2024.05.03
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកវេទិកាជួបជុំអ្នកសារព័ត៌មាន ដើម្បីប្រៀនប្រដៅ និងអួតអាងថា ខ្លួនបានឱ្យតម្លៃដល់ស្ថាប័នព័ត៌មាន ដែលប្រកាន់គោលការណ៍វិជ្ជាជីវៈ និងអព្យាក្រឹត្យ។ ទោះជាយ៉ាងណាក្ដី អ្នកសារព័ត៌មានឯករាជ្យយល់ថា ជំនួបរវាងអ្នកកាសែត និងនាយករដ្ឋមន្ត្រីនេះ គ្រាន់តែជាជំនួបធម្មតា ដែលនឹងមិនអាចធ្វើឲ្យសេរីភាពសារព័ត៌មាន វិលទៅរកភាពល្អប្រសើរឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី៣ ខែឧសភា បានបើកវេទិកាជំនួបអ្នកសារព័ត៌មាន ៥ពាន់នាក់ ដែលភាគច្រើន អ្នកសារព័ត៌មានទាំងនោះ ជាអ្នកផ្សាយឃោសនាគាំទ្ររដ្ឋាភិបាល។
នៅក្នុងវេទិកានោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរៀប ឬធ្វើជាគ្រូបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងណែនាំ ស្ថាប័នព័ត៌មានទាំងអស់ឱ្យប្រកាន់គោលការណ៍វិជ្ជាជីវៈ ដើម្បីផ្ដល់មានពិត និងអព្យាក្រឹត្យ ដើម្បីរកដំណោះស្រាយទាន់ពេលវេលា។
លោក ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នៅក្នុងការគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា»។
មិនខុសពីឪពុក របស់លោកនោះទេ លោក ហ៊ុន ម៉ាណែត បានវាយប្រហារអ្នកសារព័ត៌មានឯករាជ្យ និងមិនបើកឱកាសឲ្យអ្នកសារព័ត៌មាន បានលើកឡើងអំពីបញ្ហា ឬចោទជាសំណួរទៅតាមវិជ្ជាជីវៈរបស់ពួកគេឡើយ ពោលគឺ លោកតែងតែកាន់ក្បាលមីក្រូនិយាយតែម្នាក់ឯងប៉ុណ្ណោះ។ បន្ទាប់មក មេដឹកនាំរូបនេះ បានប៉ាវអាហារ និងស្រា ឲ្យអ្នកសារព័ត៌មានទាំងនោះទទួលទានតាមសប្បាយ។
និពន្ធនាយក និងជាអ្នករាយការណ៍ព័ត៌មាន ឱ្យសំឡេងសហរដ្ឋអាមេរិក ហៅកាត់ វីអូអេ (VOA) លោក ស៊ុន ណារិន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែឧសភា ថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអ្នកសារព័ត៌មាននេះ ជាជំនួបធម្មតា។ លោកបន្តថា អ្វីដែលសំខាន់នោះគឺ រដ្ឋាភិបាលគួរតែគិតគូរអំពីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបាន ដែលអ្នកសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលដាក់ឱ្យថា តើនឹងជំរុញឱ្យបានឆាប់ៗ ក៏យ៉ាងណា។
លោក ស៊ុន ណារិន៖ «ជំនួបនឹងវាគ្រាន់តែជាការធម្មតា ក្នុងការជួបជុំទេ។ សំខាន់បំផុតថា តើការសំណូមពររបស់អ្នកសារព័ត៌មានឯករាជ្យ ក៏ដូចជា សមាគមអ្នកសារព័ត៌មាន ដែលធ្លាប់បានដាក់ សំណូមពរអំពីសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ទៅតាមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននោះ ថាតើ មានការពិចារណា ឬអត់?»។
សេរីភាពសារព័ត៌មាននៅកម្ពុជា នៅតែ រងការរិះគន់ថា អាក្រក់ខ្លាំងដោយសារតែគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយ ដែលរិះគន់លោក។ សន្ទស្សន៍ សេរីភាពសារព័ត៌មានពិភពលោក ដែលចេញផ្សាយដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Border) បង្ហាញថា កម្ពុជានៅតែស្ថិត ក្នុងចំណោមប្រទេសដែលមានស្ថានភាពលំបាកផ្នែកសេរីភាពសារព័ត៌មាន៕
1 comment:
Hun Sen boasted himself and his son of a bitch Hun Manet, while Hun Mane boasted Hun Sen and his wife.
If nobody admires you, you admire yourself.
Post a Comment