Friday 9 August 2024

តុលាការ​កំពូល​កាត់​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ៣ឆ្នាំ ដូច​តុលាការ​ថ្នាក់​ក្រោម​ដែរ


ដោយ ខាន់ លក្ខិណា
2024.08.09

តុលាការ​កំពូល​កាត់​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ៣ឆ្នាំ ដូច​តុលាការ​ថ្នាក់​ក្រោម​ដែរ  
(រូបឯកសារ) លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​​សាលាឧទ្ធរណ៍ កាល​​ពី​ពេល​ធ្វើ​សវនាការ នៅ​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២៣។
  

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ទុក​ជា​បាន​ការ​ដដែល។ ប្រពន្ធ​លោក ថាច់ សេដ្ឋា ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ ជា​រឿង​អយុត្តិធម៌ និង​បង្កើត​ការ​ឈឺ​ចាប់​ដល់​គ្រួសារ។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស​ថា នេះ​ជា​សំណុំ​រឿង​នយោបាយ ជា​ជាង​ផ្លូវ​ច្បាប់។

ចៅ​ក្រម​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី៩ ខែសីហា បាន​ច្រានចោល​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក ថាច់ សេដ្ឋា ដោយ​សំអាង​ថា សាលក្រម​ ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​លោក​ជាប់​ពន្ធនាគារ ៣ឆ្នាំ រឿង​លោក​និយាយ​រិះគន់​ប្រវត្តិ ៧មករា និង​ការ​សង់​ស្តូប​វៀតណាម​នៅ​កម្ពុជា​ថា ជា​រឿង​ត្រឹម​ត្រូវ។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែតុលា ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​អនុ ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ញុះញង់​ឱ្យ​មាន​ការរើសអើង» តាម​មាត្រា ៤៩៤ -៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។ ក្រៅ​ពី​កាត់​ទោស​ឱ្យ​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ៣ឆ្នាំ  តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បង្គាប់​ឱ្យ​លោក​បង់​ប្រាក់​ពិន័យ​ចំនួន ៤លាន​រៀល ឬ​ស្មើនឹង ១ពាន់​ដុល្លារ។

 

ប្រពន្ធ​របស់​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ចាត់​ទុក​ការ​សម្រេច​​របស់​តុលាការ​កំពូល​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​បង្កើត​ការ​ឈឺ​ចាប់​ដល់​គ្រួសារ​របស់​លោកស្រី។ លោកស្រី​រៀប​រាប់​ថា អ្នក​ដែល​និយាយ​ដើម្បី​ការពារ​ទឹក​ដី បែរ​ជា ​ជាប់​គុក រីឯ​អ្នក​ធ្វើ​អំពើ​អាក្រក់ បែរជា​រួច​ខ្លួន។

លោកស្រី ថាច់ សុខបូរ៉ានី៖ «សួរ​ថា ពួកគាត់​ជា​តុលាការ​ពួកគាត់​ដេក​ម៉ាស៊ីន​ត្រជាក់​ស្រួល កូន​គាត់​រៀន​បាន​សាលា​ល្អៗ សួរ​ថា មិន​អាណិត​ពួក​ខ្ញុំ​ទេ​អី សួរ​ថា ពួក​ខ្ញុំ​ទឹក​ភ្នែក​តាំង​ពី​មុន​មក​រហូត​ដល់​ឥឡូវ​ទឹក​រហូត! ទឹក​ភ្នែក​ពួក​ខ្ញុំ ពួក​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​អី។ ទឹក​ភ្នែក​ខ្មែរ​គ្នា​ឯង ឃើញ​ខ្មែរ​ឯង​ទឹក​ភ្នែក ពួក​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​អី និយាយ​ប៉ះពាល់​យួន​មិន​បាន​ទេ គឺ​ចាប់​ដាក់​គុក ឆ្ងល់​ដល់​ថ្នាក់​ហ្នឹង យួន​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ។ ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​រាល់​ថ្ងៃ ឈឺ​ចាប់​មែន​ទែន»

លោកស្រី ថាច់ សុខបូរ៉ានី ថា លោក ថាច់ សេដ្ឋា កំពុង​រស់នៅ​យ៉ាង​ឈឺ​ចាប់​ក្នុង​ពន្ធនាគារ ដោយ​ប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក នៃ​ជំងឺ​ធ្ងន់ ដូចជា ​ជំងឺ​លើស​ឈាម ​និង​ជំងឺ​បេះដូង។ លោកស្រី​បាន​ស្នើសុំ​ដល់​តុលាការ ឱ្យ​ពិចារណា​ដោះ​លែង​ប្ដី​របស់​លោកស្រី និង​អ្នក​ទោស​មនសិការ​ទាំងអស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​ប្ដី​របស់​លោកស្រី និង​អ្នក​ផ្សេង​ទៀត មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ និង​ដើម្បី​ជួយ​សង្គម​ជាតិ​ទាំង​អស់​គ្នា។

លោកស្រី ថាច់ សុខបូរ៉ានី៖ «គាត់​មិន​បាន​ធ្វើ​ខុស​អី​សោះ ចាប់​គាត់​ទៅ​ជា​ញុះញង់ បន្តិច​ទៅ​ចេញ​សែក​ស្អុយ គាត់​មិន​បាន​ចេញ​បទ​ចោទ​ថា គាត់​ចេញ អត់​បាន​ចេញ​ទេ គាត់​សុំ​តែ​ក្រដាស​ដើម ក៏​គ្មាន​ឱ្យ​គាត់​ផង ថត​ចម្លង​មួយ​សន្លឹក​ចាប់​គាត់​ដាក់​គុក រហូត​ដល់​មួយ​ឆ្នាំ​កន្លះ​ហើយ បែរ​ជា​រើស​អើង​គេ​ហៅ​ថា ញុះញង់​បំពុល​សង្គម​ទៀត។ ចេះ​តែ​ដាក់​តែ​ម្ដង។ អត់​ខ្លាច​ទេ។ ដូច​ខ្ញុំ​គ្រួសារ​អត់​ខ្លាច​ទេ អត់​ខ្លាច​តែ​ម្ដង ត្រូវ​តែ​ទៅ​មុខ​ទៀត អត់​ខ្លាច​ទេ។ ចង់​និយាយ​ថា ខ្ញុំ​ដូច​តែ​រូបភាព​គាត់​អ៊ីចឹង ខ្លួន​មួយ​មិន​ដឹង​ថា ថ្ងៃ​ណា​ងាប់​ទេ ងាប់​ដើម្បី​ជាតិ​ក៏​បាន​ដែរ ខ្ញុំ​លែង​ខ្លាច​ងាប់​ខ្លាច​អី​ហើយ ឥឡូវ​វា​ហួស​ហេតុ​ពេក​ហើយ»

ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល អំពី​សំណុំ​រឿង «ញុះញង់» របស់​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​នេះ មាន​ការ​ចូលរួម​ស្ដាប់​របស់​មន្ត្រី​តំណាង​សភា​អឺរ៉ុប មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តំណាង​អង្គការ​លីកាដូ អាហុក និង​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​ដើម។

សកម្មជន​បក្ស​ភ្លើង​ទៀន​ លោកស្រី ម៉ី សុផន ដែល​ចូល​ស្ដាប់​ការ​ប្រកាស​សាលដីកា​បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ គឺ​ជា​រឿង​អយុត្តិធម៌​ដដែលៗ តាំង​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ដល់​តុលាការ​កំពូល និង​ជា​រឿង​នយោបាយ​សុទ្ធ​សាធ។ លោកស្រី​ថា ការ​និយាយ​របស់​លោក ថាច់ សេដ្ឋា កន្លង​មក មិនមែន​ជា​ការ​ញុះញង់ ឬ​ក៏​រើសអើង​ពូជសាសន៍​នោះ​ទេ ប៉ុន្តែ គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​លោក​ក្នុង​នាម​ជា​អ្នក​នយោបាយ និង​យោង​តាម​ឯកសារ​សិក្សា ដែល​មាន​លក់​ជា​សាធារណៈ ដើម្បី​ការពារ​ជាតិ​សាសន៍​ខ្មែរ។

លោកស្រី មុី សុផន៖ «ការ​រើស​អើង​ដូច​ជា​មិន​រើសអើង​ជាតិ​សាសន៍​ទេ ពីព្រោះ​លោក​ពូ​គាត់​និយាយ គឺ​ដើម្បី​ការពារ​ប្រទេស​ខ្លួន​ឯង និង​អ្វី​ដែល​ជា តាម​ឯកសារ​នឹង​យោង ព្រោះ​អី​ដែល​គាត់​និយាយ​ហ្នឹង វា​មាន​លក់​នៅ​គ្រប់​កន្លែង សូម្បី​ខ្ញុំ​ក៏​ទិញ​មើល​ដែរ»

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក យី សុខសាន្ត ដែល​ដាន​តាម​ការ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃនេះ ក៏​លើក​ឡើង​ដែរ​ថា ការ​ចោទ​ប្រកាន់​ និង​កាត់​ទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រឿង​ចេញ​សែក​ស្អុយ និង​រឿង «ញុះញង់» នេះ គឺ​ជា​រឿង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​យុត្តិធម៌។

លោក​ថា ប្រសិន​បើ​តុលាការ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ គួរ​តែ​កាត់​ក្ដី​ដោយ​យុត្តិធម៌ ដោយ​ផ្អែក​លើ​ឯកសារ និង​ភស្តុតាង​ជាក់លាក់ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ ជឿ​ទុក​ចិត្ត​បាន។ ប៉ុន្តែ​លោក​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​កម្ពុជា មិន​ដឹង​យក​អ្វី​ជា​ស្តង់ដារ​ឡើយ។

លោក យី សុខសាន្ត៖ «ខ្ញុំ​លើក​ឧទាហរណ៍​ដូច​លោក ថាច់ សេដ្ឋា ដែល​លោក​បាន​បញ្ជាក់​ថា គាត់​បាន​សរសេរ​ថា ការ​កកើត​នៃ​គណបក្ស​ប្រជាជន​ដោយ​គាត់​យោង​ថា លើ​ឯកសារ​នេះ​មួយ​ មាន​ទំព័រ​អ៊ីចេះ​មាន​ទ័ព​អ៊ីចុះ ប៉ុន្តែ​ តុលាការ​អត់​បាន​យក​អា​ហ្នឹង​ថា​ តើ​បាន​ទៅ​ស្រាវជ្រាវ​ទេ​ថា តើ​ឯកសារ​នឹង​មាន​មែន​ពិត​ ឬអត់? ពន្យល់​គាត់​អត់​ស្ដាប់​ទេ»

លោក ថាច់ សេដ្ឋា ធ្លាប់​បាន​អះអាង​ថា អ្វី​ដែល​លោក​បាន​និយាយ​អំពី​ប្រវត្តិ ៧មករា និង​ការ​សង់​ស្តូប​វៀតណាម​នៅ​កម្ពុជា មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ ប៉ុន្តែ លោក​ធ្វើ​អត្ថាធិប្បាយ ក្នុង​នាម​ជា​អ្នក​សិក្សា​ម្នាក់ និង​ជា​គ្រូ​បង្រៀន​ប្រវត្តិសាស្ត្រ ដែល​លោក​ត្រូវ​តែ​និយាយ​ការ​ពិត ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ពិត ទាក់ទង​នឹង​ប្រទេស​កម្ពុជា​របស់​ខ្លួន។

នៅ​ថ្ងៃ​នេះ​ដែរ លោក ថាច់ សេដ្ឋា បាន​និយាយ​ផ្ដាំផ្ញើ​តាម​ប្រពន្ធ​របស់​លោក គឺ​លោកស្រី ថាច់ សុខបូរ៉ានី ទៅ​កាន់​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​រួបរួម បន្ត​ធ្វើការ​តស៊ូ ដើម្បី​ប្រទេស​ជាតិ​កុំ​រាថយ៕

No comments: