Thursday 1 August 2024

សង្គម​ស៊ីវិល​ថា លោក ហ៊ុន ម៉ាណែត បើ​គ្រាន់តែ​ជិះ​ឡាន​មើល​តំបន់​ព្រំដែន ពុំ​មែន​ជា​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​មាន​ប្រសិទ្ធភាព​នោះ​ទេ


Khmer Circle

Daylight robbery set in stones? How much confidence do the Khmer people have in this redrawing of the border line demanded and dictated by Vietnam while their own government are more than willing to comply to the demand no matter what? 

Whem did Vietnam ever lose territory to Cambodia or any of its neighbours? 

^^^

ដោយ ទីន ហ្សាការីយ៉ា
2024.07.31

សង្គម​ស៊ីវិល​ថា លោក ហ៊ុន ម៉ាណែត បើ​គ្រាន់តែ​ជិះ​ឡាន​មើល​តំបន់​ព្រំដែន ពុំ​មែន​ជា​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​មាន​ប្រសិទ្ធភាព​នោះ​ទេ 

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ៦៥ (១) ខ័ណ្ឌចែក​​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​ដំណើររបស់​លោក​ទៅ​មើល​តំបន់​ព្រំដែន​មួយ​ចំនួន ​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌលគីរី នៅ​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត



ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កំពុង​ជ្រួល​ច្របល់​ជំទាស់ នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ និង​វៀតណាម (CLV) លោក ហ៊ុន ម៉ាណែត ក៏​ឆ្លៀត​ធ្វើ​ដំណើរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្តមណ្ឌលគិរី ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​របស់​នាយក​រដ្ឋមន្ត្រី​បែប​នេះ​ពុំ​មែន​ជា​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។ រយៈ​ពេល ២ថ្ងៃ ចុង​ខែ​កក្កដា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជិះ​ឡាន​ទៅ​មើល​តំបន់​ព្រំដែន​មួយ​ចំនួន ដើម្បី​ពិនិត្យ​សកម្មភាព​ជួសជុល​ផ្លូវ​តាម​បន្ទាត់​ព្រំដែន​របស់​កង​វិស្វកម្ម នៃ​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌលគីរី។



មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ដំណើរ​កម្សាន្ត​ធម្មតា ដើម្បី​សម្ដែង​ឱ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ពុំ​មែន​ចុះ​ទៅ​កន្លែង ដែល​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ពលរដ្ឋ​ខ្មែរ​បាត់បង់​ដី​ស្រែ​ចម្ការ​ទៅ​ខាង​វៀតណាម​កាន់កាប់​ជា​បន្ត​បន្ទាប់ នៅ​តាម​តំបន់​ព្រំដែន ដូចជា នៅ​ខេត្ត​ត្បូងឃ្មុំ និង ខេត្តស្វាយរៀង ជាដើម​នោះ​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ព្រំដែន លោក​ត្រូវ​ស្នើ​ទៅ​រដ្ឋ​សភា លុប​ចោល​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ ដែល​យក​តាម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ ក្នុង​សម័យ​វៀតណាម​គ្រប់គ្រង​កម្ពុជា ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉រីស។

    លោក ម៉ែន ណាត៖ «មធ្យោបាយ​ធំ​បំផុត​គឺ​រដ្ឋ​សភា​ជា​អ្នក​ធ្វើ​និរាករណ៍​លើ​ឯកសារ​អស់​ហ្នឹង សន្ធិសញ្ញា​ព្រំដែន​គោក​ក៏​ដោយ ព្រំដែន​ទឹក​ក៏​ដោយ កិច្ច​ព្រមព្រៀង​តំបន់ (CLV) ព្រំដែន​ក៏​ដោយ សុទ្ធ​តែ​វា​អសន្តិភាព​ទាំង​អស់។ អ៊ីចឹង មាន​តែ​ធ្វើ​និរាករណ៍​ខ្យល់ អា​ហ្នឹង ហ៊ុន ម៉ាណែត ធ្វើ​មុន​គេ យួន​មិន​សប្បាយ​ចិត្ត​គេ​តវ៉ា គេ​ដាក់​សម្ពាធ​មក​លើ ហ៊ុន ម៉ាណែត តាម​រយៈ ហ៊ុន សែន អញ្ចឹង​ទៅ។ ហ៊ុន ម៉ាណែត តំណាង​ឱ្យ​រដ្ឋាភិបាល ហ៊ុន សែន គ្មាន​សិទ្ធិ​អាង​ឡាង​ទេ»។

លោក​ ម៉ែន ណាត បន្ថែម​ថា លោក ហ៊ុន ម៉ាណែត គួរតែ​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ធ្វើ​ជា​មូលដ្ឋាន និង​យក​មរតក​របស់​បារាំង​មក​ប្រើប្រាស់ ក្នុង​ការ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម រួម​មាន អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន (Cochinchine) ឆ្នាំ១៨៧៣ ដោយ​មាន​បង្គោល​បារាំង​ចំនួន ១២៤បង្គោល ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ជាតិ​ជាមួយ​វៀតណាម។

ជា​មួយ​គ្នា​នេះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​យក​ផែនទី​បោន (Bonne) ខ្នាត ១/១០០​ពាន់ ចំនួន ២៦ផ្ទាំង ដែល​តម្កល់​នៅ​អង្គការ​សហ​ប្រជា​ជាតិ​យក​មក​ប្រើប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កំណត់​បង្គោល​ព្រំដែន​ជាតិ​ឡើង​វិញ។

ក្នុង​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​តាម​រថយន្ត ទៅ​មើល​តំបន់​ព្រំដែន វីដេអូ​និង​រូបភាព​សកម្មភាព​របស់​លោក ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) បង្ហាញ​ពី​ទិដ្ឋភាព​ព្រំដែន និង​បង្គោល​ព្រំដែន​មួយ​ចំនួន ដែល​លោក​បាន​ចុះទៅ​ដោយ​ផ្ទាល់ ហែហម​ដោយ​ពួក​មន្ត្រី។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា កម្លាំង​ដែល​អាច​ការពារ​បូរណភាព​ទឹកដី តាម​បណ្ដោយ​ព្រំដែន ប្រកប​ដោយ​ប្រសិទ្ធភាព​យូរ​អង្វែង​គឺ​ប្រជាជន មិនមែន​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។

លោក​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម រួម​ទាំង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជា​ការ​ចាំបាច់។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​តស៊ូ​មតិ​បញ្ហា​ព្រំដែន គឺ​លោក អ៊ុំ សំអាន ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្ដឹង​វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រកបដោយ​យុត្តិធម៌ និង​ប្រសិទ្ធ​ភាព។

លោក​អះអាង​ថា បើ​ពុំ​ដូច្នេះ​ទេ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​នៅតែ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​នោះ​ឡើយ ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ដី​ខ្មែរ​ទៅ​វៀតណាម​បន្ថែម​ទៀត។

    លោក អ៊ុំ សំអាន៖ «ការ​ទៅ​មើល​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្រាន់​ជា​ការ​ធ្វើ​ដំណើរ​តាម​ធម្មតា​ប៉ុណ្ណឹង​ឯង។ តែ​លោក​មិន​បាន​ចុះ​ទៅ​មើល​តំបន់​ព្រំដែន​វៀតណាម​ ដែល​ប្រជា​ពលរដ្ឋ​គាត់​មាន​ជម្លោះ​ព្រំដែន​បាត់បង់​ដី​ស្រែ​ចម្ការ​ទៅ​ខាង​វៀតណាម​នោះ​ទេ។ គាត់​មិន​ហ៊ាន​សើ​រើ​ព្រំដែន​បង្គោល​ដែល​បាត់បង់​ដី​ខ្មែរ​ ក៏​គាត់​មិន​អាច​ការពារ​ទឹក​ដី​បូរណភាព​ខ្មែរ​នោះ​ដែរ យក​ខ្សែ​ទាហាន​មក​ការពារ​ត្រកូល​ហ៊ុន​នៅ​តែ​រាជ​ធានី​ តែ​មិន​យក​ទាហាន​មក​ការពារ​ព្រំដែន»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ឡាំ ជា ដែល​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត ដែរ​នោះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៣១ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

កន្លងទៅ ពលរដ្ឋ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ តែងតែ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដោះស្រាយ​បញ្ហា​ដី​ស្រែ​ចម្ការ និង​ភូមិ​មួយ​ចំនួន​ របស់​ពួក​គាត់​ដែរ​នោះ បាន​បាត់បង់​ទៅ​វៀតណាម ក្រោយ​ពេល​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ។

ពលរដ្ឋ​ទាំង​នោះ រស់​នៅ​ឃុំ​ចាន់មូល ឃុំរូង និង​ឃុំ​ជាំ ស្រុក​មេមត់ ​តែងតែ​លើក​គ្នា​តវ៉ា និង​ខឹង​សម្បា​នឹង​មន្ត្រី​ជំនាញ ដែល​បោះ​បង្គោល​ព្រំដែន​ចំ​កណ្ដាល​ដី​ស្រែ​ចម្ការ​កេរ​ឪពុក​ម្ដាយ​របស់​ពួកគាត់។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា  ភូមិ​ចាន់​សាលា ឋិត​នៅ​ចំណុច​វាល​ត្បូង ដែល​ជា​ភូមិ​បុរាណ​មួយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីនោះ​ច្រើន​ជំនាន់​មក​ហើយ បច្ចុប្បន្ន​បាន​ក្លាយ​ជា​វាល​រហោឋាន គ្រប់គ្រង​ដោយ​វៀតណាម។

 រីឯ​នៅ​ភូមិ​តានង ក្នុង​ឃុំ​ចាន់មូល ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៧ រហូត​ដល់ ៩៩ មាន​ដីស្រែ​ជាច្រើន​ហិកតារ ត្រូវ​វៀតណាម​គ្រប់គ្រង​  ដោយ​មាន​បង្គោល​ព្រំដែន​ខ្លះ​បោះ​ចំ​កណ្ដាល​ដី​ស្រែ​អ្នក​ភូមិ។

ជា​មួយ​គ្នា​នេះ ភូមិអំផុល និង​ភូមិភោគ ដែល​ជា​ភូមិ​ដ៏​ចំណាស់ ឋិត​ក្នុង​ឃុំចាន់មូល បច្ចុប្បន្ន ក៏​ត្រូវ​បាន​វៀតណាម​កាន់កាប់​ដែរ ក្រោយ​ពី​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​រួចរាល់​ចាប់​តាំង​​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០២២។

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៧០គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន​៣១៥បង្គោល ឬ​ស្មើ​និង ៨៤ភាគ​រយ​ហើយ។ ចំណែក​បង្គោល​នៅ​សេសសល់​ចំនួន ៥៦ ទៀត​ដែល​នឹង​ត្រូវ​បោះ​បន្ត​គឺ ឋិត​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្តតាកែវ៕

No comments: