Wednesday 18 September 2024

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​នគរបាល​ឲ្យ​បន្ត​បង្ក្រាប​អ្នក​ប្រឆាំង


ដោយ ថា ថៃ
2024.09.17

មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល រិះគន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​នគរបាល​ឲ្យ​បន្ត​បង្ក្រាប​អ្នក​ប្រឆាំង 
លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​សន្ទរកថា ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​​​កង​កម្លាំង​នគរបាល​ជាតិ ៥០៦នាក់ នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ស សុខា

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​ឲ្យ​នគរបាល បន្ត​ត្រៀមខ្លួន​បង្ក្រាប​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នករិះគន់ ក្រោម​ហេតុផល​រក្សា​សន្តិសុខ​សង្គម។ ពួក​គាត់​ចាត់​ទុក​សារ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា គឺ​ជា​ការ​បំពាន​គោលការណ៍​ច្បាប់ និង​គោល​ការណ៍​ប្រជាធិបតេយ្យ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គួរតែ​ណែនាំ​ឲ្យ​នគរបាល​អនុវត្ត​តួនាទី និង​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ អាច​ធ្វើ​សកម្ម​ភាព​នយោបាយ និង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រារាំង ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកណ្តាល ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក លី ម៉េងឃាង ថ្លែង​ថា ការ​ណែនាំ​របស់​លោក ស សុខា ឲ្យ​នគរបាល ដែល​ជា​មន្ត្រី​សាធារណៈ​ចាំ​បង្ក្រាប​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​នេះ មិន​ត្រឹមតែ​រំលោភ​គោលការណ៍​ច្បាប់ និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​ដាក់​សម្ពាធ​លើ​នគរបាល​ទាំង​នោះ ឲ្យ​បំពេញ​ការងារ​គ្មាន​វិជ្ជាជីវៈ និង​មិន​អព្យាក្រឹត​ថែម​ទៀត ដោយ​កាន់​ជើង​តែ​គណបក្ស​កាន់​អំណាច ហើយ​រើសអើង​គណ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់។ លោក អះអាង​ថា គណបក្ស​ប្រឆាំង គ្មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល តែង​ប្រឌិត​រឿង​បង្ក្រាប​គណបក្ស​ប្រឆាំង​ឥត​ឈប់ឈរ ដើម្បី​ធ្វើឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ និង​បំបិទ​មិន​ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត។

លោក លី ម៉េងឃាង៖ «សូម​សំណូមពរ​ដល់​មន្ត្រី​នគរបាល​ទាំង​អស់ កុំ​អនុវត្ត​តាម​តែ​បទបញ្ជា​អ៊ីចឹង។ យើង​ត្រូវ​យក​គោលការណ៍​ច្បាប់ ជា​ពិសេស យើង​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ គោរព​សិទ្ធិពល​រដ្ឋ​ខ្មែរ កុំ​ធ្វើអ្វី​តាម​តែ​បទបញ្ជា​របស់​មេ។ ខ្ញុំ​សូម​រំលឹក​ដល់​លោក​ធំៗ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ទាំង​អស់ ខ្ញុំ​ធ្លាប់​ឮ​លោក ហ៊ុន សែន ប្រកាស​ថា សូម​កុំ​ឲ្យ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ប៉ុន្តែ​ខ្ញុំ​កត់​សម្គាល់​ថា ទង្វើ​របស់​គាត់​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កាន់តែ​ធ្វើឲ្យ​ប្រជា ពលរដ្ឋ​ឈឺចាប់​ខ្លាំង​ទៅៗ ដូច្នេះ នៅ​ពេល​ពលរដ្ឋ​ទ្រាំ​លែង​បាន គឺ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" ត្រូវ​តែ​មាន​ពុំខាន»

 

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា រំលឹក​ជាថ្មី​ទៀត ដល់​កង​កម្លាំង​នគរបាល​ជាតិ ៥០៦នាក់ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចំនួន៤ នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី១៧ ខែកញ្ញា​ថា ការងារ​សន្តិ​សុខ គឺ​ជា​តួនាទី​ស្នួល​របស់​នគរបាល។លោក​ព្យាយាម​ទាញ​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​នានា ថា កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ដោយ​លោក​ចោទ​ថា ក្នុង​នោះ​មាន​ករណី​បង្ក​ឡើង​ដោយ​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​ឧទ្ទាម។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បន្ត​ចោទ​ថា ក្រុម​ប្រឆាំង បាន​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ច្រើន​លើក​មក​ហើយ ប៉ុន្តែ បាន​បរាជ័យ​ដោយសារ​កិច្ចប្រតិបត្តិការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​របស់​សមត្ថកិច្ច។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ឃ្លាំមើល ព្រមទាំង​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា នៅ​កម្ពុជា គ្មាន​អ្នក​ប្រឆាំង​ជ្រុលនិយម ឬ​ក្រុម​ឧទ្ទាម​នោះ​ទេ គឺ​មាន​តែ​អ្នក​ស្នេហា​ជាតិ អ្នក​ស្នេហា​សិទ្ធិមនុស្ស និង​អ្នក​ស្នេហា​បរិស្ថាន ដែល​ពួក​គេ​កំពុង​ជាប់​គុក ទាំង​មិន​បាន​ប្រព្រឹត្ត​កំហុស​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ និង​កង​កម្លាំង​សមត្ថកិច្ច​រង​សម្ពាធ​ពី​អ្នក​កាន់​អំណាច។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា លោក អ៊ិន ណាត មាន​ប្រសាសន៍​ថា សារ​ណែនាំ​របស់​លោក ស សុខា នេះ គឺ​ជា​ការ​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ។ លោក​យល់​ថា លោក ស សុខា គួរតែ​ណែនាំ​នគរបាល​ឱ្យ​យល់​ដឹង​ច្រើន អំពី​តួនាទី និង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​បរិយាកាស​អំណោយផល​ឲ្យ​គ្រប់​គណបក្ស​នយោបាយ និង​ពលរដ្ឋ អនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញមតិ​ពេញលេញ។

លោក អ៊ិន ណាត៖ «រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គួរតែ​ណែនាំ​ដល់​នគរបាល​ឲ្យ​អនុវត្ត​ទៅ​តាម​ច្បាប់ កុំ​ធ្វើ​បាប​ប្រជាជន ដោយ​មិន​យក​កម្លាំង​បាយ កម្លាំង​អាវុធ​ទៅ​ធ្វើបាប​ប្រជាជន​ដូច​ដែល​យើង​បាន​ឃើញ​កន្លងមក ហើយ​ឲ្យ​ពួក​គេ ផ្ដោត​ទៅ​លើ​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស ដែល​កំពុង កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ»

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ថា ​គួរតែ​បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ច្បាប់​ ដូចជា ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ បន្ថែម​ទៀត ​អំពី​ក្រមសីលធម៌​ ​ដើម្បី​ឲ្យ​ចេះ​បំពេញ​តួនាទី​ត្រឹមត្រូវ និង​យុត្តិធម៌​តាម​គន្លង​រដ្ឋធម្មនុញ្ញ ទើប​អាច​កសាង​សង្គម​មួយ ​ដែល​មាន​យុត្តិធម៌ និង​សុខដុមរមនា​ទាំង​អស់​គ្នា។ ប៉ុន្តែ​ ពួក​គាត់​ព្រមាន​ថា ប្រសិនបើ​តុលាការ​នៅតែ​អយុត្តិធម៌ ហើយ​កម្លាំង​ប្រដាប់​អាវុធ​ នៅតែ​យាយី និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​ប្រជាពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង និង​សកម្ម​ជន​នានា ឥត​ឈប់ឈរ​ដូច​សព្វ​ថ្ងៃ​នេះ នោះ​សង្គម​កម្ពុជា​នឹង​កាន់តែ​ប្រេះឆា ហើយ​ឈាន​ដល់​អស្ថិរភាព​នៅ​ថ្ងៃ​ខាង​មុខ ហើយ​អ្នក​ដែល​ប៉ះពាល់​ធ្ងន់​ជាង​គេ គឺ​ជា​ក្រុម​អ្នក​មានទ្រព្យ និង​ក្រុម​ពូជពង្ស​អ្នកកាន់អំណាច៕

No comments: