Thursday 9 May 2024

បក្ស​កម្លាំង​ជាតិ​ថ្កោលទោស​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស


ដោយ ខាន់ លក្ខិណា
2024.05.09

បក្ស​កម្លាំង​ជាតិ​ថ្កោលទោស​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស 

លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ក្នុង​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​វាល​យន្តហោះអន្តរជាតិ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ


គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​លោក ស៊ុន ចន្ធី ឱ្យ​មាន សេរីភាព​វិញ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ។ ប៉ុន្តែ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា ការ​ចាប់​ខ្លួន​នេះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​វាល​យន្តហោះ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែឧសភា បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន។

គណបក្ស​កម្លាំង​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នេះ​ថា ជា​ការ​គំរាម​កំហែង បំភិតបំភ័យ និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ មក​លើ​គណបក្ស និង​ជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា។



ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃ​ទី៩ ខែឧសភា​គណបក្ស​នេះ​អំពាវនាវ ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ សម្រាប់​គណបក្ស​កម្លាំង​ជាតិ ក្នុង​ការ​ចូលរួម​ចំណែក​លើ​កម្ពស់​សិទ្ធិ​សេរីភាព និង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ខែឧសភា ថា ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នេះ គឺ​ជា​ការ​គំរាម​កំហែង​ថ្មី​មួយ​ទៀត ទៅ​ដល់​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស។ លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី នេះ ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ អនុវត្ត​ច្បាប់។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ច្រាន ចោល ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ការ​ឃាត់​ខ្លួន គឺ​អនុវត្ត​តាម​ច្បាប់។

លោក សំ វិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ខែឧសភា​ថា ការ​ឃាត់​ខ្លួន​លោក ស៊ុន ចន្ធី គឺ​អនុវត្ត​តាម​ដីកា​ឱ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី០៧ ខែឧសភា។ លោក​ថា សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​បន្ត​នីតិវិធី ។

    លោក សំ វិច្ឆិកា៖ «បុគ្គល​ឈ្មោះ ស៊ុន ចន្ធី នេះ រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​រយៈ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន​មិន​ពិត​នាំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម»។

ក្នុង​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ ចុះ​ថ្ងៃ​ទី៧ ខែឧសភា បាន​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​លោក ស៊ុន ចន្ធី បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី២៣ ខែឧសភា ដើម្បី​សាកសួរ​ដំណើរ​រឿង «ញុះញង់»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា កត់​សម្គាល់​ថា ដំណាក់កាល​ចុង​ក្រោយ​នេះ មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ ជាពិសេស សកម្មជន​បក្ស​ប្រឆាំង​កាន់តែ​បន្ត​កើន​ឡើង ស្រប​ពេល​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ ក្នុង​ពេល​ខាង​មុខ។

លោក​ថា ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​មុន​ការ​បោះ​ឆ្នោត​មក​ដល់​នេះ អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដែរ ពីព្រោះ​អ្នក​ដែល​ត្រូវ​សមត្ថកិច្ច ចាប់​ខ្លួន​មួយ​ចំនួន គឺ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ​ថែម​ទៀត។

លោក នី សុខា បន្ត​ថា ប្រសិនបើ​នៅតែ​បន្ត​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ទៀត​នោះ រដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​ការ​ដាក់​សម្ពាធ​ផ្សេងៗ ពី​សហគមន៍​អន្តរជាតិ ហើយ​មុខមាត់​រដ្ឋាភិបាល ក៏​ប៉ះពាល់​ខ្លាំង​ដែរ នៅ​លើ​ឆាក​អន្តរជាតិ។

អាជ្ញាធរ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ រិះគន់​មក​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​សិទ្ធិ​សេរីភាព​កាន់តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ពួក​គេ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះ​លែង​អ្នកទោស​មនសិការ ជាពិសេស មេ​ដឹក​នាំ​បក្ស​ប្រឆាំង និង ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​ឱ្យ​បាន​នូវ​ការ​បោះ​ឆ្នោត ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ព្រមទាំង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ឱ្យ​មាន​ភាពឯករាជ និង​មិន​លំអៀង ស្រប​តាម​ស្តង់ដារ​អន្តរជាតិ៕

No comments: