Wednesday, 26 June 2024

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទុក​ចិត្ត​លើ​តុលាការ​​ក្នុង​ករណី​ឃាតកម្ម​គូ​ស្នេហ៍​វ័យ​ក្មេង

Khmer Circle

Justice should be 'blind' and not be determined by those in power. Can the Khmer people also expect justice from the courts when it comes to being dispossessed off their lands, trying to stop the wholesale destruction of the environment or instances of abuse by the rich and powerful in society who are well connected to the political elite?

^^^

ដោយ ថា ថៃ
2024.06.25

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ទុក​ចិត្ត​លើ​តុលាការ​​ក្នុង​ករណី​ឃាតកម្ម​គូ​ស្នេហ៍​វ័យ​ក្មេង  
(ឆ្វេង) ឧកញ៉ា ស្រី ស៊ីណា ជនសង្ស័យជា​ខ្មាន់កាំភ្លើង ដែលត្រូវបាន​នគរបាល​ចាប់ខ្លួន​ក្នុង​ករណីបាញ់សម្លាប់មនុស្ស ២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ជឿជាក់​លើ​តុលាការ​ក្នុង​ករណី​នេះ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង​នគរបាល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ដោះស្រាយ​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​បាញ់​សម្លាប់​គូ​ដណ្ដឹង​វ័យ​ក្មេង​មួយ​គូ។ ប៉ុន្តែ​អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អ្នក​ឃ្លាំមើល យល់ថា ពលរដ្ឋ មិន​អាច​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ។

បន្ទាប់​ពី​សាធារណជន​ផ្ទុះ​កំហឹង ចំពោះ​ករណី​ឃាតកម្ម​លើ​គូ​ដណ្ដឹង​វ័យ​ក្មេង ១គូ និង​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទោស​ទណ្ឌ​តិចតួច​លើ​ជន​ដៃដល់​ធ្លាប់​មាន​គោរមងារ​ជា «ឧកញ៉ា» នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២៥ មិថុនា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ស្ងៀមស្ងាត់ ដើម្បី​ទុក​កិច្ចការ​នេះ​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់​ចាត់ចែង និង​ដោះស្រាយ​ទៅ​តាម​ច្បាប់។

បន្ថែម​ពី​នេះ លោក​សូម​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់ការ និង​ដោះ​ស្រាយ​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ ចំពោះ​ករណី​ឃាតកម្ម​នេះ។ ទោះ​ជា​បែប​នេះ​ក្តី តាម​រយៈ​សារ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក ហ៊ុន ម៉ាណែត ក៏​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ និង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ​ឱ្យ​បាន​តឹងរ៉ឹង ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។

 

បន្ទាប់​ពី​បង្ហោះ​សារ​នេះ​រួច ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​មួយ​ទៀត ដោយ​ណែនាំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឲ្យសិក្សា និង​រៀបចំ​បញ្ចូល​ទៅ​ក្នុង​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នា​ពេល​ខាង​មុខ​នូវ​ចំណុច​ខ្វះខាត​ទាំង​ឡាយ​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ជាពិសេស ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការ​ដាក់​ទម្ងន់​ទោស ចំពោះ​ស្ថានភាព​នៃ​បទ​ល្មើស ដូច​ករណី នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​របស់​ជន​ល្មើស ស្រី ស៊ីណា។ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​បន្ទាប់​ពី​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ វង់ច័ន្ទ រស្មីតារា (Vongchan Reaksmeidara) បាន​ផ្ញើ​សារ​ទៅ​លោក​ថា ច្បាប់​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា១៩៩ ដល់​មាត្រា២០៥ ដែល​ចែង​អំពី​បទល្មើស​ឃាតកម្ម​នោះ នៅ​ចន្លោះ​ប្រហោង ដែល​ចាំបាច់​ត្រូវ​កែប្រែ​ដោយ​បន្ថែម​ស្ថាន​ទម្ងន់​ទោស បើ​ពុំ​នោះ​ទេ ទោះបី​ចៅក្រម​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​យ៉ាង​ណា ក៏​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​រង​គ្រោះ​បាន​ដែរ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ទោះ​បី​ពេល​នេះ តុលាការមិន​អាច​ផ្ដន្ទាទោសជន​ល្មើស​លើស​ពី​អ្វី ដែល​ច្បាប់​បាន​ចែង ឬ​បញ្ញត្តិ​ក្តី ក៏​ថ្ងៃ​អនាគត អាច​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បង្កើន​ទម្ងន់​ទោស​ទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​បែប​នេះ។

ទោះជាយ៉ាងណាក្ដី អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត លើក​ឡើង​ថា ច្បាប់​ក្រម​ព្រហ្មទណ្ឌ​បច្ចុប្បន្ន​នេះ មាន​ភាព​ខ្លាំង​គ្រប់គ្រាន់​រួច​ទៅ​ហើយ ប៉ុន្តែ​រឿង​សំខាន់ គឺ​តុលាការ​ទៅ​វិញ​ទេ ដែល​មាន​បញ្ហា​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​ស៊ើប​អង្កេត​រឿង​ក្តី​មិន​ដល់​ឫសគល់។ លោកយល់ថា អំពើ​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​សម្លាប់​មនុស្ស ២នាក់ និង​ពីរ​នាក់​ទៀត​រង​របួស គួរតែ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ចែង​ពី​ការ​ដាក់​ពន្ធនាគារ​មួយ​ជីវិត។

អ្នកឃ្លាំមើលយល់ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ លុះ​ត្រា​តែ​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​យុត្តិធម៌​ជា​មុន​សិន។ ពួក​គាត់​សង្កេត​ឃើញ​ថា អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ទសវត្ស​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ ប្រជាពលរដ្ឋ​ខ្មែរ​ពិបាក​នឹង​ជឿជាក់​ថា ពួក​គាត់​អាច​ទទួល​បាន​យុត្តិធម៌​ណាស់។

អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី ថ្លែង​ថា ករណី​លោក ហ៊ុន ម៉ាណែត ចេញ​សារ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​អនុវត្ត​ឲ្យ​បាន​យុត្តិធម៌​​ក្នុង​ករណី​ឃាតកម្ម​ថ្មីៗ នេះ និង​អំពាវនាវ​ដល់​ពលរដ្ឋ​​ឱ្យ​ទុក​ចិត្ត​លើ​តុលាការ​នោះ ជា​ការ​ចេញ​មក​សម្រួល​ស្ថានការណ៍​ប៉ុណ្ណោះ ដោយសារ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​មហាជន និង​ឈាន​ដល់​ការ​វាយ​តម្លៃ​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ជា​ពិសេស លើ​វិស័យ​យុត្តិធម៌។ លោកថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរតែ​ប្រើ​អំណាច​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ពលរដ្ឋ​ឡើង​វិញ មិនមែន​ត្រឹម​តែ​ចេញ​សារ​អំពាវនាវ​ធម្មតា​នោះ​ទេ។

រយៈ​ពេល​ជាង ១សប្តាហ៍​មក​នេះ ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផង បាន​ផ្ទុះ​កំហឹង​ខ្លាំង ចំពោះ​តុលាការ ដែល​ប្រើប្រាស់​បទ​ចោទ​ស្រាល​ទៅ​លើ​ជន​ល្មើស​មាន​ងារ​ជា​ឧកញ៉ា គឺ​លោក ស្រី ស៊ីណា ដែល​ប្រើប្រាស់​កាំភ្លើង​ចូល​ទៅ​បាញ់​សម្លាប់​ជន​រងគ្រោះ​ដល់​ក្នុង​ផ្ទះ។ ការ​បាញ់​ប្រហារ​នោះ បណ្ដាល​ឲ្យ​គូ​ដណ្ដឹង​ជិត​រៀបការ ១គូ ស្លាប់​បាត់បង់​ជីវិត និង ២នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។ ពលរដ្ឋ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ទាមទារ​តុលាការ​ឱ្យ​កាត់ទោស​អតីត​ឧកញ៉ា ស្រី ស៊ីណា ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ​ទើប​សម​នឹង​ទង្វើ​ឃោរឃៅ​នោះ។

អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ពិនិត្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី និង​ការ​ជួយ​សម្រាល​ទោស​ឲ្យ​ឃាតក​តាំង​ពី​ដំបូង​មក​ហើយ ដូច្នេះ​ហើយ ទើប​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន។ លោក​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ការពារ​តុលាការ​ថា ជា​ស្ថាប័ន​ឯករាជ្យ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពលរដ្ឋ​ក្រីក្រ​ទន់​ខ្សោយ​នៅតែ​រង​គ្រោះ និង​ជួប​ភាព​អយុត្តិធម៌។

នៅ​ប្រទេស​កម្ពុជា គ្មាន​សម័យ​ណា​ដែល​មាន​ឧកញ៉ា​ច្រើន​ជាង​សម័យកាល ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នេះ​ទេ ហើយ​ក៏​គ្មាន​សម័យ​ណា ដែល​មាន​ឧកញ៉ា​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​ប្រើ​អំណាច​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ដូច​សម័យ​នេះ​ដែរ។ គិត​មក​ទល់​ពេល​នេះ កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ មាន​ឧកញ៉ា​ជាង ១ពាន់ ៣រយ​នាក់ (.៣០០) ហើយ ក្នុង​នោះ​ភាគ​ច្រើន​ជា​ឧកញ៉ា ដែល​មាន​ឥទ្ធិពល ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ ដោយសារ​តែ​អ្នក​ជំនួញ និង​អ្នក​កាន់​អំណាច មាន​ទំនាក់ទំនង​ស្អិត​ជាប់​គ្នា​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​នៅតែ​ព្រួយ​បារម្ភ​ថា ជនល្មើស ស្រី ស៊ីណា ដែល​ជា​អ្នក​ជំនួញ​អចល​នទ្រព្យ​នោះ អាច​ប្រើ​លុយ និង​ខ្នង​បង្អែក ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដោយ​ស្ងាត់ៗ៕

No comments: