Monday, 1 July 2024

សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ណាក់


ដោយ ទីន ហ្សាការីយ៉ា
2024.07.01

សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នី ណាក់  
(រូបឯកសារខាងឆ្វេង) លោក នី ណាក់ ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ថត​ពេល​លោក​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក និង​រូប​ខាង​ស្ដាំ ពេល​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រង​របួស​បែក​ក្បាល និង​មុខ ​សន្លប់​ស្ដូកស្ដឹង ដោយសារ​​​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ព្រួត​គ្នា​វាយ​​លោកនឹង​​​ដំបង​ដែក​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក នី ណាក់

សាលា​ដំបូង​រាជធានី​ភ្នំពេញ ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ក្រោម​ហេតុផល​ថា នៅ​ក្នុង​ពន្ធនាគារ​មាន​ពេទ្យ​ប្រចាំការ​ហើយ។

ការ​សម្រេច​នេះ បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត្យ សុទ្ធីបូរ៉ាឆាត បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ណាក់ នៅថ្ងៃទី១ ខែកក្កដា។

ក្រោយ​ពី​បើក​សវនាការ​នេះ លោក ទិត្យ សុទ្ធីបូរ៉ាឆាត បាន​សម្រេច​ប្រកាស​សាលក្រម​ភ្លាមៗ មិន​អនុញ្ញាត​ឱ្យ​លោក នី ណាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ណាក់ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី១ ខែកក្កដា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ដែល​តាមដាន​រឿង​នេះ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១ ខែកក្កដា​ថា តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក នី ណាក់ នៅ​ក្រៅ​ឃុំ​ដោយ​តុលាការ​សំអាង​ថា បើ​លោក នី ណាក់ មាន​បញ្ហា​សុខភាព​ខាង​ពន្ធនាគារ គឺ​មាន​គ្រូពេទ្យ​ប្រចាំការ ហើយ​បើ​ជំងឺ​លោក នី ណាក់ មាន​សភាព​ធ្ងន់ធ្ងរ ពេទ្យ​ពន្ធនាគារ​នឹង​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​ធំៗ។

 

ជាង​នេះ​ទៀត តុលាការ​ថា លោក នី ណាក់ បាន​ប្រព្រឹត្ត​បទ​ល្មើស​មជ្ឈិម ជា​លើក​ទី២ ដោយ​មិន​រាងចាល ហើយ​ការ​រក្សា​លោក នី ណាក់ ឱ្យ​នៅ​ក្នុង​ឃុំ គឺ​ដើម្បី​ធានា​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ។

ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត សោកស្ដាយ​ការ​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​របស់​លោក នី ណាក់ នៅ​ពេល​នេះ។

កាលពីថ្ងៃទី៥ ខែមករា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល បាន​ឃុំ​ខ្លួន​អ្នក​ជំនាញ​កសិកម្ម និង​ជា​អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម លោក នី ណាក់ ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រើសអើង ក្រោម បណ្ដឹង​របស់​លោក ហេង សួរ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រឿង​កាត់​ដី ៩១ហិកតា នៅ​ខេត្តកំពត​ឱ្យ​ទៅ​បុគ្គល​ឈ្មោះ ហេង សួរ។

លោក នី ណាក់ ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ម្ដង​រួច​មក​ហើយ អំពី​បទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​ការ​ប្រមាថ​ជា សាធារណៈ» ទាក់ទង​នឹង​រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

នៅមុនពេលជាប់ពន្ធនាគារជាលើកទី២ នេះ លោក នី ណាក់ កាល​ពី​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក៏​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ ប្រដាប់​ដោយ​ដំបង​ដែក ព្រួត​គ្នា​វាយ​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​ទីក្រុង​ភ្នំពេញ បណ្ដាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម ស្រោច​ខ្លួន​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង។ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចាប់​ខ្លួន​ជន​ល្មើស​មក​អនុវត្ត​ទោស​តាម​ច្បាប់​នៅ​ឡើយ៕

No comments: