Saturday 24 August 2024

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ២នាក់ថែម​ទៀត


ដោយ ម៉ៅ សុធានី
2024.08.23

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ២នាក់ថែម​ទៀត  
លោក ឈាង រិទ្ធី បុគ្គលិក​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP និង​កញ្ញា ចៀន សុណា ជា​សមាជិក​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​អ្នក​បន្ត​ដំណើរ ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០២៤។
រូប៖ គេផ្ដល់ឱ្យ

ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហុក ពៅ កាល​ពី​ថ្ងៃ​ទី២២ ខែសីហា បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ផ្ទះ​ជួល​បុគ្គលិក នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន និង​ចាប់​ខ្លួន​យុវជន ២នាក់ ​ដោយ​គ្មាន​មូលហេតុ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ដាក់​ចាប់​ខ្លួន​យុវជន​តាម​អំពើ​ចិត្ត​នេះ គឺជា​ផ្ទុយ​ពី​ច្បាប់។

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​បុគ្គលិក នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ម្នាក់​ទៀត គឺ​លោក ឈាង រិទ្ធី និង​សមាជិក​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​អ្នក​បន្ត​ដំណើរ កញ្ញា ចៀន សុណា ព្រម​ទាំង​បិទ​បន្ទប់​ជួល​របស់​លោក ឈាង រិទ្ធី នៅ​សង្កត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ការ​ចាប់​ខ្លួន​យុវជន ២នាក់​បន្ថែម​ទៀត​នេះ គឺ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ និង​បន្សល់​ទុក​លិខិត​បញ្ជាក់​ពី​ការ​បិទ​ផ្ទះ​ជួល​បិត​ជាប់​នឹង​ទ្វារ​ដូច​ករណី​ចាប់​ខ្លួន​យុវជន​មុនៗ ដែរ ។

ឪពុក​របស់​កញ្ញា ចៀន សុណា គឺ​លោក ជូ ចៀន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣ ខែសីហា ថា លោក​ស្លុត​ចិត្ត​នៅ​ពេល​ដឹង​សមត្ថកិច្ច​ចាប់​ខ្លួន​កូនស្រី​លោក ពីព្រោះ​កូន​របស់​លោក​ជា​មនុស្ស​ស្លូតបូត និង​គិតគូរ​ពី​រឿង​សង្គម​ជាតិ។

លោក ជូ ចៀន៖ «ខ្ញុំ​វា​ឆ្ងល់ ឃាត់​ខ្លួន​ហ្នឹង វា​ខុស​អំពី​អី? ដល់​តែ​ឮ​ព័ត៌មាន​អ៊ីចឹង​មក និយាយ​ពី​សឹង​តែ​សន្លប់​ស្មារតី​អស់​ហើយ។ វា​មិន​ដឹង​ថា​វា​រឿង​អ្វី​ឱ្យ​ពិត​ប្រាកដ»

 

ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​យុវជន ២នាក់​នេះ គឺ​ក្រោយ​ពេល​ពួក​គាត់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​សង្គម ដែល​ថ្មី​នេះៗ រដ្ឋាភិបាល​បាន​បង្កើន​ការ​ចាប់​ខ្លួន​យុវជន​ដាក់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស​ដោយ​គ្រាន់តែ​ពួក​គាត់​មិន​គាំទ្រ​គម្រោង​កិច្ច​សហប្រតិបត្តិការCLV និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស។ មុន​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក ឈាង រិទ្ធី បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា របប​ផ្ដាច់​ការ​ឡើង​ដល់​កំពូល​ថ្ងៃ​អវសាន​គង់​នឹង​ចូល​មក​ទល់​ឆាប់ៗ។ រីឯ​កញ្ញា ចៀន សុណា គឺជា​យុវតី​វ័យ ១៩ឆ្នាំ​មួយ​រូប ដែល​តែង​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម​តាម​រយៈ​ការ​ចូលរួម​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ លើស​ពី​នេះ កញ្ញា ចៀន សុណា ក៏​ជា​អ្នក​រាំ​របាំ​ម្នាក់​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៣ ខែសីហា។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការណ៍សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ទាំង ២នាក់ ដោយ​មិន​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​គឺជា​រំលោភ​លើ​នីតិវិធី​ច្បាប់ និង​ជា​ចាប់​ខ្លួន​ដោយ​បង្ខំ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​យុវជន ដែល​គ្មាន​កំហុស​យក​ទៅ​សាកសួរ ឬ​ដាក់​ពន្ធនាគារ​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោក ស៊ឹង សែនករុណា៖ «គ្រាន់​តែ​ការ​អនុវត្ត​ច្បាប់​ត្រឹមតែ​នីតិវិធី​ឃាត់​ខ្លួន​ហ្នឹង មិន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ផង​ហ្នឹង [ដូច​ជា] ការ​គោរព​ទៅតាម​សិទ្ធិ​របស់​ជន​ជាប់​ចោទ ដែល​គេ​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នោះ។ នេះ គឺ​ជា​ការ​បំពាន​តាំង​ពី​នីតិវិធី​ឃាត់​ខ្លួន ចាប់​ខ្លួន​បាត់​ទៅ​ហើយ​ហ្នឹង។ អ៊ីចឹង ខ្ញុំ​យល់​ថា វា​មិន​ដឹង​ជា​ត្រូវ​និយាយ​ពី​ច្បាប់​អី​ទៀត។ ចាត់​ទុក​ថា ករណី​ដែល​អនុវត្ត​ច្បាប់​មក​លើ​សកម្មជន បច្ចុប្បន្ន គឺ​ជា​ការ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​ដោយ​មិន​គោរព​តាម​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ»

ក្រៅពី​សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​សកម្ម​ការងារ​សង្គម ២នាក់​ហើយ​នោះ នៅ​ថ្ងៃ​ដដែល​នេះ តុលាការ​ខេត្ត​ប៉ៃលិន​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ៣នាក់ អំពី​បទ​រួម​គំនិត​ក្បត់ និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ សកម្មជន​បក្ស​ភ្លើង​ទៀន​ចំនួន ៣នាក់​នោះ រួមមាន ស៊ុន ពិសិដ្ឋ លោក ឡោ ធន់ និង​លោក មាស កុល។ ប៉ុន្តែ​លោក មាស កុល ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​លោក យល់​ព្រម​ថត​វីដេអូ​តាម​ការ​បង្ខំ​របស់​សមត្ថកិច្ច ដោយ​អាន​លិខិត​សុំ​ទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហើយ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។

ការ​បង្កើន​ការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​នេះ គឺ​ស្រប​ពេល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គំរាម​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​តវ៉ា​មិន​គាំទ្រ​គម្រោង​កិច្ច​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV

បងស្រី​របស់ ស៊ុន ពិសិដ្ឋ គឺ​លោកស្រី ស៊ុន ថាវី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​នៅ​ពេល​តុលាការ​ចោទ​ប្រកាន់​ប្អូនប្រុស​លោកស្រី​ពី​បទ​រួម​គំនិត​ក្បត់​ទាំង​ដែល​ប្អូន​ប្រុស​លោកស្រី​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់​តែ​សោះ។ លោកស្រី​ចាត់​ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង។

លោកស្រី ស៊ុន ថាវី៖ «កន្លង​មក​គឺ​គាត់​អត់​ដែល​មាន​ថា បង្ហោះ​បង្ហើរ ឬ​មួយ​ក៏​ស្អីៗ ទេ។ និយាយ​ទៅ គឺ​អត់​ត្រូវ​នឹង​តុលាការ​ចោទ​ប្រកាន់​មក​លើ​រូប​គាត់​ទេ គឺ​ខ្ញុំ​បដិសេធ​អត់​ទទួល​យក​ទេ ព្រោះ​អយុត្តិធម៌​ចំពោះ​ប្អូន​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​អត់​ទទួល​យក​បាន​ទេ ព្រោះ​បទ​ចោទ​ធ្ងន់​ខ្លាំង​ពេក យើង​អត់​អាច​ទទួល​យក​បាន សុទ្ធ​តែ​រួម​គំនិត​ក្បត់​អីៗ ចឹង។ ពាក្យ​ហ្នឹង​ធ្ងន់​ណាស់»

សាច់ញាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ហើយ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​ការ​ចាប់​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ៕

No comments: