Saturday 11 May 2024

តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ពន្ធនាគារ ម៤ ខេត្តពោធិ៍សាត់

Khmer Circle

Ever wonder what would have become of Cambodia had Pol Pot and his 'clique' chosen to kow tow to Hanoi's demands and wishes? Well, the Khmer people would be experiencing something not too dissimiliar to what they are experiencing today. The country - according to their oft-quoted rhetoric - "is neither free (democracy) nor Communist" (dictatorial)!

Actually, it is more dictatorial than free and pretty much a consequence of Hanoi's readiness to swim with the tide (doi moi) economically and a bit of restructuring or facelift politically to accommodate that economic necessity and failure of strict central planning favoured by the Communist Bloc up until the 1970's and 1980's.  

So this is what Khmer Rouge 2.0 means for the Khmer people and their country, replete with all the same old former KR faces and their blood-soaked hands albeit disguised in the most prized Western suits money can buy. In fact, it is 'the suits' that have seen them rubbing shoulders with Western leaders in Paris, New York, Tokyo, at the UN and even at its human rights Councils! Cambodia is, after all, endowed with this principle called constitutional democracy or multi-party political system – minus any viable political opposition parties.  

That's what 'Doi Moi' means in practice...

^^^

ដោយ ច័ន្ទ ដារ៉ូ
2024.05.10

តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ពន្ធនាគារ ម៤ ខេត្តពោធិ៍សាត់  
(រូបឆ្វេង) ​លោកស្រី យាន ស្រីយ៉ាន ប្រពន្ធ​ និង​លោក ស៊ុន ចន្ធី ប្រធាន​បក្ស​កម្លាំង​ជាតិ បង្ហោះលើ​ហ្វេសប៊ុក​របស់​លោកស្រី ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២៤៊
រូប៖ ហ្វេសប៊ុក​របស់​លោកស្រី យាន ស្រីយ៉ាន

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ពន្ធនាគារ ម៤ នៅ​ជើង​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Face book)។ គ្រួសារ​​មេគណបក្ស​កម្លាំង​ជាតិ​ខកចិត្ត និង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ។

ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែឧសភា​ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​មេ​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ​ក្នុង​តំបន់​ដាច់ស្រយាល ​ស្ថិត​នៅ​ជាប់​ជើង​ភ្នំក្រវាញ ខេត្តពោធ៍សាត់ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ចែក​ប័ណ្ណ​ក្រីក្រ​មាន​ការ​រើសអើង រួម​ទាំង​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ស៊ុន ចន្ធី ដែល​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​មតិ​រួម​តូច និង​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក រ៉ុង ឈុន៖ «សិទ្ធិ​សេរីភាព​នៅ​​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ ហើយ ក្នុង​នាម​បក្ស​ប្រឆាំង​យើង​ដាក់​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ទាំងអស់​នេះ យើង​ចង់​ឃើញ​កម្ពុជា​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ ឬ​ដូចជា​លំហ​សេរីភាព សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ឱ្យ​ស្មើភាព​គ្នា​សម្រាប់​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​បាទ»

 

ចំណែក​ប្រពន្ធ​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​ចូល​ជួប​សួរ​សុខទុក្ខ​ប្ដី​នោះ​ទេ។ លោកស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​ប្ដី​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ចំពោះ​អ្នក​តស៊ូ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​ផល​ប្រយោជន៍​ជាតិ។ លោកស្រី​ទាមទារ​តុលាការ​ដោះលែង​ប្ដី​មក​វិញ ពីព្រោះ​អ្វី​ដែល​គាត់​ជា​អ្នក​នយោបាយ​លើក​ឡើង​អំពី​បញ្ហា​សង្គម​នោះ គឺ​ជា​រឿង​ពិត​ដែល​រដ្ឋាភិបាល​គួរ​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការ​រិះគន់​ពី​គ្រប់​និន្នាការ​ទាំង​អស់។

លោកស្រី យាន ស្រីយ៉ាន៖ «ទឹក​ចិត្ត​ខ្ញុំ និង​ប្ដី​របស់​ខ្ញុំ​ដូច​គ្នា​មិន​តក់ស្លុត​ទេ មិន​តក់ស្លុត​ទេ ហើយ​រូបភាព​ទាំងនេះ​បង្ហាញ​ថា​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​កំពុង​គំរាមកំហែង ចំពោះ​អ្នក​នយោបាយ​ស្រឡាញ់​ប្រទេស​ជាតិ ដោយ​មាន​ការ​គំរាម​កំហែង​ជា​រូបភាព​នយោបាយ ដោយ​ចេះ​តែ​ចោទ​បទ​អ៊ីចេះ បទ​អ៊ីចុះ​ផ្ទុយ​នឹង​ច្បាប់»

សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​វាល​យន្តហោះ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែឧសភា បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​ជប៉ុន។

ក្រសួងយុត្តិធម៌​បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ឃាត់ខ្លួន​នេះ គឺ​អនុវត្ត​តាម​ច្បាប់ ក្រោម​ហេតុផល​ចោទ​ថា លោក ស៊ុន ចន្ធី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល ទាក់ទង​ការ​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ មាន​ភាព​លម្អៀង និង​រើសអើង ហើយ​មួលបង្កាច់​នាំ​ឱ្យ​ពលរដ្ឋ​យល់​ច្រឡំ ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល ដែល​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។

ទោះ​ជា​យ៉ាង​ណា ក្ដី នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត កត់សម្គាល់​ថា​មុន​បោះឆ្នោត​សកល​និង​អសកល គឺ​តែងតែ​មានការ ចាប់ខ្លួន​មេដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ថា​ករណី​ចាប់ខ្លួន​លោក ស៊ុន ចន្ធី ដែល​ជា​មេដឹកនាំ​បក្ស​ជំទាស់​នេះ នឹង​ធ្វើ​ឱ្យ​មាន​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ ទាក់ទង​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​បន្ថែម​ទៀត។

លោក អំ សំអាត៖ «សេរីភាព​បញ្ចេញមតិ គឺ​មាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស។ អ៊ីចឹង យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ ក៏​ដូច​ជា តុលាការ​ពិនិត្យ​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង​ថា អ្វី​ជា​របៀប​បញ្ចេញ​មតិ អ្វី​ជា​បទល្មើស ជៀសវាង។ កាលណា​យើង​បែងចែក​មិន​បាន​ច្បាស់លាស់ អា​ហ្នឹង​នាំ​ឱ្យ​មាន​ការ​រិះគន់ ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ​ហ្នឹង​បាទ»

លោក ស៊ុន ចន្ធី អាយុ ៤៤ឆ្នាំ ជា​អតីត​ជំនួយការ​លោក សម រង្ស៊ី។ លោក រួម​ជាមួយ​អតីត​មេដឹកនាំ​សហជីព គឺ​លោក រ៉ុង ឈុន លោក ជា មុនី និង​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​បង្កើត​គណបក្ស​កម្លាំង​ជាតិ នៅ​ខែតុលា ឆ្នាំ២០២៣ ក្រោយ​ពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ កាល​ពី​ខែកក្កដា ឆ្នាំ២០២៣ កន្លង​ទៅ។ បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នេះ​ចំនួន​បី​នាក់ កំពុង​ជាប់​ពន្ធនាគារ​ពី​បទ ញុះញង់ និង​រួមគំនិត​ក្បត់។

មក​ទល់​ពេល​នេះ ការ​ចាប់​ខ្លួន​អ្នកនយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស មេ​សហជីព និង​អ្នក​បញ្ចេញ​មតិ​រិះគន់ បាន​កើន​ឡើង​ដល់​ចំនួន​ជាង ៦០នាក់​ហើយ។ ក្នុង​ចំណោម​នោះ​ចំនួន ២៨នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រោម​អំណាច​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត រយៈ​ពេល ៩ខែ ដោយ​ករណី​ទាំងនេះ​មិន​ទាន់​រាប់​បញ្ចូល​អ្នក ដែល​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ប្ដូរ​នឹង​ការ​ដោះ​លែង​ឱ្យ​នៅ​ឃុំ​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ទាំង​នេះ គ្រាន់តែ​ជា​រូបភាព​នយោបាយ។ ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​លើ​សំឡេង​ប្រឆាំង និង​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន និង​អ្នក​នយោបាយ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​ឥត​លក្ខខណ្ឌ៕

No comments: