Thursday 5 September 2024

លោក ហ៊ុន សែន ស្នើ​​តែងតាំង​លោក គុយ សុផល ភ្លាមៗ «ខ្លាច​ព្រះមហាក្សត្រ​យក​មនុស្ស​​ក្រៅ​ពី​បក្ខពួក​ខ្លួន»

 

ដោយ ទីន ហ្សាការីយ៉ា
2024.09.04

លោក ហ៊ុន សែន ស្នើ​​តែងតាំង​លោក គុយ សុផល ភ្លាមៗ «ខ្លាច​ព្រះមហាក្សត្រ​យក​មនុស្ស​​ក្រៅ​ពី​បក្ខពួក​ខ្លួន»  
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចូលរួមបុណ្យសព​លោក គង់​ សំអុល កាលពីថ្ងៃទី៣ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន
 

ក្រុម​អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​តែងតាំង លោក គុយ សុផល ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ភ្លាមៗ ក្រោយ​ពី​លោក គង់ សំអុល អតីត​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ទទួលមរណភាព​នោះ ជា​រឿង​មិន​គោរព​កិត្តិយស​ក្រុម​គ្រួសារ​លោក គង់ សំអុល នោះ​ទេ។

ក្រុម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​លើកឡើង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​បាន​ស្នើ​ព្រះមហាក្សត្រ​តែងតាំង​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​ថ្មី ជំនួស​លោក គង់ សំអុល ក្រោយ​ពី​លោក​ទទួលមរណភាព​មិន​ទាន់​បាន​២​ម៉ោង ផង​នោះ គឺជា​ការ​មិន​ផ្ដល់​កិត្តិយស​ឱ្យ​ក្រុម​គ្រួសារ​លោក គង់ សំអុល ឡើយ។

អ្នក​អត្ថា​អធិប្បាយ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន មិន​ខ្វល់​អំពី​កិត្តិយស​របស់​ក្រុម​គ្រួសារ​លោក គង់ សំអុល ឡើយ សំខាន់​លោក​ត្រូវធ្វើ​យ៉ាងណា ឱ្យ​ព្រះមហាក្សត្រ ត្រូវ​តែងតាំង​អ្នកណា​ដែល​លោក​ទុកចិត្ត។

 

ព្រះមហាក្សត្រ នរោម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២ កញ្ញា ត្រាស់បង្គាប់​តែងតាំង​លោក គុយ សុផល ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះ បរមរាជវាំង តាម​សេចក្ដី​ទូល​ថ្វាយ​របស់​លោក ហ៊ុន សែន ដែល​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផង​នោះ។

ព្រះរាជ​តែងតាំង លោក គុយ សំផុល តាម​សំណើ​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ក្នុង​វ័យ​៩៤​ឆ្នាំ។ លោក គង់ សំអុល ក៏​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ឆ្នាំង និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ហើយក៏​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន​ផង​ដែរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ថា ទំនង​ជា​បាន​រៀបចំ​លោក គុយ សុផល នេះ យូរហើយ​។ លោក​បន្ថែម​ថា ការតែងតាំង​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​នេះ ជា​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​ព្រះមហាក្សត្រ​មិនអាច​ជ្រើសរើស​មនុស្ស ដោយ​អង្គ​ឯង​បាន ដោយសារតែ​លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើសលប់ ដែល​អាច​តែងតាំង​អ្នកណា​ក៏បាន។ «»

ទោះជា​យ៉ាងណា​អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​សមាជិក​ព្រឹទ្ធសភា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ អះអាង​ថា ការតែងតាំង​លោក គុយ សុផល នេះ មិនមែន​លោក ហ៊ុន សែន ជ្រៀតជ្រែក​លើ​ការ​តាំង​តែង​នេះ​ទេ។ ព្រះអង្គ​មាន​បន្ទូល​ថា លោក គុយ សុផល ជា​មន្ត្រី​នៅក្នុង​ព្រះបរមរាជវាំង​ស្រាប់។ «»

ទោះបីជា​យ៉ាងនេះ​ក្ដី អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សហ៊្វុនស៊ិនប៉ិច និង​ជា​មនុស្ស​ស្និទ្ធ​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ប៉ែន សង្ហា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា មិន​ធ្លាប់​ឃើញ​ព្រះរាជក្រឹត្យ ក្នុង​ទម្រង់​បែប​នេះ​ទេ។ លោក​បន្ថែម​ថា នា​ពេល​កន្លង​មក សម្រាប់​ការ​តែងតាំង​ផ្ទៃក្នុង ក្នុង​ព្រះបរមរាជវាំង និង​ព្រះរាជវង្សានុវង្ស​។ ហើយ​លោក​ក៏​មិន​ដែល​ឃើញ​មាន​ព្រះនាម​ព្រះអង្គ​ក្នុង​រង្វង់​ក្រចក​បែប​នេះ​ដែរ​។ ដោយឡែក ព្រះរាជក្រឹត្យ​តែងតាំង​លោក គុយ សុផល របស់​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​វិញ គឺ​យោង​តាម​សំណើ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​រង្វង់​ក្រចក។

លោក ប៉ែន សង្ហា សូម​ឱ្យ​អ្នក​មាន​អំណាច​ទាំងឡាយ ថ្វាយ និង​គោរព​នូវ​ព្រះរាជ​បុព្វសិទ្ធិ ព្រះមហាក្សត្រ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​តាម​ព្រះរាជ​បវេណី​។ លោក​បន្ថែម​ថា​ក្រសួង​ព្រះបរមរាជវាំង មិនមែន​ជា​ក្រសួង​ចំណុះ​រាជរដ្ឋាភិបាល ឬ គណៈរដ្ឋមន្ត្រី​ទេ។ ក្រសួងព្រះបរមរាជវាំង ជា​ក្រសួង​បែប​ប្រពៃណី សំដៅ​បម្រើ​ការងារ​ថ្វាយ​ព្រះមហាក្សត្រ តាម​បែប​បវេណី​ពី​បុរាណ។

លោក ប៉ែន សង្ហា បាន​រំលឹក​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ពេល ព្រះអង្គ​គ្រងរាជ្យ ព្រះអង្គ​បាន​ឡាយ​ព្រះរាជក្រឹត្យ​តែងតាំង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​សម្តេច​ក្រុមហ្លួង និង​បន្ទាប់​មក​ជា សម្តេច​ក្រុមព្រះ បាន​ឡាយ​ព្រះរាជក្រឹត្យ​តែងតាំង ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឃ ជា​សម្តេច​ក្រុម​ឃុន បន្ទាប់​មក​ជា សម្តេច និង​ព្រះរាជក្រឹត្យ​ជាច្រើន​ទៀត ដូចជា ការ​តែងតាំង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជាដើម គឺ តាម​ព្រះរាជ​បញ្ញាញាណ​របស់​អង្គ​ព្រះមហាក្សត្រ។

លោក គង់ សំអុល ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មនុស្ស​ដែល​លោក ហ៊ុន សែន ទុកចិត្ត ហើយ​អាច​បម្រើ​នយោបាយ​និង​ផលប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​បាន ជាពិសេស​ការ​រៀបចំ​កិច្ចការ​របស់​ព្រះមហាក្សត្រ និង​ការចាត់ចែង​ព្រះបរមរាជវាំង​។ លោក ហ៊ុន សែន បញ្ជូន​ឱ្យ​លោក គង់ សំអុល ឱ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​នេះ តាំងពី​ឆ្នាំ​១៩៩៨ ក្នុង​ពេល​ដែល​គណបក្សហ៊្វុនស៊ិនប៉ិច​នៅ​មាន​ឥទ្ធិពល​នៅ​ឡើយ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​អះអាង​ថា លោក ហ៊ុន សែន បាន​បញ្ជូន​លោក គង់ សំអុល ទៅ​នៅ​ក្បែរ​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ កាលណោះ គឺ​ដើម្បី​គ្រប់គ្រង​ព្រះបរមរាជវាំង​។ ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏​ងាយ​នឹង​បញ្ជា​លោក គង់ សំអុល ដើម្បី​តាមដាន​កិច្ចការ​សម្ងាត់​របស់​ព្រះមហាក្សត្រ ដែរ។

លើស​ពី​នេះ​ទៀត​រយៈពេល​២៦​ឆ្នាំ ដែល​លោក គង់ សំអុល បាន​ធ្វើជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​កន្លង​មក​នេះ លោក​មិនដែល​ហ៊ាន​ប្រតិកម្ម​ឬ​ឆ្លើយតប​ទៅ លោក ហ៊ុន សែន ឡើយ ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​គំរាម​រំលាយ​ព្រះរាជ​បល្ល័ង្ក​ចោល​ក៏ដោយ។ «»

ទាក់ទង​នឹង​បញ្ហា​នេះ​លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ស្នើ​ឱ្យ​ព្រះមហាក្សត្រ តែងតាំង លោក គុយ សុផល នេះ ក៏​ដោយសារតែ​លោក ហ៊ុន សែន មើលឃើញ លោក គុយ សុផល​មិនមែន​ជា​មនុស្ស​ឯករាជ្យ ឬ​ការពារ​ព្រះមហាក្សត្រ​ដែរ។

លោក​អះអាង​ថា ដោយសារ​ឥទ្ធិពល​របស់​លោក ហ៊ុន សែន សូម្បីតែ ព្រះមហាក្សត្រ​ក៏​មិនអាច​ជ្រើសរើស​មនុស្ស​ចេញពី​រាជវង្សានុវង្ស​ឱ្យមក​ធ្វើជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​​នេះ សូម្បីតែ​មនុស្ស​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចគ្នា​ក៏​លោក ហ៊ុន សែន មិន​ទុកចិត្ត​ដែរ​។ លោក គឹម សុខ បញ្ជាក់​ថា មនុស្ស​ដែល​សម​នឹង​ទទួល​បាន​តួនាទី​នេះ​ជាងគេ​បំផុត​គឺ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ទុកចិត្ត​លោក ស ខេង ទេ។ «»

ក្រុម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ លើកឡើង​ថា ឥស្សរជន​នយោបាយ​កំពូលៗ​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រជាប្រិយភាព​និង​មាន​ឥទ្ធិពល​នៅក្នុង​គណបក្ស​កាន់អំណាច ក្រៅពី​លោក ស ខេង ហើយ​សក្ដិសម​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជំនួស​លោក គង់ សំអុល នោះ មាន អ្នកស្រី ម៉ែន សំអន លោក ទៀ បាញ់ លោក ជា សុផារ៉ា និង លោក សាយ ឈុំ ជាដើម។

ប៉ុន្តែ​លោក ហ៊ុន សែន មិន​ហ៊ាន​ប្រគល់​តួនាទី​នេះ ឱ្យទៅ​មនុស្ស​ទាំង​នេះ​ឡើយ ពីព្រោះ​លោក យល់​ថា មនុស្ស​ទាំងនេះ​អាច​នឹង​មិន​ស្ដាប់​ការ​បង្គាប់​បញ្ជា​របស់​លោក។

ជាង​នេះ​ទៅ​ទៀត​ថ្នាក់ដឹកនាំ​កំពូល​គណបក្សកាន់អំណាច​ទាំងនេះ អាច​នឹង​ធ្វើ​ឱ្យអំណាច​ត្រកូល​ហ៊ុន​រង្គោះរង្គើ​បាន​។ ប្រហែលជា​បញ្ហា​មិន​ទុកចិត្ត​គ្នា​នេះ​ហើយ ទើប​លោក ហ៊ុន សែន ស្រវេស្រវា គាល់​ព្រះមហាក្សត្រ ដើម្បី​ស្នើ​ឱ្យ​តែងតាំង​លោក គុយ សុផល យ៉ាង​ប្រញាប់ប្រញាល់ ក្រោយ​ពី​លោក គង់ សំអុល ទទួល​មរណភាព​ទាំង​នៅ​មិន​ទាន់​បូជា​សព​នៅ​ឡើយ​ផង​នោះ៕

No comments: