2024.07.10
ពលរដ្ឋ សកម្មជន និងអង្គការសង្គមស៊ីវិលនានាធ្វើពិធីរម្លឹកខួប ៨ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី ទាមទារឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ទៅលើអ្នកដែលនៅពីក្រោយខ្នងឃាតកដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ក្រៅពីនេះពួកគេក៏ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការទាំងអស់ដែលត្រូវជាប់ពន្ធនាគារដែលគ្រាន់តែនិយាយការពិត។
ព្រះសង្ឃ ពលរដ្ឋ យុវជនចលនាមាតាធម្មជាតិ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ និងមន្ត្រី អង្គការសង្គមស៊ីវិល ប្រមាណ១៥០ អង្គនាក់ នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ប្រារព្ធពិធីរម្លឹកខួប៨ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាលតិច (Caltex) ជាប់ស្តូបបូកគោ ជាទីលោកត្រូវបានឃាតកបាញ់សម្លាប់កាលពី៨ឆ្នាំមុន។
សំឡេងទាមទាររបស់យុវជន៖ «យុត្តិធម៌សម្រាប់អ្នកនិយាយការពិតៗ យុត្តិធម៌សម្រាប់លោកបណ្ឌិតៗយុត្តិធម៌សម្រាប់សកម្មជនបរិស្ថានៗ យើងទាមទារឱ្យដោះលែងសកម្មជនទាំងអស់ដែលនិយាយការពិត»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលតែងតែចូលរួមពិធីរលឹកខួបស្ទើរជារៀងរាល់ឆ្នាំលើកឡើងថាក្នុងរយៈពេល៨ឆ្នាំមកហើយដែលអាជ្ញាធរនៅតែគ្មានសមត្ថភាព និងគ្មានឆន្ទៈក្នុងការស្វែងរកឃាតកពិត និងអ្នកបញ្ជាពីក្រោយ ខណៈលោកថាពលរដ្ឋខ្មែរកំពុងទន្ទឹងរង់ចាំពន្លឺយុត្តិធម៌នេះ។ ក្នុងឱកាសនេះ លោកស្នើទៅកាន់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់រួមមានសកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិ ថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី និងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ជាដើម។
លោក រ៉ុង ឈុន៖ «នៅបន្តការចាប់ខ្លួន នៅបន្តធ្វើទុក្ខបុកម្នេញ កៀបសង្កត់សេរីភាព យើងគិតថាអត់មានផលចំណេញមកកម្ពុជាទេ គឺមានតែផលខាត ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យពិចារណាឡើងវិញរឿងទាំងអស់នេះ ដើម្បីផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិកម្ពុជា»។
ចំណែកក្រុមយុវជនចលនាមាតាធម្មជាតិ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរក៏បានដឹកនាំយុវជនប្រមាណ ៥០នាក់ រៀបចំពិធីរំឭកខួបនេះដោយចេញពីវិទ្យាល័យបាក់ទូក ដោយដើរតាមដងផ្លូវសាធារណៈទៅកាន់ស្ថានីយប្រេងឥន្ធនៈកាល់តិច ជាប់ស្លុបបូកគោ ដោយមានការកាន់នៅស្លាកដែលមានអត្ថន័យដូចជា«១០កក្កដានៃមរណភាពរបស់អ្នកនិយាយការពិត» «ដោះលែងសកម្មជនបរិស្ថាន» និង«យុត្តិធម៌ត្រូវតែកើតមានដល់អ្នកនិយាយការពិត»ជាដើម។
ចំណែកប្អូនស្រីសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា គឺ កញ្ញា ឡុង សុខលីន លើកឡើងថា មូលហេតុដែលកញ្ញា និងសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀតលើកស្លាកទាមទារឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិក្នុងពិធីគម្រប់ខួប លោកបណ្ឌិត កែម ឡី នេះ គឺដោយសារតែសកម្មជនទាំងនេះគឺជាអ្នកជំនាន់ក្រោយដែលដើរតាមគំរូភាពលោកបណ្ឌិត កែម ឡី។ កញ្ញា អំពាវនាវដល់ពលរដ្ឋខ្មែរ និងអង្គការសិទ្ធិមនុស្សនានាបន្តទាមទារឱ្យតុលាការផ្ដល់យុត្តិធម៌ដល់ លោកបណ្ឌិតកែម ឡី និងសកម្មជនទាំងនេះ។
កញ្ញា ឡូង សុខលីន៖ «ដោយសារតែពួកគាត់សុទ្ធតែជាអ្នកធ្លាប់រៀនសូត្រពីលោកបណ្ឌិត កែម ឡី អ្នកខ្លះគាត់មិនបានរៀនផ្ទាល់តែគាត់ទទួលបានទ្រឹស្ដី និងកាយវិការរបស់លោកបណ្ឌិត ហើយគាត់ក៏ទទួលរងនូវភាពអយុត្តិធម៌ដូចលោកបណ្ឌិត កែម ឡី ដែរ អ៊ីចឹងដូច្នេះយើងធ្វើកម្មវិធីនេះភ្ជាប់ជាមួយគ្នាដើម្បីទាមទាររកភាពយុត្តិធម៌សម្រាប់គាត់ទាំងអស់គ្នា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាននៅឡើយនោះទេ នៅថ្ងៃទី១០ ខែកក្កដា ដោយទូរស័ព្ទចូល ក៏ប៉ុន្តែមិនមានអ្នកទទួល។
ចំណែកក្រុមយុវជនរបស់សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរដែលជាស្ថាប័នបង្កើតឡើងដោយបណ្ឌិត កែម ឡី ថា ពួកគេដែលជាយុវជនខ្មែរជំនាន់ក្រោយ មិនដែលភ្លេចនូវវីរភាព និងការលះបង់លោកបណ្ឌិត កែម ឡី និងអ្នកស្នេហាជាតិផ្សេងទៀតនោះទេ។ ពួកគេសន្យាថានឹងបន្តនិយាយការពិត សម្រាប់សង្គមជាតិ បើទោះជាសង្គមមួយនេះ ពោរពេញទៅដោយការចាប់ចង ឬការគំរាមកំហែងដល់អាយុជីវិតពួកគេក្ដី។
សារលិខិត៖ «ថ្ងៃនេះយើងក៏ចង់ប្រកាសប្រាប់លោកបណ្ឌិត រួមទាំងប្រជាជនខ្មែរគ្រប់រូបផងដែរថា ពួកយើងនិងបើកយុទ្ធនាការឱ្យដោះលែងសកម្មជន អ្នកនិយាយការពិត ស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់ ពីថ្ងៃនេះតទៅ»។
ក្នុងវិធីនេះព្រះសង្ឃក៏ចូលរួមធ្វើពិធីបង្សុកូល និងដាក់កម្រងផ្កា ឧទ្ទិសដល់ លោកបណ្ឌិត កែម ឡី ហើយក្រោយមកអ្នកចូលរួមក៏បានធ្វើសង្រួមស្មឹងស្មាធិ៍ផងដែរ។ កូដករណាហ្គាវើលដ៍ ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក និងនៅបឹងកក់ក៏បានចូលរួមផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រហារនេះ កើតឡើងក្រោយពីអ្នកវិភាគរូបនេះបានផ្ដល់ការអធិប្បាយដល់បណ្ដាញព័ត៌មានអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលលាតត្រដាងនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូបល វីតណេស (Global Witness)៕
No comments:
Post a Comment