Monday 22 July 2024

អ្នករាយការណ៍ពិសេស UN បំពេញ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា


ដោយ ខាន់ លក្ខិណា
2024.07.22

អ្នករាយការណ៍ពិសេស UN បំពេញ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា  
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជាលោក វិទិត ម៉ុនតាបន (Vitit Muntarbhorn)
រូប៖ ហ្វេសប៊ុក United Nations in Cambodia

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​នេះ គឺ​ចាប់​ពី​ថ្ងៃទី២១ ដល់២៧ កក្កដា។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អះអាង​ថា នឹង​ដាក់​របាយការណ៍​មួយ​ចំនួន​ជូន​អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ និង​លើក​ឡើង​ជាមួយ​ភាគី​រដ្ឋាភិបាល។

ក្នុងដំណើរស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) ក្រៅពី​បំពេញបេសកកម្មការងារនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល លោកក៏នឹង​ធ្វើដំណើរទៅបំពេញការងារនៅតាមខេត្តឆ្ងាយៗ ដូចជា ខេត្តរតនគិរីផងដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ចុះថ្ងៃទី១៩ ខែកក្កដា ឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នឹង​ជួប​មន្ត្រី​តំណាង​រដ្ឋាភិបាល ​អ្នក​ការពារ​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល​ តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌មាន សមាជិក​សហគមន៍​ អ្នក​ការ​ទូត​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ​ផ្សេង​ទៀត ក្រោយ​ពេល​លោក​វិល​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ខេត្តកណ្តាល និងខេត្ត​រតនគិរី ដើម្បី​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ។

 

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២១ ខែកក្កដា ថា អង្គការ​សង្គម​ស៊ីវិល​នឹង​​លើក​យក​បញ្ហា​ខុសៗ ​គ្នា​ខ្លះ ទៅ​តាម​គោល​ការណ៍ ​និង​ការ​មើល​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​នីមួយៗ ដើម្បី​រាយការណ៍​ជូន​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។

យ៉ាងណា លោកយល់ថា ការលើកឡើងទាំងនោះ មិនឆ្ងាយពីរឿងសេរីភាព​ជាមូលដ្ឋាន បញ្ហាលំហសេរីភាពបញ្ចេញមតិ លំហសេរីភាពសារព័ត៌មាន បញ្ហា​លំហសេរីភាពនយោបាយ សេរីភាពជួបជុំ ការប្រមូលផ្ដុំដោយសន្តិវិធី និងបញ្ហាដីធ្លី ជាដើម ដូចកាលពីពេលកន្លងមកដែរ។

លោក អំ សំអាត ថា ជំនួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស គឺ​ចង់​បញ្ជាក់​អំពី​ស្ថានភាព និង​ដំណើរ​ការ​វិវត្តន៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ពីព្រោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​មាន​ភាព​ចម្រូង​ចម្រាស់ និង​រង​ការ​រិះគន់​ច្រើន​នៅ​ឡើយ។

លោក អំ សំអាតថា៖ «ចុង​ក្រោយ​នេះ ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស សហជីព​និង​សកម្មជន​នយោបាយ​អី​ផ្សេងៗ​ តែង​តែ​មានការ​លើក​ឡើង​នូវ​ការ​ខ្វែង​គំនិត​គ្នា រវាង​តំណាង​រាជរដ្ឋាភិបាល ជាមួយ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដោយ​គេ​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​វា​អាច​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ជា​មូលដ្ឋាន សេរីភាព​ក្នុង​ការ​បញ្ចេញមតិ លំហ​សេរីភាព​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាដើម»

រីឯ​ប្រធាន​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ថ្ងៃ​ទី២១ ខែកក្កដា ថា ប្រសិន​បើ​មាន​ឱកាស​ជួប​តំណាង​ពិសេស​របស់​អង្គការ​​សហប្រជាជាតិ ​​អង្គការ​សង់​ត្រាល់​នឹង​លើក​រឿង​រ៉ាវ ដែល​កើត​ឡើង​ទាក់ទង​នឹង​អង្គការ​សង់ត្រាល់​ផ្ទាល់ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត ជា​ពិសេស​ ការ​​បំពេញ​តួនាទី​របស់​សង្គម​ស៊ីវិល។

លោកថា មួយ​រយៈ​នេះ ការ​បំពេញ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​រងការ​​រំខាន​ និង​យាយីរំខាន ជា​ឧទាហរណ៍ ​ករណី​អង្គការ​សង់​ត្រាល់ និង​ការ​ចាប់​ខ្លួន​អ្នក​ដឹក​នាំមូលដ្ឋាន​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្ត ស្វាយរៀង ដែល​គ្រាន់​តែ​ចុះ​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​កិច្ច​គាំពារ​សង្គម ប.ស.ស ដល់​ប្រជាពលរដ្ឋ។

លោក មឿន តុលា ជឿ​ថា អ្នក​រាយការណ៍​ពិសេស​នឹង​លើក​កង្វល់​ទាំង​ឡាយ​ របស់​អង្គការ​សង្គល​ស៊ីវិល​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ លោក​បារម្ភ​ថា ប្រសិន​កម្ពុជា​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​​បរទេស ដែល​ចង់​មក​រក​ស៊ី​នៅកម្ពុជា​ខ្លាច​រអា។

លោក មឿន តុលា៖ «កម្ពុជា​យើង​នៅ​ជំពាក់​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​ច្រើន។ ប៉ុន​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​ជា​កម្ពុជានៅ​តែ​គេចវេះ​មិន​ព្រម​ទទួល​យក​នូវ​សំណើ ឬ​ក៏​នូវ​អនុសាសន៍​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ។ យើង​ហាក់​ដូច​ជា​កណ្ដោច​កណ្ដែង​ម្នាក់​ឯង ពីព្រោះ​ចង់​​ ឬ​​មិន​ចង់​យើង​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ហើយ​យើង​ក៏​មាន​កាតព្វកិច្ច​មួយ ​ដែល​ទទួល​យក​នូវ​បទដ្ឋាន​គតិ​យុត្តិ​អន្តរជាតិ ជា​ពិសេស គឺ​រឿង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន យក​មក​អនុវត្ត​ដែរ។ ប្រសិន​ជា​យើង​ធ្វើ​មិន​ដឹង​មិន​ឮ​ វា​ទៅ​ជា​រឿង​មួយ​ក្នុង​រូបភាព​អាក្រក់​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ»

ចំពោះ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី២១ ខែកក្កដា ថា សមាគម​អាដហុក នឹង​ត្រៀម​ព័ត៌មាន​មួយ​ចំនួន ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ រាយការណ៍ជូន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រួម​ចំណែក​ឱ្យ​លោក​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង និង​ប្រៀប​ធៀប​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ការ​វាយ​តម្លៃ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​លើក​កម្ពស់​បញ្ហា​សិទ្ធិ​មនុស្ស។

លោក​ថា នឹង​ប្រមូល​របាយការណ៍ ហើយ​ផ្ដល់​អនុសាសន៍​សំខាន់ៗ​ អំពី​ចំណុច​ខ្វះ​ខាត ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

លោក នី សុខា កត់​សម្គាល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​អាច​ដោះស្រាយ​បាន​កម្រិត​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​យក​ឬ​មិន​ទទួល​យក​របាយការណ៍ និង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ។

លោក នី សុខា៖ «សង្គម​ស៊ីវិល​ទទូច​គឺ​ចង់​ឃើញ​រដ្ឋាភិបាល​ទេ ពីព្រោះ​រដ្ឋាភិបាល​យើង គឺ​ជា​ប្រទេស​ដែល​មាន​កាតព្វកិច្ច​ព្រោះ​ជា​ប្រទេស​ហត្ថលេខី​នៃ​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​ទាំងអស់់​ហ្នឹង។ អ៊ីចឹង​ រដ្ឋាភិបាល​គឺ​ជា​តួ​អង្គ​មួយ ​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ស្ដារ​ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង គឺ​តួនាទី​រដ្ឋាភិបាល គឺ​សំខាន់។ អ៊ីចឹង​ យើង​ចង់​ពី​រដ្ឋាភិបាល​ទៅ​វិញ​ទេ ក្នុង​ការ​តាំង​ចិត្ត​ឱ្យ​បាន​មុត​មាំចំពោះ​បញ្ហា​ហ្នឹង ហើយ​បើ​សិន​មិន​អ៊ីចឹង​ទេ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​អូសបន្លាយ គេ​ហៅ​ថា មាន​ការ​មិន​ល្អ​ប្រសើរ​ចេះ​តែ​អូសបន្លាយ​ពាក្យ​មិន​ល្អ​ប្រសើរ​បន្ត​ទៅ​មុខ​ទៀត​ទៅ  វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​កិត្តិយស​ដល់​មុខ​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​ដូច​យើង​ឃើញ​ជា​រឿយៗ ​កន្លងមក»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ នៅថ្ងៃទី២១ ខែកក្កដា ដោយ​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

លោក វិទិត ម៉ុនតាបន ត្រូវ​បាន​តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ កាល​ពី​ខែមីនា ឆ្នាំ២០២១ ហើយ​នេះ​ជា​លើក​ទី៣ ហើយ ដែល​លោក​មក​បំពេញ​បេសក​កម្ម​ស្វែង​រក​ការ​ពិត​ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សន​កិច្ច​លើក​ទី៣ នេះ លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាន​ នៅ​ថ្ងៃទី២៦ ខែកក្កដា។

ទោះ​ជា​យ៉ាង​ណា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) ធ្លាប់​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​កំពុង​តែ​ដើរ​ថយ​ក្រោយ ដោយ​ងាក​ចេញ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​គន្លង​ប្រជាធិបតេយ្យ។ លោក​ក៏​ធ្លាប់​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បង្កើត​ច្បាប់​នានា ព្រម​ទាំង​លុប​បំបាត់​ការ​ប្រើ​ អំណាច ដែល​បំពាន​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ងាក​មក​រក​ កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​កែ​សម្រួល​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ឱ្យ​​ប្រសើរ​ឡើង៕

No comments: