2024.05.26
![ប្រពន្ធលោក នី ណាក់ ខកចិត្តនឹងមន្ត្រីមិនបញ្ជូនប្ដីមកពន្ធនាគារភ្នំពេញ ប្រពន្ធលោក នី ណាក់ ខកចិត្តនឹងមន្ត្រីមិនបញ្ជូនប្ដីមកពន្ធនាគារភ្នំពេញ](https://www.rfa.org/khmer/news/human-rights/nynak-wife-disappointed-with-officials-refusing-to-send-her-husband-to-phnompenh-prison-05262024023306.html/@@images/ac0552db-cdda-473d-b0a8-9aabcc6de6ed.jpeg)
ប្រពន្ធលោក នី ណាក់ សោកស្ដាយដែលមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារមិនផ្ទេរប្ដីលោកស្រីពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកពន្ធនាគាររាជធានីភ្នំពេញវិញ។ ការលើកឡើងបែបនេះគឺបន្ទាប់ពីលោកស្រីទើបតែទទួលបានលិខិតបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធនាគារថា មិនផ្ទេរប្ដីលោកស្រីមកឃុំខ្លួននៅពន្ធនាគារព្រៃសរាជធានីភ្នំពេញឡើយ ដោយសារជនឃុំរូបនេះមិនគោរពតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។
ស្របពេលដែលអ្នកជំនាញកសិកម្ម លោក នី ណាក់ នឹងឡើងសវនាការនៅថ្ងៃទី២៧ ខែឧសភា ទៅតាមការកោះហៅរបស់តុលាការកំពូល អគ្គនាយកដ្ឋានពន្ធនាគារក៏បានចេញលិខិតបដិសេធសំណើសុំផ្ទេរកន្លែងឃុំខ្លួន លោក នី ណាក់ ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅពន្ធនាគារព្រៃសរាជធានីភ្នំពេញវិញដែរ។
កាលពីថ្ងៃទី២០ ខែឧសភា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចេញលិខិតបដិសេធសំណើរបស់មេធាវីលោក នី ណាក់ ដែលស្នើសុំប្ដូរកន្លែងឃុំខ្លួនពីមណ្ឌលអប់រំកែប្រែទី៣ ទៅឃុំនៅមណ្ឌលអប់រំកែប្រែទី១។ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថាការបដិសេធនេះគឺដោយសារ អំឡុងពេលជាប់ឃុំនៅពន្ធនាគារអប់រំកែប្រែទី១ជនជាប់ចោទរូបនេះ មិនគោរពតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ដែលបានញុះញង់ជនជាប់ឃុំដទៃបង្កជាបក្ខពួកធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពន្ធនាគារ។
ប្រពន្ធលោក នី ណាក់ គឺលោកស្រី សុខ ស៊ីណែត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែឧសភា ថា ការបន្តឃុំខ្លួនប្ដីនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នេះគឺជាការធ្វើទុក្ខបុកម្នេញ និងជាការដាក់សម្ពាធលើអ្នកជាប់ឃុំមនសិការ។ លោកស្រីទទូចឱ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារយកប្ដីលោកស្រីមកឃុំខ្លួននៅពន្ធនាគារភ្នំពេញវិញ ដើម្បីសម្រួលដល់ការឡើងសវនាការ និងងាយស្រួលសម្រាប់គ្រួសារទៅសួរសុខទុក្ខ។
លោកស្រី សុខ ស៊ីណែត៖ «ចំពោះបងគឺវាពិតជាទទួលយកមិនបានវាអយុត្តិធម៌សម្រាប់គាត់ហើយនិងក្រុមគ្រួសារដូចជាបងជាប្រពន្ធ។ គិតថាយើងរស់នៅក្នុងដំបូលសន្តិភាពប៉ុន្តែពេលមានរឿងយើងរកជនបង្កមិនឃើញ រកជនបង្កមិនឃើញគ្រាន់តែថាគាត់បញ្ចេញទស្សនផ្ទាល់លើបណ្ដាញសង្គមក៏ត្រូវបានចោទប្រកាន់ក្រោមបទញុះញង់ បរិហារកេរ្តិ៍គឺបងយល់ថាវាអយុត្តិធម៌»។
កាលពីថ្ងៃទី៥ ខែមករា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល សម្រេចឃុំខ្លួន អ្នកជំនាញកសិកម្ម លោក នី ណាក់ នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំ កែប្រែទី១ (ម១) ពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងកាត់ដី ៩១ហិកតារ នៅខេត្តកំពត ឱ្យទៅបុគ្គលឈ្មោះ ហេង សួរ ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថា ការបដិសេធមិនបញ្ជូន លោក នី ណាក់ មកឃុំខ្លួននៅពន្ធនាគារព្រៃសរាជធានីភ្នំពេញនេះគឺដោយសារ លោក នី ណាក់ ប្រើពាក្យសំដីមិនសមរម្យ។
លោក នុត សវនា៖ «ប៉ុន្តែគ្រាន់តែថាពាក្យសំដីគាត់ខ្លះអីហ្នឹងធ្វើឱ្យមានបញ្ហាដែល ការនិយាយសៀតស៊កអ៊ីចឹងទៅយើងក៏គិតថាវាបង្កឱ្យមានបញ្ហាដែលនៅពេលដែលគាត់ប្រើវាក្យសព្ទមួយចំនួនដែលវាមានចេតនាឬក៏បង្កប់អត្ថន័យធ្វើឱ្យមានបញ្ហានៅក្នុងពន្ធនាគារ»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ឃើញថា ការបន្តឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ គឺជាការបង្កផលលំបាកដល់ដំណើរការកាត់ក្ដី ពីព្រោះសំណុំរឿងលោក នី ណាក់ ត្រូវបន្តនីតិវិធីនៅតុលាការភ្នំពេញ។ លោកស្នើឱ្យតុលាការដោះលែងលោក នី ណាក់ ឱ្យមានសេរីភាពឡើងវិញដើម្បីបញ្ចៀសការរិះគន់ពីសហគមន៍អន្តរជាតិ។
លោក នី សុខា៖ «នៅក្នុងពន្ធនាគារមានម៉ោងចេញមានម៉ោងចូល ម៉ោងហាត់ប្រាណអីផ្សេងៗ គឺថាមានការយាមល្បាតពីឆ្មាំពន្ធនាគារដិតដល់ណាស់ ដូច្នេះខ្ញុំគិតថា ការលើកឡើងនេះវាហាក់បីដូចជាមានលក្ខណៈមិនសមហេតុផលទេ។ យើងមើលឃើញអំពីការណ៍ដែលធ្វើទុក្ខបុកម្នេញទៅលើគាត់ហ្នឹងវាមានរូបច្រើនជាង ការណ៍ដែលបង្ការ ការដែលការពារពីព្រោះនៅក្នុងពន្ធនាគារមានមន្ត្រីពន្ធនាគារយាមដិតដល់មិនអាចទៅធ្វើអីបានទេ»។
តុលាការកំពូលរាជធានីភ្នំពេញ នឹងបើកសវនាការក្នុងសំណុំរឿងសុំនៅក្រៅឃុំរបស់ លោក នី ណាក់ ពាក់ព័ន្ធនឹង«ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង»នៅថ្ងៃទី២៧ ខែឧសភា ខាងមុខ។ ប្រពន្ធលោក នី ណាក់ លោកស្រី សុខ ស៊ីណែត យល់ឃើញថា គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានដែលតុលាការមិនចាប់ជនបង្កដែលវាយប្ដីឱ្យបែកក្បាល បែរជាចាប់ប្ដីលោកស្រីដាក់ពន្ធនាគារថែមទៀត។
កន្លងទៅសហគមន៍ជាតិ និងអន្តរជាតិ រិះគន់ថា ការឃុំខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ គឺជាការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ ទៅលើអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល ដែលទង្វើនេះឆ្លុះបញ្ចាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដើរតាមគន្លងដឹកនាំតាមបែបផ្ដាច់ការដូចឪពុករបស់លោក តាមរយៈការរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិ៕
No comments:
Post a Comment