
ក្រុមយុវជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៥នាក់ បដិសេធមិនចូលរួមសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ មិថុនា នេះ ក្រោមហេតុផលថា តុលាការបានរឹតត្បិតយុវជន ពលរដ្ឋ និងអ្នកសារព័ត៌មានមិនឱ្យឃ្លាំមើលសវនាការរបស់ខ្លួន។
ទោះជាយ៉ាងណា ពួកគេអះអាងថា នឹងចូលរួមសវនាការនៅពេលរសៀល បើតុលាការអនុញ្ញាតឱ្យមានអ្នកពាក់ព័ន្ធចូលរួមឃ្លាំមើលសវនាការរបស់ពួកគេ។ ប៉ុន្តែ មន្ត្រីតុលាការនៅតែមិនអនុញ្ញាតឱ្យមានអ្នកឃ្លាំមើលចូលរួមទើបពួកគេបដិសេធមិនចូលរួមសវនាការនៅថ្ងៃនេះតែម្ដង។
យុវជនចលនាមាតាធម្មជាតិទាំង៥នាក់នោះរួមមានលោក លី ចាន់តារ៉ាវុត លោក យឹម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា។ នៅខាងក្រៅតុលាការ គេឃើញមានពលរដ្ឋ យុវជន សកម្មជន និងអ្នកនយោបាយផង ចូលរួមឃ្លាំមើលដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេ។
ក្រោយសកម្មជនចលនាមាតាធម្មជាតិធ្វើពហិការ តុលាការគ្រោងបើកសវនាការសំណុំរឿងពួកគេនៅថ្ងៃទី១១ មិថុនា ខាងមុខ។
No comments:
Post a Comment