Saturday 17 August 2024

ពលរដ្ឋ និង​អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាល ពង្រាយ​កងទ័ព​ត្រៀម​បង្ក្រាប​អ្នក​តវ៉ា​រឿង CLV-DTA

 

ដោយ សេក បណ្ឌិត
2024.08.16

ពលរដ្ឋ និង​អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាល ពង្រាយ​កងទ័ព​ត្រៀម​បង្ក្រាប​អ្នក​តវ៉ា​រឿង CLV-DTA  
ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ​ប្រមូល​ផ្ដុំ​កម្លាំង​នគរបាល​ត្រៀម នៅ​ថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាប​បាតុកម្ម ដែល​នគរបាល​​ហៅ​ថា ជា​ការ​ប៉ុនប៉ង​ធ្វើឡើង​ដោយខុសច្បាប់ នៅ​ថ្ងៃ​ទី១៨ សីហា​ខាង​មុខ។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ

ពលរដ្ឋ និង​អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល ដែល​កំពុង​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ ដើម្បី​ត្រៀម​បង្ក្រាប​លើ​ប្រជាពលរដ្ឋ ដែល​តវ៉ា​ប្រឆាំង​នឹង​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។ ពួក​គាត់​ថា ទង្វើ​នេះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​គោលការណ៍​ច្បាប់។

ទោះបីជា​រដ្ឋាភិបាល ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​តាម​រាជធានី-ខេត្ត​ក្ដី ក៏​ប្រជាពលរដ្ឋ​ហាក់​មិន​ខ្លាច​រអា​នោះ​ដែរ ប៉ុន្តែ​ពួក​គាត់ បែរ​ជា​អស់​សំណើច និង​រិះគន់​ទៅវិញ​ថា ទង្វើ​នេះ គឺ​ដើរ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

យុវជនរស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ថា ទោះបី​រដ្ឋាភិបាល​ធ្វើ​ការ​គំរាម​កំហែង ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​ការ​លើកលែង និង​រៀប​ជើង​ព្រួល បង្ក្រាប​អ្នក​តវ៉ា​ក្ដី ក៏​រូប​លោក និង​យុវជន​ដទៃ​ទៀត នឹង​មិន​បោះបង់​គោលជំហរ​តវ៉ា​នោះ​ទេ ព្រោះ​រឿង​ដាក់​បញ្ចូល​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA នេះ គឺ​ពាក់ព័ន្ធ​នឹង​បូរណភាពទឹកដី និង​អធិបតេយ្យ​ជាតិ។ លោក​បញ្ជាក់​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ គ្មាន​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ដោយ​គ្រាន់តែ​ចង់​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ប៉ុណ្ណោះ ដូច្នេះ លោក​ស្នើ​រដ្ឋាភិបាល កុំ​ឱ្យ​អនុវត្ត​នីតិវិធី​ហួសហេតុ និង​លាប​ពណ៌ ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ។

យុវជន​មិន​បញ្ចេញ​ឈ្មោះ៖ «រដ្ឋាភិបាល គឺ​រំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ គឺ​គ្រាន់តែ​បញ្ចេញមតិ​យោបល់​ប្រឆាំង​នឹង​ការ​គាំទ្រ​គម្រោង CLV គឺ​ចោទ​ថា ញុះញង់ ចោទ​ថា ក្បត់​ជាតិ​ទៅវិញ គឺ​ខ្ញុំ​អត់​គាំទ្រ​ទេ។ ប៉ុន្តែ សម្រាប់​ប្រជាពលរដ្ឋ​ឥឡូវ គឺ​គាត់​មិនមែន​ឆោតល្ងង់ ដែល​មិន​ដឹង​ពី​បញ្ហា​ស្រុកទេស​នោះ​ទេ គឺ​គាត់​ដឹង គឺ​មាន​អ្នក​ងើប​ច្រើន​ណាស់។ សំខាន់​ឱ្យ​តែ​គាត់​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដឹកនាំ​ទៅ»

 

ការ​ថ្លែង​របស់​យុវជន​រូប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ រួមមាន ប៉ូលិស ប៉េអិម ទាហាន កង​អង្គរក្ស និង​កងកម្លាំង​ពិសេស ដាក់​ពង្រាយ​នៅ​តាម​រាជធានី ខេត្ត និង​រឹត​បន្តឹង​សន្តិសុខ​កម្រិត​ខ្ពស់ ដើម្បី​ត្រៀម​កម្ចាត់​អ្នក​តវ៉ា​ប្រឆាំង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ដែល​រដ្ឋាភិបាល​ចោទ​ថា ក្រុម​អ្នក​តវ៉ា​មាន​បំណង​ធ្វើ​បាតុកម្ម ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ កងកម្លាំង​ប្រដាប់​អាវុធ បាន​បង្កើន​ការ​ដាក់​ពង្រាយ និង​យាមល្បាត នៅ​តាម​ទីតាំង​សំខាន់ៗ ដោយ​ក្នុង​នោះ​មាន កងទ័ព​គ្រប់​យោធភូមិភាគ និង​មន្ត្រី​គណៈ​អភិបាលខេត្ត និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន បាន​កោះ​ប្រជុំ ដើម្បី​ឃ្លាំមើល និង​ទប់ស្កាត់​អ្នក​តវ៉ា​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា។

ទោះជា​យ៉ាងណា លោក ឆាយ គឹមខឿន បាន​ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន វីអូអេ កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ១០នាក់ ពាក់ព័ន្ធ​នឹង​បាតុកម្ម​ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី១៨ ខែសីហា ប្រឆាំង​នឹង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​ហួស​បន្ទាត់​ក្រហម តាម​រយៈ​ការ​ប្រើប្រាស់​អំណាច​ហួសហេតុ រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​គំរាម​កំហែង និង​ចាប់​ខ្លួន​អ្នក​តវ៉ា ដោយ​គ្រាន់តែ​ពួក​គេ​បង្ហាញ​ពី​ក្ដី​បារម្ភ ចំពោះ​បូរណភាព​ទឹកដី​ប្រទេស​ខ្លួន​ឯង។ លោក​យល់​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺ​ដោយសារ​ពួក​គាត់​មើល​ឃើញ ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​កន្លង​មក បាន​ធ្វើ​ឱ្យ​បាត់បង់​បូរណភាព​ជាតិ និង​ទឹកដី ទៅ​ប្រទេស​វៀតណាម និង​លំហូរ​ចូល​ជន​អន្តោប្រវេសន៍​កាន់តែ​ច្រើន។

លោក ស៊ឹង សែនករុណា៖ «រដ្ឋាភិបាល​ខ្លួនឯង​ទេ ដែល​យល់​ពី​រឿង​ហ្នឹង វា​ហួស​ពី​ព្រំដែន​ខ្លួន​ឯង ហើយ​ដែល​ចេះ​តែ​លើក​ពី​រឿង​ហ្នឹង​មក​ដើម្បី គេ​ហៅ​ថា ព្រួយ​បារម្ភ​ហួស ពីព្រោះ​ការ​ដឹកនាំ​របស់​ខ្លួន​ហ្នឹង វា​អត់​ល្អ​ច្រើន​ពេក​ទៅ ដោយ​វិបត្តិ​សង្គម​ច្រើនពេក​ទៅ ខ្លាច​ពលរដ្ឋ​ផ្ដួល​រំលំ​ខ្លួន។ អ៊ីចឹង​ទៅ ចេះតែ​ប្រុងប្រៀប​រៀប​ជើង​ព្រួល​ការពារ​អី​អ៊ីចឹង​ទៅ ប៉ុន្តែ​ការ​ពិត​ហ្នឹង ខ្លួន​ឯង​ធ្វើ​លើស​ហើយ»

ពលរដ្ឋ​បាន​អះអាង​អំពី​ការ​រក្សា​គោលជំហរ​បន្ត​ការ​តវ៉ា ទាំង​នៅ​ក្នុង​បណ្ដាញ​សង្គម និង​ខាង​ក្រៅ ទោះបី​រដ្ឋាភិបាល​គំរាមកំហែង​ក៏​ដោយ។ ជាមួយ​គ្នា​នេះ ពួក​គាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដាប់​ពី​ហេតុផល និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ ជា​ជាង​ការ​លាប​ពណ៌​ចោទ​ប្រកាន់ និង​បង្ក្រាប​មក​លើ​អ្នក​តវ៉ា ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​កំហឹង និង​ស្អប់​រដ្ឋាភិបាល​ថែម​ទៀត៕

No comments: