Monday 15 July 2024

លោក ដូណាល់ ត្រាំ រួចជីវិតពីការបាញ់ប្រហារ ខណៈខ្មាន់កំាភ្លើងត្រូវបានបាញ់សម្លាប់


ដោយ អាស៊ីសេរី
2024.07.14

លោក ដូណាល់ ត្រាំ រួចជីវិតពីការបាញ់ប្រហារ ខណៈខ្មាន់កំាភ្លើងត្រូវបានបាញ់សម្លាប់  
 
លោក ដូណាល់ ត្រាំ ដែលមានឈាមលើមុខ ហ៊ុំព័ទ្ធដោយក្រុមកងអង្គរក្ស បន្ទាប់ពីមានករណីបាញ់ប្រហារ អំឡុងពេលលោកថ្លែងសារទៅកាន់អ្នកគាំទ្រ ក្នុងទីក្រុង បុតឡើ (Butler) រដ្ឋ ផេនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ AFP

អតីត​ប្រធានាធិបតី និង​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ ដែល​ជា​គូ​ប្រជែង​របស់​លោក ចូ បៃឌិន (Jeo Biden) សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា ខាង​មុខ​នេះ គឺ​លោក ដូណាល់ ត្រាំ (​Donald Trump​) បាន​រួច​ជីវិត​ពី​ការ​បាញ់​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា (​ពេល​វេលា​នៅ​ប្រទេស​កម្ពុជា​) ពេល​លោក​កំពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ទីក្រុង បុតឡើ (Butler) រដ្ឋ​ ផេនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក។

 

បើ​តាម​វីដេអូ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម និង​តាម​សារព័ត៌មាន​នានា ក្នុង​ពេល​លោក ដូណាល់ ត្រាំ កំពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាច្រើន​រយ​នាក់ ស្រាប់​តែ​គេ​ឮ​ស្នូរ​កំាភ្លើង​លាន់​ឡើង ពេល​នោះ​លោក ដូណាល់ ត្រាំ បាន​យក​ដៃ​ស្តាំ​របស់​លោក​ទៅ​ខ្ទប់​ស្លឹក​ត្រចៀក​ខាង​ស្តាំ រួច​ឱន​​ចុះ​ក្រោម​ក្នុង​បំណង​ដើម្បី​គេច​ពី​គ្រាប់​កំាភ្លើង មុន​កង​អង្គរក្ស និង​កង​ការពារ​ប្រដាប់​ដោយ​អាវុធ​រត់​ឡើង​លើ​វេទិកា​ឡោមព័ទ្ធ​ការពារ​សុវត្ថិភាព​។

មួយ​សន្ទុះ​ក្រោយ​មក គេ​ឃើញ​លោក ដូណាល់ ត្រាំ បាន​ងើប​ឡើង​វិញ​ដោយ​មាន​ឈាម​ប្រលាក់​ត្រចៀក​ខាង​ស្តាំ​ហាក់​គ្មាន​ភាព​តក់ស្លុត និង​បាន​លើក​ដៃ​បក់​ទៅ​កាន់​អ្នក​គាំទ្រ មុន​លោក​ត្រូវ​បាន​បញ្ជូន​ចុះ​ពី​លើ​វេទិកា​ដោយ​ក្រុម​កង​ការពារ​។

 លោក ដូណាល់ ត្រាំ បាន​សរសេរ​នៅ​បណ្តាញ​សង្គម​របស់​លោក​នៅ​ក្រោយ​ការ​បាញ់​ប្រហារ​ថា លោក​ដឹង​ថា លោក​ត្រូវ​បាន​គេ​បាញ់​ប្រហារ ក្រោយ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ហោះ​ចំ​ស្លឹក​ត្រចៀក​ខាង​ស្តាំ​របស់​លោក​។ ទោះជាយ៉ាងណា លោក​គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។ ទោះជាយ៉ាងណា ករណី​បាញ់​ប្រហារ​នេះ បាន​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​ពីរ​នាក់​ផ្សេង​ទៀត រង​របួស​ធ្ងន់​។ ចំណែក​ខ្មាន់​កាំភ្លើង​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ ខណៈ​សមត្ថកិច្ច​អាមេរិក​កំពុង​តែ​ស៊ើបអង្កេត​ករណី​នេះ​៕

No comments: