Sunday 2 June 2024

អង់គ្លេស​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​កម្ពុជា


ដោយ ច័ន្ទ ដារ៉ូ
2024.06.01
 
អង់គ្លេស​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​កម្ពុជា
ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិច វីល្លៀម (Dominic Williams) (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នៅ​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ជំទាស់​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ទទួលយក​អនុសាសន៍​របស់​ឯកអគ្គ​រដ្ឋទូត​នៃ​ប្រទេស​លោក​សេរី​ទៅ​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ បើក​លំហ​សេរីភាព​ពលរដ្ឋ​ឡើងវិញ​ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ ។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ជំរុញ​ដល់​កម្ពុជា​ធានា​នូវ​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល និង​កិច្ច​សន្ទនា​នយោបាយ​ចម្រុះ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន នៅ​ថ្ងៃទី​៣០ ខែ​ឧសភា។

មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការណ៍​ដែល​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​រំលឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការគាបសង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ និង​សង្គម​ស៊ីវិល ហើយ​ជំរុញ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​គឺជា​កាតព្វកិច្ច​ប្រទេស​ទាំងនោះ​។ ពួកគាត់​សង្ឃឹមថា រដ្ឋាភិបាល​នឹង​មាន​ភាព​ឈ្លាសវៃ​ទទួលយក​អនុសាសន៍​ទាំងនោះ​ទៅ​ពិនិត្យ​ដោះស្រាយ​ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណើ​របស់​មន្ត្រី​ការទូត​ទាំងនេះ​ដើម្បី​ឱ្យ​កម្ពុជា​យក​ទៅ​ពិចារណា​ដោះស្រាយ​ចំណុច​ខ្វះខាត​ដោយ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​លើ​បញ្ហា​កម្ពុជា​នោះ​ទេ។

លោក អំ សំអាត៖ «កម្ពុជា​មានការ​កែ​លម្អ​ឱ្យ​ប្រសើរ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ជាពិសេស​មុខមាត់​លើ​ឆាក​អន្តរជាតិ ហើយ​បើសិនជា​កម្ពុជា​មិនបាន​បំពេញ​ឱ្យ​ល្អ​ប្រសើរ​ទេ យើង​ឃើញ​ហើយ​កន្លងមក​យើង​មានការ​ខាតបង់​ច្រើន​ដែរ​ទាក់ទង​នឹង​រឿង​អ៊ីប៊ីអេ (EBA) របស់​សហភាព​អឺរ៉ុប និង​ជីអេសភី (GSP) របស់​សហរដ្ឋអាមេរិក​ជាដើម ក៏​គេ​លើកឡើង​អំពី​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង​ផង​ដែរ»

 

ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក (Facebook) អំពី​ជំនួប​រវាង​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិច វីល្លៀម (Dominic Williams) ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា នៅ​វិមាន​ព្រឹទ្ធសភា ដោយ​ជជែក​លើ​ប្រធានបទ​ជាច្រើន រួមមាន​គោលនយោបាយ​ការបរទេស​សំខាន់ៗ ទំនាក់​ទង​ទ្វេភាគី និង​ឱកាស​ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាដើម​។ ទោះ​យ៉ាងណា​បញ្ហា​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​លោក ដូមីនិច ប្រាប់​នៅ​ចំពោះមុខ​លោក ហ៊ុន សែន ថា ការ​ធានា​ឱ្យ​មាន​លំហ​សម្រាប់​សង្គម​ស៊ីវិល និង​មតិ​ចម្រុះ​នៅក្នុង​កិច្ច​សន្ទនា​នយោបាយ​គឺជា​រឿង​ចាំបាច់​។ ក្រៅ​ពី​នេះ​ឯកអគ្គរាជទូត​អង់គ្លេស​ក៏បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជាច្រើន​ទៀត​លើ​ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ផង​ដែរ។

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក ដូមីនិច វីល្លៀម ( Dominic Williams) សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​បាន​ចាត់ទុក​ជំនួប​ជាមួយ​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺជា​កិច្ច​សន្ទនា​ដ៏​ទូលំទូលាយ​អំពី​របៀប​ដែល​ចក្រ​អង់គ្លេស និង​កម្ពុជា​អាច​សហការ​គ្នា​លើ​បញ្ហា​ទាំងនេះ។ចំណែក​លោក​ប្រធានព្​រឹទ្ធសភា​លោក ហ៊ុន សែន វិញ​លោក​ក៏បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​អំពី​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ដែរ ប៉ុន្តែ​លោក​មិនបាន​លើកឡើង​អំពី​ការ​ជជែក​រឿង​លំហ​សេរីភាព​សង្គម​ស៊ីវិល ឬ​នយោបាយ និង​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​កែ​លម្អ​រឿង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ លោក ហ៊ុន សែន លើកឡើង​ថា ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ ការពារ​ជាតិ និង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត។ បន្ទាប់​មក​លោក ហ៊ុន សែន ជំរុញ​ឱ្យ​អង់គ្លេស​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​គឺ ហ៊ុន ម៉ាណែត លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជា​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បារម្ភ​ថា បើ​សិន​រដ្ឋាភិបាល​កម្ពុជា គ្មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នោះ​ទេ កម្ពុជា​នឹង​ទទួលរង​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច ការទូត និង​អាច​ទទួលរង​ទណ្ឌកម្ម​ជាពិសេស​ពី​អាមេរិក សហភាព​អឺរ៉ុប​បន្ថែម​ទៀត ហើយ​បញ្ហា​នេះ​អ្នក​ដែល​រងគ្រោះ​ពី​រឿង​នេះ​គឺ​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់។

លោក រ៉ុង ឈុន៖ «ដើម្បី​ប្រយោជន៍​កម្មករ ប្រយោជន៍​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ប្រទេសជាតិ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើងវិញ​ជុំវិញ​ការ​ស្ដារ​ឡើងវិញ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​វា​បាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​បាន​ធានា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ ខែ​តុលា ១៩៩១ ហ្នឹង»

ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្រោយ​ពី​តុលាការ​ក្រោម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស កាលពី​ចុងឆ្នាំ​២០១៧ រួច​រៀបចំ​ការបោះឆ្នោត​ដោយ​ប្រមូល​យក​អាសនៈ​សភា​មកកាន់​កាប់​ទាំងស្រុង​។ បន្ទាប់មក​លោក ហ៊ុន សែន បាន​បង្ក្រាប​លើ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រាំង​ខ្ទប់​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ មិន​ឱ្យ​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៧ ដើម្បី​សម្រេច​មហិច្ឆតា​ការផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ទៅ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត និង​បក្ខ​ពួក​ខ្លួន​នោះ​ដោយ​គ្មាន​ឧបសគ្គ៕

1 comment:

Anonymous said...


Hun Sen heeds a steel pipe on his head, otherwise he won't change anything.