Monday 26 August 2024

សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងគម្រោងCLV


ដោយ សេក បណ្ឌិត
2024.08.25

សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងគម្រោងCLV 

សហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California ) សហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងគម្រោង CLV នៅថ្ងៃសៅរិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សហគមន៍​ខ្មែរ​នៅ​ទី​ក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California ) សហរដ្ឋអាមេរិក ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​២៤​ សីហា​ វេលា​ម៉ោង​១​ ដល់​ម៉ោង៤​រសៀល ដើម្បី​ឲ្យ​រដ្ឋាភិបាលឪនិង​កូន​ គឺ​លោក​ ហ៊ុន​ សែន​ និង​ លោក ​ហ៊ុន ម៉ាណែត​ ដក​ខ្លួន​ចេញ​ពី​គម្រោងអភិវឌ្ឍន៍​រួម​គ្នា​ជា​មួយឡាវ និងវៀតណាម​ (CLV)។

បាតុកម្ម​នេះ​ ក្រៅ​ពី​សហគមន៍​ខ្មែរ​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ក៏​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុង​សហ​រដ្ឋ​អាមេរិក​ចូល​រួម​ផង​ដែរ​ ដើម្បី​សម្ដែង​មតិ​រួម​គ្នា​ និង​ជា​សារ​មួយ​ជូន​ទៅ​ លោក ​ហ៊ុន សែន​ និង​ លោក ហ៊ុន ម៉ាណែត ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​គម្រោង CLV​នេះ​។ ក្រុម​អ្នក​តវ៉ា​បារម្ភ​ថា គម្រោង​នេះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹកដី​ទៅ​ខាង​ប្រទេស​វៀតណាម​ ហើយ​ពួក​គេ​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ត្រកូលហ៊ុន​ ដក​កម្ពុជា​ចេញ​ពី​គម្រោង​មួយ​នេះ​ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​ និង​បូរណភាព​ទឹក​ដី​ខ្មែរ​។

ពួក​គាត់​យល់​ឃើញ​ថា​ បើ​គម្រោង​នេះ​នៅ​តែ​បន្ត​នោះ​កម្ពុជា​នឹង​បាត់​ខេត្ត​ចំនួន​៤​ទៀត​នៅ​ភូមិ​ភាគ​ឦសាន​ដូច​ប្រវត្តិសាសាស្រ្ត​ខ្មែរ​ បាន​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​យ៉ាង​ដូច្នេះ​ដែរ​។ អ្នក​ចូល​រួម​ និង​ជួយ​រៀប​ចំ​បាតុ​កម្ម​មួយ​រូប​ គឺ​ អ្នក​ស្រី វ៉ាន់ ​ចាន់ដាវី​ បាន​ឲ្យ​ដឹង​ថា​ បាតុកម្ម​នេះ​ មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នោះ​ទេ​ ទោះ​បី​អ្នកស្រី​ជា​មនុស្ស​គាំទ្រ​បក្ស​ប្រឆាំង​ក្តី​។ អ្នក​ស្រី​ថា​ បាតុ​កម្ម​នេះ​កើត​ចេញ​ពី​ក្តី​បារម្ភ​របស់​ពលរដ្ឋ​សាមញ្ញ​ដែល​ឈឺចាប់​ចំពោះ​ការ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​។



    អ្នក​ស្រី វ៉ាន់ ​ចាន់ដាវី៖ «ពី​ព្រោះ​អ្នក​ខ្លះ​គាត់​អត់​មាន​គណបក្ស​ មិន​មែន​ជា​សកម្មជន​បក្ស​ ក៏​គាត់​ចូល​រួម​ដែរ​​ ពី​ព្រោះ​គាត់​មាន​ការ​ឈឺ​ចាប់​ គាត់​ឈឺ​​ឆ្អាល​ដែរ​ក្នុង​នាម​ជា​ខ្មែរ​ គាត់​មិន​ពេញ​ចិត្ត​ទេ​ដែល ​ហ៊ុន សែន​ យក​ដី​ សម្បត្តិរបស់ខ្មែរ ទៅដាក់​ឲ្យ​យួន​ធ្វើ​អាណា​និគម​រក​ស៊ី​ពី​លើ​ប្រទេស​ខ្មែរ​»។

ចំណែក​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​មួយ​រូប​ មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ហុង ​បាន​ឲ្យ​ដឹង​ថា​ រូប​លោក​ និង​ក្រុម​គ្រួសារ​ ដែល​មក​ចូល​រួម​បាតុកម្ម​នេះ​ដែរ​ គឺ​ដោយ​សារ​​មិន​ចង់​ឲ្យ​កម្ពុជា​ដើរ​ជាន់​ប្រវត្តិ​សាស្ត្រ​ច្រំដែល​ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​អធិបតេយ្យ​ជាតិ​ បាត់​បង់​សិទ្ធិ​ជា​ម្ចាស់​ស្រុក ខ្មែរ​រស់​វេទនា​ ឈឺ​ចាប់​គ្រប់​យ៉ាង​ ដូច​ប្រវត្តិ​បាត់​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ខាង​វៀតណាម​ ហើយ​លោក​ខ្លួន​ឯង​ផ្ទាល់​ ធ្លាប់​ស្គាល់​រសជាតិ​ហើយ​ អំពី​ការ​រស់​នៅ​លើ​ទឹក​ដី​កំណើត​ខ្លួន​ឯង​ តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស ​គឺ​គ្មាន​សិទ្ធិ​អ្វី​ទាំង​អស់​ គេ​ធ្វើ​បាប​ ជិះ​ជាន់​ គាប​សង្កត់​គ្រប់បែបយ៉ាង។

    លោក ថាច់ ហុង៖ «ខ្ញុំ​ជា​មួយ​បងប្អូន​មួយ​ចំនួន​ទៅ​ចូល​រួម​ដែរ​ព្រោះ​អី​រឿង​នេះ​ជា​រឿង​សំខាន់​របស់​ជាតិ​យើង​ទាំង​អស់​គ្នា​ ហើយ​យើង​បាន​នាំ​គ្នា​ធ្វើ​នំ​ ធ្វើ​ម្ហូប​ខ្មែរ​ទៅ​ចែក​ជូន​ក្រុម​បាតុករ​ដែល​មក​ពី​ចម្ងាយ​ផង​ដែរ​»។

លោក​បញ្ជាក់​ទៀត​ថា​ ការ​ចូល​រួម​បាតុកម្ម​នេះ​ ពួក​លោក​មិន​មាន​តួនាទី​អ្វី​ជា​មួយ​បក្សន​យោបាយ​នោះ​ទេ ​គឺ​ធ្វើ​ដោយ​សន្តាន​ចិត្ត​ ផុស​ចេញ​ពី​បេះដូង​និង​មាន​ឈាម​ជ័រ​ជា​ខ្មែរ​។

    លោក ថាច់ ហុង៖ «ដោយ​សារ​រឿង​នេះ ​ជា​បាតុកម្ម​មិន​គាំទ្រ​គម្រោង CLV ជា​គម្រោង​មួយ​ដែល​យើង​មើល​ឃើញ​ថា​ រដ្ឋាភិបាល​ធ្វើ​នេះ វា​មិន​មាន​ចំណេញ​អី​ដល់​ខ្មែរ​សោះ ​មាន​តែ​បើក​ឱកាស​ឲ្យ​យួន​នាំ​មនុស្ស​ចូល​ដោយ​ស្រប​ច្បាប់​»​។

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ នៅ​តែ​ប្ដេជ្ញា​ចិត្ត​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV ជា​បន្ត​បន្ទាប់​ទៀត​ ដរាប​ណា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត​ មិន​ស្ដាប់​តាម​ការ​ទាម​ទារ​របស់​ពលរដ្ឋ​ឲ្យ​ដក​គម្រោង​នេះ ​ចេញ​ពី​ឡាវ​ និង​វៀតណាម​ទេ​នោះ​។

បន្ទាប់​ពី​ក្រុម​យុវជន​ និង​ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ((Japan) ​អូស្ត្រាលី(Australia) ​កាណាដា (Canada)​ និង​នៅ​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ធ្វើបាតុ​កម្ម​​ថ្មីៗ​នេះ​ ពលរដ្ឋខ្មែរនៅ​កាណាដា​ និង​សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​ផ្សេងៗ​គ្នា​បន្ថែម​ទៀត ​ដូច​ជា​នៅរដ្ឋវ៉ាស៊ីនតុន (Washington​) នៅថ្ងៃ​ទី​៣១​ សីហា​ និងនៅទីក្រុងស្ដុកតុន (Stockton) រដ្ឋ​កាលីហ្វ័រញ៉ា​ នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​៕

No comments: