Friday 24 May 2024

ពលរដ្ឋ​បឹង​តា​មោក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​សមាជិកគ្រួសារ​ជាច្រើន​នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ


ដោយ ប្រាជ្ញ ចេវ
2024.05.23

ពលរដ្ឋ​បឹង​តា​មោក​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​សមាជិកគ្រួសារ​ជាច្រើន​នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ  
ពលរដ្ឋរងគ្រោះ​នៅតំបន់​បឹងតាមោក ខណ្ឌព្រែកព្នៅ មក​ឃ្លាំ​មើល សវនាការពលរដ្ឋនៅសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ឧសភា ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក​មួយចំនួន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង មាន​សម្ពាធ​ផ្លូវចិត្ត និង​ប្រឈម​បញ្ហា​គ្រួសារ ក្រោយពេល​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជាច្រើន​ករណី ដោយសារ​ការ​តស៊ូ​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ជាធំ ជាជាង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​ដែល​បង្ក​ឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​តាមោក​លើកឡើង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ និង​តុលាការ​កំពុង​ដាក់​សម្ពាធ​បន្ថែម​លើ​ពួកគាត់ ខណៈ​កុមារ​ខ្លះ​មិន​បាន​ទៅ​សាលារៀន និង​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​ស្មារតី​មិនល្អ ដោយសារ​តុលាការ​ចេញ​ដីកា​កោះហៅ​ជា​បន្តបន្ទាប់។

ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សមាជិក​គ្រួសារ​របស់​លោកស្រី​ចំនួន​៣​នាក់​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ដោយសារ​ប្រើ​សិទ្ធិ​សេរីភាព​ការពារ​ដី​លំនៅឋាន​។ លោកស្រី​បន្ត​ថា ដោយសារ​បញ្ហា​បាត់បង់​ប្រាក់ចំណូល និង​មាន​ដីកា​កោះហៅ​ឡើង​តុលាការ​ជា​ញឹកញាប់​ផង​នោះ​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​រស់នៅ​មិន​ចុះសម្រុង​គ្នា។

លោកស្រី សឿន ស្រីសុទ្ធ៖ «ដេក​គិត​ដេក​ព្រួយ​មិន​ហ៊ាន​ដើរ​ចោល​ផ្ទះ​ទេ ខ្លាច​មកវិញ​គេ​កាយ​ផ្ទះ​រលំ ឬ​ចាក់​ដី​លើ​ផ្ទះ​គិត​សព្វបែបសព្វយ៉ាង​ពីព្រោះ​ដំណោះស្រាយ​កាន់តែ​តវ៉ា​កាន់តែ​ទាមទារ​សិទ្ធិ​រស់នៅ​ពួកគាត់​តែងតែ​បន្ទាប​តម្លៃ ឬក៏​គំរាមកំហែង​មក​លើ​ប្រជា​សហគមន៍​ជា​បន្តបន្ទាប់»

 

ជារឿយៗ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​តែងតែ​គំរាមកំហែង ប្រើ​អំពើ​ហិង្សា និង​តាម​ឃ្លាំមើល​ពលរដ្ឋ​ដោយសារ​ពួកគាត់​មិន​ព្រម​ដោះដូរ​ដី​ទៅ​រស់នៅ​ទីតាំង​ថ្មី​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​។ បញ្ហា​ពលរដ្ឋ​មិន​ព្រម​ដោះដូរ​នេះ​បាន​ធ្វើ​ឱ្យ​ពួកគាត់​ជាប់​បណ្ដឹង​នៅ​តុលាការ​ជាច្រើន​ករណី​ដោយ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​គឺជា​អ្នកប្ដឹង រហូត​ដល់​តំណាង​សហគមន៍​ម្នាក់ គឺ​លោកស្រី ប្រាក់ សុភា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។

ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក គឺ​លោកស្រី ស៊ា ដាវី ថ្លែង​ថា ក្រោយពី​រង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ជា​បន្តបន្ទាប់​ហើយ​នោះ ពលរដ្ឋ​មួយចំនួន​បាន​ប៉ះទង្គិច​ផ្លូវចិត្ត ដេក​មិន​លក់ ដោយសារ​ខ្លាច​បាត់បង់​ដី​លំនៅឋាន​ដែល​ជា​ទ្រព្យសម្បត្តិ​សេសសល់​ចុងក្រោយ​របស់​ពួកគាត់។

លោកស្រី ស៊ា ដាវី៖ «រំខាន​មែនទែន​ទី​១​ខាត​ពេលវេលា​រកស៊ី​សម្ពាធ​ផ្លូវចិត្ត​យើង​ត្រូវ​ចំណាយ​ថវិកា​ផ្សេងៗ​ទាំង​មធ្យោបាយ​ធ្វើដំណើរ ទៅ​រក​អ្នកច្បាប់​អ្នក​អី​សម្រាប់​ការពារ ហើយ​យើង​អត់​មាន​ពេលវេលា​រកស៊ី​ទេ​យើង​ដើរ​ចោលផ្ទះ​ចោល​សម្បែង​រហូត​។ ម្ង៉ៃៗ​ដើរ​តស៊ូ​មតិ​រឿង​ដីធ្លី​ដឹង​ស្រាប់​ហើយ​បឹង​តា​មោក​ហ្នឹង​គឺ​អាជ្ញាធរ​មក​ធ្វើទុក្ខបុកម្នេញ រុកកួន​ប្រជាពលរដ្ឋ​មិន​ឱ្យ​មាន​សេចក្ដី​ខុស និយាយ​ទៅ​មួយ​ខែ​ទល់​មួយ​ខែ​ក្នុង​ខែឧសភា ឡើង​តុលាការ​៤​ដង​ហើយ​វា​មិន​តិច​ទេ»

ជាមួយ​គ្នា​នេះ ពលរដ្ឋ​បឹង​តាមោក​ម្នាក់ទៀត​គឺ លោកស្រី អំ ភឿន រៀបរាប់​ថា កាល​ពី​ថ្ងៃទី​២១ ខែ​ឧសភា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឱ្យ​លោកស្រី និង​កូនស្រី​២​នាក់​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ​ពី​បទ «ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​» និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​១​លាន​រៀល (.០០០.០០០) ។ លោកស្រី​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​នេះ គឺជា​ការ​គំរាមកំហែង និង​ដាក់​បន្ទុក​ដល់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី។

លោកស្រី អំ ភឿន៖ «និយាយ​ទៅ​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​អ្នក​ក្រីក្រ​គឺ​គ្មាន​ទេ​សម្រាប់​សហគមន៍​បឹង​តាមោក។ យុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ​គឺ​គ្មាន​ទេ មានតែ​យុត្តិធម៌​ចំពោះ​អ្នកមាន​លុយ​មានអំណាច​ទេ​រាល់ថ្ងៃ​អ៊ីចឹង​បាន​ខ្ញុំ​ស្រែកយំ​រាល់ថ្ងៃ​អំពាវនាវ​ទៅដល់​សារព័ត៌មាន​គ្រប់​ទាំង​ក្រៅប្រទេស​ទាំង​ក្នុង​ប្រទេស​ឱ្យ​គេ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​គេ​ជួយ​ដឹង​លឺ​ថា ប្រជា​សហគមន៍​សំរោង​ត្បូង​រង​ពាក្យបណ្ដឹង​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ហ្នឹង​តែម្ដង»

ក្រៅពី​លោកស្រី អំ ភឿន លោកស្រី ស៊ា ដាវី និង​លោកស្រី សឿន ស្រីសុទ្ធ ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ហើយ​នោះ នៅ​មាន​ពលរដ្ឋ​បឹង​តាមោក​ប្រមាណ ១៥​នាក់​ទៀត​ក៏​កំពុង​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ក្រោម​បទ​ចោទ​ដូចគ្នាៗ​គឺ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​»​នៅពេល​ពួកគាត់​ចេញ​រារាំង​មិន​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះសម្បែង​របស់​ពួកគាត់។

ជាង​នេះ​ទៅ​ទៀត កាលពី​ថ្ងៃទី​០៨ ខែឧសភា អភិបាលខណ្ឌ​ព្រែក​ព្នៅ លោក ធឹម សំអាន បាន​ចេញ​លិខិត​ព្រមាន​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ចំនួន ៦​គ្រួសារ ឱ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​លំនៅឋាន​ជាបន្ទាន់​ដោយ​ទុក​ពេល​ឱ្យ​ត្រឹម​ថ្ងៃ​២៤ ខែ​ឧសភា។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាលខណ្ឌ​ព្រែកព្នៅ លោក ធឹម សំអាន និង​ប្រធាន​ក្រុម​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ដីធ្លី ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក យិន ម៉េងលី លើកឡើង​ថា ការ​ប្ដឹង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទៅ​តុលាការ​មិនមែន​ជា​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់​ឡើយ ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ និង​កូនៗ​បាត់បង់​អនាគត។

លោក យិន ម៉េងលី៖ «បង្វែរ​រឿង​នេះ​មក​ធ្វើ​ការ​ចរចា​សម្រុះសម្រួល​គ្នា​ខ្ញុំ​គិត​ថា គ្មាន​អី​ប្រសើរ​ជាង​ចរចា​សម្រុះសម្រួល​ទេរ​វាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ពីព្រោះ អ្នក​ទាំង​២​អាស្រ័យ​គ្នា​មិន​អាច​អត់​ប្រជាពលរដ្ឋ​បាន​ទេ។ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ការ​អាជ្ញាធរ​ដែរ អ៊ីចឹង​វា អាស្រ័យ​គ្នា​ទៅវិញទៅមក​អ៊ីចឹង​គប្បី​តុលាការ​ទម្លាក់​បទ​ចោទ​ទាំងអស់ ហ្នឹងហើយ​បង្វិល​បញ្ហា​នេះ​មក​ឱ្យ​អាជ្ញាធរ​ធ្វើការ​សម្រុះសម្រួល​ឡើង​វា​​ជា​ការ​ល្អ​ដើម្បី​មុខមាត់​រដ្ឋាភិបាល​យើង​ផង»

ចាប់តាំងពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល​ដី​នៅ​តំបន់​បឹង​តាមោក​ឱ្យទៅ​បក្ខពួក និង​សែស្រឡាយ​ដែល​ស្និទ្ធ​នឹង​លោក យក​ទៅ​ធ្វើជា​កម្មសិទ្ធិឯកជន​មក ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​រស់​អាស្រ័យ​ផល​ពី​បឹងតាមោក​បាត់បង់​ប្រភព​ចំណូល​ទាំងស្រុង។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ធ្លាក់ខ្លួន​ក្រីក្រ ជំពាក់​បំណុល​ធនាគារ អ្នកខ្លះ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ហើយ​អ្នក​ខ្លះទៀត​លក់​ប្រហុក​ផ្អក​បន្តិចបន្តួច គ្រាន់​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។​

កាលពី​ថ្ងៃទី​១៥ ខែឧសភា អង្គការ​សមាគម​ធាងត្នោត​បាន​ចេញ​របាយ​ការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា «​សុវត្ថិភាព​ដីធ្លី​នៃ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង បញ្ហា​ប្រឈម និង​ដំណោះស្រាយ​»​។ អង្គការ​សមាគម​ធាងត្នោត​រកឃើញ​ថា មាន​សហគមន៍​ក្រីក្រ​ចំនួន​១១ នៅ​រាជធានី​ភ្នំពេញ​ក្នុង​នោះ​ក៏​មាន​សហគមន៍​សំរោង​ត្បូង​ផង​ដែរ កំពុង​ជួបប្រទះ​បញ្ហា​ដីធ្លី និង​លំនៅឋាន បញ្ហា​ជីវភាព ការ​បាក់​ទឹកចិត្ត ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ និង​ការចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ជាដើម​។ អង្គការ​សមាគម​ធាងត្នោត​បញ្ជាក់​ថា ពលរដ្ឋ​រស់នៅ​ជាប់​បឹងតាមោក ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ដោយ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​ដោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មាន​សិទ្ធិ​សាងសង់​បុរី និង​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ប៉ុន្តែ​មិន​ព្រម​កាត់​ឆ្វៀល​ដី និង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យ​ពលរដ្ឋ​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ទទូច​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​ពីព្រោះ​បច្ចុប្បន្ន​ដី​ដែល​នៅសល់​មិន​ដល់ ៥​ហិកតារ​នោះ​ទេ។ ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ឈប់​ធ្វើទុក្ខបុកម្នេញ និង​ចាត់ទុក​ពលរដ្ឋ​ដែល​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជា​សត្រូវ ដែល​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ និង​កូនៗ​បាត់បង់​អនាគត៕

No comments: