Friday 7 June 2024

អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ទិន្នន័យ​នៃ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា មិន​​ឆ្លុះ​បញ្ចាំង​ការ​ពិត


ដោយ សុជីវី
2024.06.06

អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ទិន្នន័យ​នៃ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា មិន​​ឆ្លុះ​បញ្ចាំង​ការ​ពិត  
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មកររោងចក្រ​នាពេលកន្លងទៅ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អង្គការ​សង់ត្រាល់​បាន​រក​ឃើញ​ថា ទិន្នន័យ នៃ​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា (BFC) នៅ​ពុំ​ទាន់​សុក្រឹត និង​ពុំ​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​។ ការ​រក​ឃើញ​នេះ គឺ​បន្ទាប់ពី​អង្គការ​សង់ត្រាល់ សហការ​ជាមួយ​សហព័ន្ធ​សហជីព​ចំនួន​២ បាន​ចងក្រង​ឯកសារ​ស្ដីពី​សេរីភាព​សហជីព (FOA) នៅ​តាម​បណ្ដា​រោងចក្រ​នៅ​កម្ពុជា ដែល​រក​ឃើញ​ថា សហជីព​ឯករាជ្យ​នៅតែ​រង​ការ​គាបសង្កត់​ធ្ងន់ធ្ងរ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) សហការ​ជាមួយ​សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) កាលពី​ថ្ងៃទី​៤ មិថុនា បាន​ចេញ​របាយការណ៍​ស្ដីពី សេរីភាព​សហជីព​នៅ​កម្ពុជា ។​

របាយការណ៍​នេះ វាយតម្លៃ​លើ​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា (BFC) និង​ពិនិត្យ​ទៅលើ​ដំណើរការ​វាយតម្លៃ និង​រាយការណ៍​របស់​កម្មវិធី​មួយ​នេះ។

អង្គការ​សង្គម​ស៊ីវិល និង​សហជីព​បាន​ចំណាយ​ពេល​វេលា ជាង​មួយ​ឆ្នាំ ដើម្បី​សម្ភាស​ជាមួយ​ថ្នាក់​ដឹកនាំ​សហជីព និង​តំណាង​សហជីព ដែល​បាន​ចុះបញ្ជី​ជាមួយ កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា ចំនួន ១៤​រោងចក្រ​។ រោងចក្រ​ទាំង​១៤​នេះ ទទួល​បាន​ពិន្ទុ​ល្អឥតខ្ចោះ​ពី​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ ប៉ុន្តែ​តំណាង​សហជីព​ចំនួន​១០​រោងចក្រ ក្នុងចំណោម​១៤​រោងចក្រ​នេះ កំពុង​ជួប​ឧបសគ្គ​រារាំង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​។ ការរារាំង​នោះ​រួមមាន ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង និង​ការ​ដាក់​ពួកគេ​ក្នុង​បញ្ជីខ្មៅ ដែល​មិនអាច​ទៅ​រក​ការងារ​នៅ​កន្លែង​ថ្មី​បាន។

 

របាយការណ៍​ដដែល ឲ្យ​ដឹង​ទៀត​ថា ទិន្នន័យ នៃ​របាយការណ៍​តម្លាភាព​របស់​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា មិន​បាន​បង្ហាញ​លម្អិត​ពី​ការ​អនុលោម​តាម​សេរីភាព​សហជីព​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការចរចា​រវាង សហជីព ថៅកែ និង​អ្នកបញ្ជា​ទិញ​ឬ​ម៉ាក​យីហោ មិនសូវ​យក​របាយការណ៍​នេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​នោះ​ទេ​។ លើស​ពី​នេះ ប្រភព​ដដែល​ឲ្យ​ដឹង​ថា សកម្មភាព​របស់​សហ​ជីព​មួយចំនួន ត្រូវធ្វើ​ដោយ​លាក់បាំង​ដោយសារ​ការ​តាមដាន និង​ត្រួតពិនិត្យ​ជាប្រចាំ​ពី​សហជីព មាន​ទំនោរ​ទៅ​ខាង​រោងចក្រ ហើយ​ថ្នាក់ដឹកនាំ​រោងចក្រ តែង​ប្រើ​សហជីព​ទាំងនោះ​ទៅ​បំភិតបំភ័យ​សហជីព​ឯករាជ្យ។

ក្រៅ​ពី​នេះ របាយការណ៍​ដដែល ឲ្យ​ដឹង​ដែរ​ថា ឧបសគ្គ​រារាំង​ផ្នែក​រដ្ឋបាល និង​យុត្តិធម៌ ដែល​រារាំង​ការងារ​សហជីព​ផ្សេងទៀត​មាន ការ​ចុះ​បញ្ជិកា​សហជីព ការ​ចំណាយ​ពេល​យូរ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ភាពជា​តំណាង​បំផុត និង​ការ​ចុះ​ខ្សោយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជាដើម។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ០៥ មិថុនា ថា ដើម្បី​ដោះស្រាយ​ការ​ធ្វើទុក្ខបុកម្នេញ​និង​រារាំង​សកម្មភាព​សហជីព​នៅ​តាម​រោងចក្រ​នានា ក្រសួង​ការងារ គួរតែ​កែលំអ​យន្តការ​អធិការកិច្ច​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ភាគី​រោងចក្រ គួរតែ​គោរព​ឲ្យ​បាន​នូវ​ភាព​អនុលោម​តាមច្បាប់។

លោក ឃុន ថារ៉ូ៖ «យើង​បាន​រក​ឃើញ​ថា សិទ្ធិ​សេរីភាព​សហជីព​ហ្នឹង​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ដោយហេតុ​ផល​ថា វិធានការ​នៅក្នុង​ការ​ធ្វើ​អធិការកិច្ច​នៅ​កម្សោយ ការ​កត់ត្រា និង​ការវាយតម្លៃ​នៅ​តាម​បណ្ដា​រោងចក្រ​មួយចំនួន​នៅ​មិន​ទាន់​បាន​រក​ឃើញ ឬក៏​ករណី​ដែល​បាន​រក​ឃើញ​ផ្នែក​ការ​រំលោភបំពាន​សេរីភាព​សហជីព ប៉ុន្តែ​នៅក្នុង​ថេរវេលា​មួយ​ដែល​យូរ អីចឹង​ហើយ​បាន​របាយការណ៍​ហ្នឹង​ចេញទៅ​វា​ធ្វើ​ឲ្យ​កម្មករ​និយោជក ឬក៏​សហជីព​មាន​ភាព​ងាយ​រងគ្រោះ ខណៈ​ពេល​ការប្រើប្រាស់​ថេរវេលា​យូរ​នៅក្នុង​ការ​ដោះស្រាយ​ហើយ យន្តការ​នៅក្នុង​ការ​ដោះស្រាយ​វិវាទ​នោះ វា​ជា​រនាំង​ឧបសគ្គ​ក្នុង​ការ​នាំ​យក​វិវាទ​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។ អ៊ីចឹង​ហើយ​បាន​យើង​មើលឃើញ​ថា វា​មាន​ឧបសគ្គ​រារាំង​ជាច្រើន ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ក្នុង​របាយការណ៍ តួអង្គ​សំខាន់ៗ​ហ្នឹង​ចូលរួម​បំពេញ​តួនាទី​របស់​ខ្លួន»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ការ​លើកឡើង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៥ ខែ​មិថុនា។

កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា គឺជា​កម្មវិធី​រួមគ្នា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជា​សមាជិក នៃ​សម្ព័ន្ធ​ធនាគារ​ពិភពលោក​។ កម្មវិធី​នេះ មាន​សកម្មភាព​ស្នូល​មួយ គឺ​ពិនិត្យ​លើ​ការ​អនុលោម ឬ​ការ​យល់​ស្រប​តាមច្បាប់ របស់​រោងចក្រ​វាយនភណ្ឌ សម្រាប់​ការ​នាំចេញ​ធៀប​ជាមួយ​ស្តង់ដារ​ការងារ​អន្តរជាតិ។

សព្វថ្ងៃ​នេះ កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា វាយតម្លៃ​លក្ខខណ្ឌ​ការងារ​លើ​រោងចក្រ​ចំនួន ៧០៣ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​កម្មករ​សរុប​ជាង​៦​សែន ៥​ម៉ឺន​នាក់ (៦៥១.០០០)​។ កម្មវិធី​នេះ ជា​អ្នក​វាយ​តម្លៃ និង​រាយការណ៍​ពី​រោងចក្រ​នាំចេញ​សម្លៀកបំពាក់​ទាំងអស់ ស្ដីពី​អនុលោម​ភាព​របស់​រោង​ចក្រ​ទាំងនោះ​ជាមួយនឹង​ស្តង់ដារ​ការងារ​អន្តរជាតិ និង​ច្បាប់​ស្ដីពី​ការងារ។

កន្លង​ទៅ មន្ត្រី​កម្មវិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា បាន​លើកឡើង​ថា ការ​អនុលោម​តាម​ច្បាប់​ជា​រួម​នៅ​កម្ពុជា ក្នុង​២​ទសវត្ស​ចុងក្រោយ ពី​មាន​ភាពល្អ​ប្រសើរ​ឡើង ដោយសារ​ការ​រាយការណ៍​ប្រកបដោយ​តម្លាភាព​របស់​គម្រោង​មួយ​នេះ។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បញ្ជាក់​ថា ការ​ដាក់​ពាក្យបណ្ដឹង​អំពី​ការរំលោភ​សិទ្ធិ​សេរីភាព​សហជីព​មិន​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​របស់​កម្ម​វិធី​រោងចក្រ​កាន់តែ​ល្អ​ប្រសើរ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ឡើយ​។ ប្រភព​ដដែល សង្ស័យ​ថា កត្តា​នេះ គឺ​អាច​បណ្ដាល​មក​ពី​អ្នក​វាយ​តម្លៃ​សហគ្រាស របស់​កម្មវិធី​នេះ មិន​បាន​និយាយ​ជាមួយ​សហជីព​ឯករាជ្យ​នៅពេល​ចុះ​ពិនិត្យ​រោងចក្រ​។ មួយវិញទៀត អាច​បណ្ដាល​មក​ពី​សហជីព​ទំនោរ​ទៅ​ភាគី​រោងចក្រ ឬ​ហៅថា «​សហជីព​ពណ៌​លឿង​» ជា​អ្នកផ្ដល់​បទសម្ភាសន៍ និង​បញ្ជាក់​ប្រាប់​មន្ត្រី​របស់​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​ថា អ្វីៗ​នៅក្នុង​រោងចក្រ​សុទ្ធតែ​ល្អ ដោយសារតែ​សហជីព​ពណ៌​លឿង​ទាំងនោះ នៅ​កៀក​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង​រោងចក្រ​។ ចំណែកឯ​កម្មករ ដែល​ចូលរួម​ផ្ដល់​ការ​សម្ភាស​ជាមួយ​គម្រោង​នេះ គឺ​ជ្រើសរើស​តែមួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ការ​សម្ភាស​នោះ ធ្វើ​ឡើង​នៅក្នុង​ម៉ោង​ការងារ និង​មិន​បាន​រក្សា​ឯកជន​ភាព​ដល់​អ្នក​សម្ភាស​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​កម្មករ​ឆ្លើយ​ដោយ​ភាព​លម្អៀង​។ ករណី​មួយ​ចំនួន​ទៀត រោងចក្រ​បាន​ជួយ​ជ្រើសរើស​កម្មករ​សម្រាប់​ផ្ដល់​បទសម្ភាសន៍​ជាមួយនឹង​កម្មវិធី​នេះ។

កាលពី​ចុងឆ្នាំ​២០២៣ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​១២​ស្ថាប័ន បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ពិនិត្យ​ឡើង​វិញ​ចំណុច​មួយចំនួន ដែល​រឹតត្បិត​ទៅដល់​សេរីភាព​សហជីព ការរំលោភ​សិទ្ធិ​ការងារ និង​ការ​គំរាមកំហែង​លើ​ថ្នាក់ដឹកនាំ​សហជីព។

ក្រៅពី​ឧបសគ្គ​រារាំង​សកម្មភាព​សហជីព​ទាំងនេះ មាន​មេដឹកនាំ​សហជីព​មួយចំនួន​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារ​បំពេញការងារ​ការពារ​កម្មករ និង​មួយចំនួន​កំពុង​ជាប់ឃុំ ក្នុង​នោះ​មាន​មេដឹកនាំ​សហជីព​នៅ​បន​ល្បែង​ណាហ្គាវើលដ៍ (Nagar World) កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់ឃុំ​ជា​លើក​ទី​២ និង​ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) លោក ម៉ម រិទ្ធី៕

1 comment:

Anonymous said...

Ah Prett Kaun Hun Manet must make the next general election free and fair to underscore his popularity..