Tuesday 13 August 2024

លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍ​CLV ដាក់​ពន្ធនាគារ


ដោយ ខាន់ លក្ខិណា
2024.08.10

លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍ​CLV ដាក់​ពន្ធនាគារ 

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន គំរាម​ថា អ្នក​មិន​យល់​ស្រប​តាម​ការ​ពន្យល់​របស់​រដ្ឋាភិបាល រឿង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV នឹង​ត្រូវ​ចាប់​ដាក់​គុក។ យ៉ាង​ណា​អ្នក​ឃ្លាំមើល​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដរាប​ណា​រដ្ឋាភិបាល​​កម្ពុជា​មិន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ ពីព្រោះ​នេះ​ជា​រឿង​ទឹក​ដី​ជាតិ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ណែនាំ​ថ្នាក់​ដឹក​នាំ និង​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​នាំ​គ្នា​ផុស​ខ្លឹមសារ​សម្ភាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អ្នកស្រី ចម និម្មល ដែល​បំភ្លឺ​អំពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។



លោក ហ៊ុន សែន បញ្ជា​ឱ្យ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​មូលដ្ឋាន​ ជា​ពិសេស​ក្នុង​តំបន់​ភាគ​ឦសាន​កម្ពុជា​រួម​ទាំង​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ធ្វើ​ចលនា​ជំរុញ​ថ្នាក់​ដឹក​នាំ​សមាជិក​រហូត​ដល់​យុវជន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​ផុស​ការ​បកស្រាយ​របស់​អ្នកស្រី ចម និម្មល លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​កុំ​ចាំ​ចែក​រំលែក​តគ្នា​ឬស៊ែ (Share)។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល កាល​ពី​ថ្ងៃទី០៩ ខែ សីហា បាន​បក​ស្រាយ​ថា គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម សន្តិសុខ និង​ការពារ​ជាតិ និង​គ្មាន​កិច្ចព្រមព្រៀង​បញ្ជូន​ដែន​ដី​ទៅ​កាន់​ប្រទេស​ជិត​ខាង ដូច​មជ្ឈដ្ឋាន​នានា​សង្ស័យ​នោះ​ទេ។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​មិន​ស្ដាប់​តាម​ការ​បកស្រាយ​របស់​ អ្នកស្រី ចម និម្មល។

    លោក ហ៊ុន សែន ៖ «តាម​ស្ថាប័ន​ក៏​ធ្វើ​ដូច​គ្នា​ដែរ និយាយ​រួម​អ្នក​ណា​ក៏​ដោយ ឱ្យ[​តែ]​មាន​ហ្វេស​ប៊ុក ចាប់​ផ្ដើម​ពន្យល់​ពី​ខ្លួន​ឯង​ទៅ​ឱ្យ​យល់​ពី​ខ្លួន​ឯង​ប៉ុន​ហ្នឹង ហើយ​ បក​ស្រាយ​ប៉ុន​ហ្នឹង​ហើយ ហើយ​គឺ​បើ​ថា​វា​មិន​ស្ដាប់​ទៀត​វា​មាន​តែ​ជម្រើស​ដែល​នៅ​សល់​មាន​តែ​គុក»។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត លើក​ឡើង​ថា លោក ហ៊ុន សែន កាន់​តែ​លែង​ខ្វល់​អំពី​ទឹក​ដី​ជាតិ និង​លែង​ស្ដាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ប្រទេស។ លោក​ថា សម្ដី​គំរាម​បែប​នេះ​របស់​លោក ហ៊ុន សែន នឹង​ ធ្វើ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ប្រឈម​នឹង​បាតុកម្ម​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូច​កើត​មាន​នៅ​ប្រទេស​បង់ក្លាដេស្ហ​ដែរ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ច្បាស់​ថា លោក ហ៊ុន សែន គាប​សង្កត់​ពលរដ្ឋ​ខ្មែរ ដែល​មាន​ឆន្ទៈ​ការពារ​ទឹក​ដី​ជាតិ​ខ្មែរ ប៉ុន្តែ​ បម្រើ​ផែន​ការ​មហិច្ឆតា​របស់​វៀតណាម​ទៅ​វិញ។

    លោក ម៉ែន ណាត ៖ «កាល​ណា [លោក] ហ៊ុន សែន ប្រតិកម្ម​នឹង​ប្រជាពលរដ្ឋ​ ហើយ​បន្ត​ចាប់​ប្រជាពលរដ្ឋ ដាក់​ឃុំឃាំង​ទៀត បាន​ន័យ​ថា លោក ហ៊ុន សែន បន្ត​ធ្វើ​សម្បទាន​ទឹក​ដី​ជាតិ ទៅ​ឱ្យ​ប្រទេស​វៀតណាម ដែល​មាន​មហិច្ឆតា​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​យូរ​ហើយ ហើយ​យើង​បារម្ភ​យើង​បារម្ភ​ថា សកម្មភាព​ទង្វើ​របស់​លោក ហ៊ុន សែន ហ្នឹង គឺ​កំពុង​តែ​បង្ក​ហានិភ័យ​សម្រាប់​ការ​បាត់​បង់​សិទ្ធិ​គ្រប់គ្រង​ ទឹក​ដី​ជាតិ​របស់​យើង​នៅ​ថ្ងៃ​ក្រោយ»។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា មក​ដល់​ពេល​នេះ លោក ហ៊ុន សែន មិន​ទាន់​បាន​បង្ហាញ​ឯកសារ​កិច្ចព្រមព្រៀង​ទាំងអស់ ដែល​ទាក់ទង​នឹង​គម្រោង​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​នៅ​ឡើយ​ទេ ប៉ុន្តែ​បែរ​ជា​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ទៅ​វិញ។ ពួកគេ​ថា ទង្វើ​របស់​លោក ហ៊ុន សែន រឹត​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ស័យ និង​លែង​ទុក​ចិត្ត​ថា តើ​លោក ហ៊ុន សែន មាន​អ្វី​លាក់​បាំង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជា​លោក​ប្រឹង​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ។

អ្នក​ឃ្លាំមើល​ក៏​លើក​ឡើង​ដែរ​ថា គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ធំ​ហួស​ពី​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទៅ​ហើយ ដោយសារ​មាន​ភ្ជាប់​នូវ​សាច់​រឿង​នៃ​ការ​ស្ថាបនា​ស្ថាប័ន​នយោបាយ និង​សភា​នៃ​ប្រទេស​ទាំង​បី​ផង។ ម្យ៉ាងទៀត លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​បាន​ច្បាស់​អំពី​សំណើ​របស់​ភាគី​វៀតណាម​កាល​ពី​ឆ្នាំ២០១៨ ដែល​ចង់​ឱ្យ​ដាក់​ប្រទេស​កម្ពុជា​ទាំង​មូល ក្នុង​គម្រោង​នោះ។

ពួកគេ​ថា បើ​លោក ហ៊ុន សែន មិន​ពន្យល់​បញ្ជាក់​បញ្ហា​ទាំង​នេះ ឱ្យ​ប្រាកដ​ប្រជា​ទេ នោះ​ទោះ​លោក​អតីត​នាយករដ្ឋមន្ត្រី ចេញ​សម្លុត​ប្រជាពលរដ្ឋ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក ឈប់​តវ៉ា​ឡើយ ព្រោះ​នេះ​ជា​រឿង​ទឹក​ដី​ជាតិ​ ហើយ​វិធី​ដោះស្រាយ​ដ៏​ល្អ​បំផុត គឺ​ដក​ទឹក​ដី​កម្ពុជា​ចេញ ពី​គម្រោង​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​តាម​ដំណើរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ៕

1 comment:

Anonymous said...

WITHDRAW THOSE PROVINCES FROM THAT DAMN CLV. KHMER PEOPLE AS A WHOLE OVERWHELMINGLY PROTEST THIS STUPID CLV.