Saturday 13 July 2024

យុវជន​ហៅ​ការ​លើក​ឡើង​របស់​តំណាង​កម្ពុជា​នៅ អ.ស.ប ដែល​ថា យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​បទ​ល្មើស ជា​ការ​ភូត​កុហក​សហគមន៍​អន្តរជាតិ

Khmer Circle: In the world of the blinds i.e. CPP, the one-eyed man is King...

^^^

ដោយ ទីន ហ្សាការីយ៉ា
2024.07.11

យុវជន​ហៅ​ការ​លើក​ឡើង​របស់​តំណាង​កម្ពុជា​នៅ អ.ស.ប ដែល​ថា យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​បទ​ល្មើស ជា​ការ​ភូត​កុហក​សហគមន៍​អន្តរជាតិ  
 
លោក អ៊ិន តារា ឯកអគ្គរាជទូតតំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ថ្លែងសារ​ក្នុង​សម័យប្រជុំលើក​ទី៥៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ Permanent Mission of the Kingdom of Cambodia to the UN at Geneva

យុវជន​ហៅ​ការ​លើក​ឡើង​របស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (..) ដែល​ថា យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​បទ​ល្មើស​នោះ ជា​ការ​ភូត​កុហក​សហគមន៍​អន្តរជាតិ។ ពួក​គាត់​ថា ការ​អះអាង​របស់​តំណាង​រដ្ឋាភិបាល​នេះ គឺ​គ្រាន់​តែ ដើម្បី​ការពារ​មុខមាត់​ប្រព័ន្ធ​តុលាការ​ឯក​បក្ស ដែល​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​បក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ក្រោយ​ពេល​ដែល​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ១០រូប ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨ឆ្នាំ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​មក គេ​ឃើញ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ចាស់​ដៃ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ របស់​រដ្ឋាភិបាល មក​លើ​ពលរដ្ឋ។ រីឯមន្ត្រី​រដ្ឋាភិបាល បាន​ចាត់​ទុក​ការ​រិះគន់​នេះ​ថា ជា​រឿង​មិន​ពិត។

 

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១១ ខែកក្កដា​ថា ការផ្ដន្ទាទោសសកម្មជនបរិស្ថាន ១០នាក់ ឱ្យ​ជាប់​ពន្ធនាគារ​នោះ គឺ​ជា​រឿង​អយុត្តិធម៌។ កញ្ញា ហៅ​ការ​លើក​ឡើង​របស់​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (..) ដែល​ថា យុវជន​មាតា​ធម្មជាតិ​ប្រព្រឹត្ត​បទល្មើស​នោះ គឺ​គ្រាន់​តែ​ជា​លេស ដើម្បី​ភូត​កុហក​ដល់​សាធារណជន និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។

ប្រតិកម្មនេះ ធ្វើ​ឡើង​ក្រោយ​ពេល ដែល​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១០ កក្កដា ដោយ​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ជុំវិញ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ១០នាក់ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​នោះ គឺជា​រឿង​មិន​ពិត ហើយ​អង្គការ​ទាំង​នោះ មាន​ចេតនា​មើលងាយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា កម្ពុជា​គ្មាន​បុគ្គល​ណា​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ ដោយសារ​តែ​សាវតារ​របស់​ពួក​គេ នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​បទល្មើស ដែល​ច្បាប់​បាន​កំណត់។

សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែ​ដាំ​ក្បាល​ចុះ ដោយសារ​តែ​តុលាការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨ឆ្នាំ ពាក់ព័ន្ធ​បទចោទ«រួមគំនិតក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ទាំង​គ្មាន​ភស្តុតាង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែកក្កដា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ចំនួន ៥នាក់ ដាក់​ពន្ធនាគារ​ជា​លើក​ទី២ នេះ ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​ចាត់​ទុក​ថា ជា​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​បំបិទ​លំហ​សេរីភាព​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។

ទាក់ទិនការចាប់ខ្លួនសកម្មជនបរិស្ថាន ៥រូប នេះ អង្គការ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស (International Federation For Hunan Right) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ នៅ​ថ្ងៃ​ទី១០ ខែកក្កដា ដោយ​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​តាម​តែ​អំពើ​ចិត្ត។ អង្គការ​ដដែល បន្ថែម​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រឈម​នឹង​ការ​គាប​សង្កត់​កាន់តែ​ខ្លាំង​ឡើង ពី​សំណាក់​អាជ្ញាធរ​កម្ពុជា រួម​ទាំង​ការ​ចាប់​ខ្លួន​ដោយ​បំពាន ការ​ឃុំខ្លួន និង​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ ។

លើស​ពី​នេះ កាល​ពី​ថ្ងៃ​ទី៥ ខែមេសា ឆ្នាំ២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយ​ពី​លោក បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​នៅ​ខេត្តព្រះវិហារ។

បន្ថែម​ពី​នេះ អង្គការ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​សុវត្ថិភាព​ដល់​សកម្មជន​បរិស្ថាន​ទាំង ១០រូប ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ ត្រូវ​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ និង​សូម​ឱ្យ​បញ្ឈប់​ការ​យាយី ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​ត​ទៅ​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ដាក់ពន្ធនាគារ និងផ្ដន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ ពី៦ ទៅ៨ឆ្នាំនេះ គឺ​ធ្វើ​ឡើង ផ្ទុយ​នឹង​ស្មារតី​ច្បាប់​ពី​សិទ្ធិមនុស្ស និង​សិទ្ធិពលរដ្ឋ ដែល​ធានា ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។ លោក​ថា ការ​ការពារ​ធនធាន ធម្មជាតិ​របស់​យុវជន ពុំ​មែន​ជា​បទ​ល្មើស​នោះ​ទេ ដូច្នេះ តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់។

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៥រូប ដាក់​ពន្ធនាគារ​មក គេ​សង្កេត​ឃើញ ប៉ុន្មាន​ថ្ងៃ​ចុង​​​​​​​​​​​​​​​​​​​​​​​​​ក្រោយនេះ មាន​មន្ត្រី​រដ្ឋាភិបាល រួម​នឹង​ប្រពន្ធ​លោក ហ៊ុន ម៉ាណែត បាន​នាំ​គ្នា ធ្វើ​យុទ្ធនាការ​ដាំ​កូន​ឈើ​រាប់​ពាន់​ដើម​ជា​បន្ត​បន្ទាប់។ រីឯ​យុវជន​រិះគន់​ថា ការ​ធ្វើ​នេះ គឺ​គ្រាន់តែ​ដើម្បី​ល្អ​មើល​ប៉ុណ្ណោះ ខណៈ​ដែល​អ្នក​ការពារ​ធនធាន​ធម្មជាតិ ពិត​ប្រាកដ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ ហើយ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

No comments: