផ្ទេរវាទៅជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូ (Cryptocurrency)។ ពេលដែលពួកគេធ្វើដូច្នេះហើយ លុយទាំងនេះ គឺបាត់អស់ហើយ។ ក្រុមអ្នកឆបោកគ្រាន់តែបង្វិលលុយទៅកន្លែងដទៃទៀត ដែលមនុស្សមិនអាចមើលឃើញទៀតឡើយ។ នេះគឺជាផ្នែកនៃបណ្ដាញមួយដែលរីកដុះដាលនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍។ វាមិនមែនកើតឡើងតែក្នុងរដ្ឋមួយៗទេ តែវាកើតឡើងជាបណ្ដេញតែម្តង។ នេះជាចំណុចសំខាន់ដែលយើងព្យាយាមពិនិត្យមើលនៅក្នុងការសិក្សានេះ។
កម្ពុជា ឡាវ និងភូមា ក្លាយជាមជ្ឈមណ្ឌលស្នូលដោយសារតែប្រទេសទាំងនេះជាប្រទេសដែលងាយប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ នេះក៏ដោយសារតែប្រទេសទាំងនេះមានអភិបាលកិច្ចទន់ខ្សោយ។ ក្នុងករណីប្រទេសភូមា គឺដោយសារតែជម្លោះដ៏រីកសាយភាយដែលបង្កើតជាអស្ថិរភាពយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។ បណ្ដាញឆបោក ទាញយកប្រយោជន៍ពីស្ថានភាពអស្ថិរភាពនេះ ដែលអនុញ្ញាតឱ្យពួកគេអាចចាប់យកក្រុមអ្នកមានអំណាច អាចជាមន្ត្រីរដ្ឋាភិបាល ក្រុមអ្នកជំនួញ ឬអ្នកមានមុខមាត់ក្នុងសង្គម មករកស៊ីជាមួយ។ អំពើឆបោកនេះប្រតិបត្តិដោយជនជាតិចិន។
លោក មាន ឫទ្ធិ៖ នៅទូទាំងពិភពលោកប្រទេសមិនតិចជាង៦០ទេ បានក្លាយជាជនរងគ្រោះនៃឧស្សាហកម្មឆបោកតាមអនឡាញដែលមានប្រភពចេញមកពីតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍របស់អ្នកស្រីលើកឡើងថាគិតត្រឹមខែឧសភា ឆ្នាំ២០២៤ កម្ពុជាក្លាយជាទីតាំងប្រតិបត្តិការឆបោកទ្រង់ទ្រាយធំ ស្មុគស្មាញដែលរីករាលដាលនៅពាសពេញប្រទេស។ តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ចា៎! ខ្ញុំអាចនិយាយបានថាវាចាប់ផ្តើមដំបូងឡើងដោយជំនួញបនល្បែងអនឡាញខុសច្បាប់។ អ្នកអាចនៅចាំបានថាប្រហែលជានៅឆ្នាំ២០១៦ ឬ ២០១៧ ប្រតិបត្តិការល្បែងអនឡាញបានកើតឡើងក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រតិបត្តិដោយក្រុមជនជាតិចិន។ ជំនួញនេះបានទាក់ទាញក្រុមបងធំជនជាតិចិនជាច្រើនមកធ្វើការដើម្បីជំរិតប្រាក់ពីក្រុមអ្នកចាញ់ល្បែង។ ល្បែងមួយចំនួនជាល្បែងដែលអ្នកលេងល្បែងចូលរួមដោយផ្ទាល់ ប៉ុន្តែភាគច្រើនជាល្បែងអនឡាញ ដែលផ្ដោតលើក្រុមអ្នកលេងល្បែងនៅប្រទេសចិន។ ប៉ុន្តែអាជីវកម្មបនល្បែងទាំងនេះ មិនអាចគ្រប់គ្រងពួកជើងកាងបានឡើយ ហើយពួកគេចាប់ផ្ដើមបាញ់បោះមនុស្សតាមដងផ្លូវរួមទាំងប៉ូលិសផង។ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមបិទអាជីវកម្មល្បែងអនឡាញនេះ ដោយលោកបានស្នើឱ្យភាគីនគរបាលចិនសហការជាមួយកម្ពុជា ដើម្បីចាប់បញ្ជូនក្រុមបងធំទាំងនោះត្រលប់ទៅប្រទេសចិនវិញ។ នេះហើយជាពេលដែលអាជីវកម្មបនល្បែងអនឡាញត្រូវបានបង្ក្រាបនៅកម្ពុជា។ នៅពេលដែលមានការបង្ក្រាបនេះ បន្ទាប់មកទៀត អាជីវកម្មនេះចាប់ផ្តើមជ្រៀតចូលទៅក្នុងមូលដ្ឋានជាច្រើន ជាប្រតិបត្តិការតូចៗជាងពេលមុន។ ពោលគឺវាលែងប្រមូលផ្តុំតែនៅខេត្តព្រះសីហនុដូចកាលពីមុនទៀតហើយ។
លោក មាន ឫទ្ធិ៖ នៅកម្ពុជាតែឯង របាយការណ៍អ្នកស្រីប៉ាន់ស្មានថា ឧស្សាហកម្មឆបោកតាមអនឡាញ អាចរកចំណូលបានរហូតដល់ទៅជាង ១២ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំ។ របាយការណ៍លើកឡើងថាផ្នែកដ៏សំខាន់មួយនៃលុយដែលរកបានពីការឆបោកនេះ ធ្លាក់ចូលក្នុងហោប៉ៅរបស់ក្រុមអ្នកមានអំណាចដោយសារតែពួកគេមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនឆបោក។ សូមអ្នកស្រីពន្យល់បន្តិចថាតើទំនាក់ទំនងនេះកើតឡើងដោយរបៀបណា?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ទំនាក់ទំនងនេះ គឺកើតឡើងនៅត្រង់ថា ថៅកែជាជនជាតិចិនដែលបង្កើតបណ្ដេញឆបោកទាំងនេះ ហើយជាអ្នកចាំគាំទ្រពីក្រោយ ពួកគេមានទំនាក់ទំនងល្អណាស់។ ពួកគេប្រតិបត្តិបណ្ដាញឆបោកនេះក្នុងវិស័យជំនួញទាំងស្របច្បាប់ និងខុសច្បាប់។ ដូច្នេះហើយ ពួកគេបង្កើតទំនាក់ទំនងជាមួយក្រុមអ្នកមានអំណាចតាមរយៈអ្វីមួយដែលមើលទៅហាក់ដូចជាប្រតិបត្តិការអាជីវកម្មស្របច្បាប់អ៊ីចឹង។ តែនៅពីក្រោយនេះ ពួកគេចាប់ផ្ដើមដំណើរការប្រតិបត្តិការបណ្ដាញឆបោកអនឡាញខុសច្បាប់ទាំងនេះ។ ខ្ញុំមិនច្បាស់ទេថាតើក្រុមអ្នកដឹកនាំដឹងដែរឬទេពីអ្វីដែលពួកគេកំពុងចូលពាក់ព័ន្ធក្នុងរឿងរ៉ាវអាជីវកម្មនេះ ប៉ុន្តែក្រុមអ្នកដឹកនាំទាំងនេះដឹងច្បាស់ថាពួកគេកំពុងទទួលបានផលចំណេញពីអាជីវកម្មនេះ។
លោក មាន ឫទ្ធិ៖ ប្រសិនបើបញ្ហាឆបោកតាមអនឡាញមិនអាចត្រូវបានបង្ក្រាបប្រកបដោយប្រសិទ្ធភាពទេ តើអនាគតកម្ពុជានឹងទៅជាយ៉ាងណា?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ខ្ញុំគិតថាទាំងរដ្ឋាភិបាល អ្នកអនុវត្តច្បាប់ និងសង្គមស៊ីវិល និងប្រជាជនទាំងមូល ត្រូវយល់ដឹងពីអ្វីដែលកំពុងកើតមានឡើង និងព្យាយាមយកប្រទេសរបស់ពួកគេមកគ្រប់គ្រងវិញ។ ប្រជាជន ចាំបាច់ត្រូវយល់ដឹងឱ្យបានច្រើនពីឧស្សាហកម្មឆបោកតាមអនឡាញនេះ។ រដ្ឋាភិបាលត្រូវតែនាំមុខអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងប្រឆាំងនឹងឧស្សាហកម្មនេះ។ វានឹងប៉ះពាល់ដល់ប្រភពហិរញ្ញវត្ថុ ដែលលុយជាច្រើនចេញមកពីឧស្សាហកម្មនេះ ហូរចូលក្នុងសេដ្ឋកិច្ចជាតិ។ លុយជាច្រើនបានហូរចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយត្រូវបានគេលាងតាមរយៈធនាគារធំៗ និងនៅតាមទីកន្លែងផ្សេងទៀត ប្រហែលជានៅសិង្ហបុរី និងហុងកុង ជាដើម។ លុយមួយភាគធំហូរចូល ទៅក្នុងប្រទេសកម្ពុជាគ្រប់គ្រាន់ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងសេដ្ឋកិច្ចនៃប្រទេសនេះ ខណៈកម្ពុជាចាប់ផ្តើមបាត់បង់ធនធានធម្មជាតិរបស់ខ្លួន។ ប៉ុន្តែ ពួកគេគួររិះរកវិធីប្រសើរជាងនេះក្នុងការវិនិយោគលើឧស្សាហកម្មដទៃទៀត ដូចជា វិស័យទេសចរណ៍ ឬវិស័យផ្សេងៗទៀត។
លោក មាន ឫទ្ធិ៖ របាយការណ៍លើកឡើងថាផ្នែកមួយនៃបញ្ហាដែលបណ្ដាលឱ្យមានអំពើលាងលុយកខ្វក់ក្លាយទៅជាកម្រិតឧស្សាហកម្មនៅកម្ពុជាគឺដោយសារតែក្នុងឆ្នាំ២០២២ អង្គការអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ FATF បានដកកម្ពុជាចេញពី«បញ្ជីប្រផេះ»។ ការណ៍នេះរួមចំណែកដល់ការពង្រឹងឧស្សាហកម្មឆបោកតាមអនឡាញ។ តើការសម្រេចនេះត្រឹមត្រូវដែរឬទេ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ យើងគិតថាពួកគេគួរដាក់បញ្ចូលកម្ពុជាទៅក្នុង«បញ្ជីប្រផេះ»ឡើងវិញ។ តាមពិតទៅ ខ្ញុំគិតថាគួរដាក់កម្ពុជាចូលក្នុង«បញ្ជីខ្មៅ»តែម្តង...។ ប្រាកដណាស់ ការធ្វើដូច្នេះនឹងបញ្ជូនសារមួយទៅអន្តរជាតិ។ វានឹងជួយកាត់បន្ថយអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ ប៉ុន្តែ អង្គការ FATF មិនជាមានអំណាចអ្វីដើម្បីចូលរួមដោះស្រាយបញ្ហានេះដោយខ្លួនឯងទេ។ រដ្ឋាភិបាលនីមួយៗមានអំណាចខ្លាំងជាងនេះ៕
No comments:
Post a Comment