2024.09.24
![អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បារម្ភពីការធ្វើបាតុកម្មប្រឆាំង ទើបមិនចូលរួមមហាសន្និបាតនៅអ.ស.ប អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បារម្ភពីការធ្វើបាតុកម្មប្រឆាំង ទើបមិនចូលរួមមហាសន្និបាតនៅអ.ស.ប](https://www.rfa.org/khmer/news/politics/pm-hun-manet-will-not-attend-unga-in-new-york-analysts-because-he-is-afraid-of-facing-protest-09242024051301.html/@@images/2cd7b52a-298e-4f14-b3b2-3a3726a57eeb.jpeg)
អ្នកវិភាគលើកឡើងថា មូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនទៅចូលរួមក្នុងកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ និងឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា ទៅជំនួសលោកគឺដោយសារតែលោក ហ៊ុន ម៉ាណែត បារម្ភពីការធ្វើបាតុកម្មប្រឆាំង និងការចោទសួរលោកជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ការលើកឡើងរបស់អ្នកវិភាគបែបនេះ គឺក្រោយពេលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញសេចក្ដីប្រកាសព័ត៌មានកាលថ្ងៃទី២១ ខែកញ្ញា ថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក សុខ ចិន្តាសោភា នឹងធ្វើជាតំណាងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីអនាគត និងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក (New York City) សហរដ្ឋអាមេរិក។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា លោក សុខ ចិន្តាសោភា នឹងថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអនាគតក្រោមមូលបទ «ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» និងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ការមិនទុកនរណាម្នាក់ចោល៖ ធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសេចក្ដីថ្លៃថ្នូរជាមនុស្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើកឡើងថាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសនានា នៅលើពិភពលោកនៅមហាសន្និបាតអង្គការសហប្រជាជាតិនេះគឺជារឿងសំខាន់ដែលថ្នាក់ដឹកនាំប្រទេសនីមួយអាចមានឱកាសចូលរួមក្នុងកិច្ចប្រជុំដោយឡែកជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងដៃគូវិនិយោគជាដើម។
លោក សេង វ៉ាន់លី ថា ការមិនចូលរួមរបស់ លោក ហ៊ុន ម៉ាណែត អាចមានហេតុផលជាច្រើន ប៉ុន្តែលោកថា អវត្តមាននេះគឺអាចដោយសារ លោក ហ៊ុន ម៉ាណែត បារម្ភពីការធ្វើបាតុកម្មប្រឆាំងនឹងរូបលោកដោយសារតែពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិកមិនពេញចិត្តចំពោះការចាប់ពលរដ្ឋដាក់គុកជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ជាដើម។
លោក សេង វ៉ាន់លី៖ «ប៉ុន្តែគ្រាន់តែសន្ទុះនៃការទាមទារឱ្យរដ្ឋាភិបាលជំរុញធ្វើនិរាករណ៍ ឬលុបចេញ គម្រោង CLV-DTA នៅតែបន្តកើតមាន ហើយយើងឃើញថាការប្រកាសដកខ្លួនគឺជានីតិវិធីដំបូង បឋម ប៉ុន្តែការសម្រេចដក១០០ភាគរយហ្នឹងត្រូវការពេលពិចារណាតាមរយៈអង្គនីតិប្បញ្ញត្តិ ដូច្នេះដំណើរការនៃការដកខ្លួននៅមិនទាន់រួចរាល់ជាស្ថាពរទេ»។
ចំណែកអ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ លើកឡើងថាមូលហេតុដែលលោក ហ៊ុន ម៉ាណែត មិនទៅចូលរួមក្នុងកិច្ចប្រជុំកំពូលគឺដោយសារការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ គឺដូចគ្នានឹងការដឹកនាំរបស់ឪពុកលោកគឺ លោក ហ៊ុន សែន ដោយបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអនុញ្ញាតឱ្យករណីជួញដូរមនុស្សខុសច្បាប់បន្តកើនមាននៅកម្ពុជាជាដើម។ លោកថា បញ្ហាទាំងនេះហើយដែលធ្វើឱ្យលោក ហ៊ុន ម៉ាណែត បារម្ភថានឹងមិនអាចឆ្លើយតបនៅមុខថ្នាក់ដឹកនាំប្រទេសប្រជាធិបតេយ្យដែលចង់ឃើញប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្ស។
លោក គឹម សុខ៖ «កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិមានប្រធានបទពីរសំខាន់គឺដំណោះស្រាយពហុភាគី និងការមិនទុកនរណាម្នាក់ចោល ចំណុចពីរនេះគឺជាគោលការណ៍គន្លឹះនៃលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដើរផ្ទុយទាំងស្រុងដូច្នេះប្រសិនបើលោក ហ៊ុន ម៉ាណែត មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិជាតិ ជាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងសួរដេញដោលចំៗអំពីដំណើរនៃការស្ដារលទ្ធិប្រជាធិបតេយ្យ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី អំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៣ កញ្ញា។
ក្រោយទទួលបានការផ្ទេរអំណាចបន្តពូជពីឪ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅសហរដ្ឋអាមេរិកចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ កាលពីឆ្នាំមុន ដោយលោកបានថ្លែងភូតកុហក និងបោកប្រាស់មហាសន្និបាតអង្គការសហប្រជាជាតិថា ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយ«សេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចជឿទុកចិត្តបាន»។ កាលនោះ ពលរដ្ឋដើមកំណើតខ្មែរមកពីបណ្ដាប្រទេសនានាដូចជាអាមេរិក អូស្ត្រាលី កាណាដា ជាដើម ជាច្រើនរយនាក់បានប្រមូលផ្គុំគ្នាតវ៉ាប្រឆាំងនឹងវត្តមានលោក និងស្នើកុំឱ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលពួកគេថា កើតឡើងពីការផ្ទេរអំណាចពីឪពុកមកកូន ដើម្បីបន្តគាបសង្កត់អ្នកប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត នៅមិនទាន់មានវាសនាដូចឪពុករបស់លោកដែលត្រូវបានបាតុករគប់ស្បែកជើងតម្រង់ក្បាលនោះនៅឡើយទេ៕
No comments:
Post a Comment