Sunday 22 September 2024

ពលរដ្ឋ និង​ឃ្លាំមើល​ថា លោក ហ៊ុន សែន ដក​គម្រោង CLV-DTA មិនមែន​ហេតុផល​ការពារ​បូរណភាព​ទឹក​ដី​ទេ


ដោយ ច័ន្ទ ដារ៉ូ
2024.09.21

ពលរដ្ឋ និង​ឃ្លាំមើល​ថា លោក ហ៊ុន សែន ដក​គម្រោង CLV-DTA មិនមែន​ហេតុផល​ការពារ​បូរណភាព​ទឹក​ដី​ទេ
 

ពលរដ្ឋ និង​ឃ្លាំមើល​ថា លោក ហ៊ុន សែន ដក​គម្រោង CLV-DTA មិនមែន​ហេតុផល​ការពារ​បូរណភាព​ទឹក​ដី​ទេ
រូប៖ Reuters


ប្រជាពលរដ្ឋ និង​ឃ្លាំមើល​ថា លោក ហ៊ុន សែន ដក​កម្ពុជា​ចេញ​គម្រោង CLV-DTA ជា​លេស​កេង​ចំណេញ​នយោបាយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​គាំទ្រ ដែល​រដ្ឋាភិបាល​សម្រេច​ដក​កម្ពុជា​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម។ ប៉ុន្តែ​ពួក​គាត់​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ត្រូវ​ដោះ​លែង​អ្នក ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន ដោយសារ​ការ​បញ្ចេញ​មតិ​រឿង CLV ហើយ​ត្រួត​ពិនិត្យមើល​ឡើង​វិញ នូវ​កិច្ចសន្យា​ដី​សម្បទាន​​ជាមួយ​ក្រុមហ៊ុន​​វៀតណាម រួម​ទាំង​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​កន្លង​មក ឬ​ប្រឈម​ហានិភ័យ​ដល់​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​លោក ម៉ាត់ វណ្ណី លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ CLV-DTA ជា​គម្រោង​គ្រោះថ្នាក់​ជាតិ ដូច្នេះ​ការ​សម្រេច​ចិត្ត​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ជា​សញ្ញា​វិជ្ជមាន​ជំហាន​ដំបូង ដោយសារ​តវ៉ា​ធ្វើ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​មាន​សន្ទុះ​ខ្លាំង​បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខ្លាច​កម្លាំង​មហាជន​ងើប​ប្រឆាំង ដែល​គំរាមកំហែង​ដល់​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។



    លោក ម៉ាត់ វណ្ណនី៖ «យើង​មិន​ទាន់​មាន​ការ​ជឿ​ទុកចិត្ត​ទេ អ្វី​ដែល​លោក ហ៊ុន សែន ដក​ខ្លួន​ចេញ​នេះ ដោយសារ​គាត់​ព្រួយបារម្ភ​រឿង​អំណាច​របស់​គាត់ ដោយ​មិនមែន​ជា​រឿង​គាត់​ស្រឡាញ់​ទឹកដី មាន​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​ពិតប្រាកដ​ទេ យើង​រង់ចាំ​មើល​តើ​ក្រោយ​គាត់​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV នេះ​ហើយ អ្វីៗ ផ្សេងៗ ទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ការពារ​បូរណភាព​ដែនដី​ហ្នឹង ដូចជា​រឿង​អន្តោប្រវេសន៍ អំពើ​ពុករលួយ​តាម​ព្រំដែន រឿង​បង្ខិត​ព្រំដែន ឬ​មាន​បាតុភាព​ណា​មួយ​កើតឡើង​នៅ​កម្ពុជា គឺ​យើង​នៅតែ​បន្ត​ចេញ​ទាមទារ តស៊ូ​មតិ​ទៀត»។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ចេញ​មុខ​ប្រកាស​ជំនួស​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថា​កម្ពុជា​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ចាប់​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ត​ទៅ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​រួច​ហើយ។

លោក ហ៊ុន សែន ចោទ​ប្រកាន់​ពលរដ្ឋ ដែល​ប្រឆាំង​នឹង​គម្រោង CLV នេះ​ថា ជា​ក្រុម​ជ្រុល​និយម ហើយ​លោក​អះអាង​ថា ពួកគេ​នឹង​លែង​មាន​លទ្ធភាព​ប្រើប្រាស់​រឿង CLV នេះ ដើម្បី​និយាយ​ប្រាប់​ពលរដ្ឋ​តទៅ​ទៀត។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ជោគជ័យ​របស់​បក្ស​ប្រជាជន​កម្ពុជា ស្ថិត​លើ​រដ្ឋាភិបាល​ចេះ​ដោះស្រាយ​កង្វល់​ពលរដ្ឋ និង​ចេះ​ដក​អាវុធ​ចេញ​ពី​ដៃ​សត្រូវ។

ថ្វីបើ​បាន​ប្រកាស​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ក្ដី លោក ហ៊ុន សែន បាន​និយាយ​ថា លោក​នឹង​មិន​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។ ក្នុង​សារ​ឆ្លើយតប​ទៅ​កាន់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​សុំ​ឱ្យ​លោក​ដោះលែង​អ្នកជាប់ឃុំ​ទាំង​នោះ លោក ហ៊ុន សែន បាន​ចោទ​ថា ពួក​គេ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រោម​លេស CLV។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែន ករុណា មានប្រសាសន៍​ថា បើ​តាម​ហេតុផល​ដែល​រដ្ឋាភិបាល​សម្រេច​ដក​គម្រោង CLV គឺ​គ្រាន់​តែ​ការពារ​អំណាច​ខ្លួន ដោយ​មិនមែន​ធ្វើឡើង​សម្រាប់​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ស្រប​តាម​បំណង និង​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

    ស៊ឹង សែនករុណា៖ «លោក ហ៊ុន សែន ដែល​បញ្ជាក់​នៅ​ក្នុង​រឿង​ហ្នឹង យើង​ឃើញ​ថា​ជា​ការ​បញ្ជាក់​ដោយ​សារ​ខ្លួន​បារម្ភ​គណបក្សប្រឆាំង​មូល​ហេតុ​រឿង CLV ហ្នឹង​ផ្តួល​រំលំ​ខ្លួន អ៊ីចឹង​ហើយ​បាន​ជា​ពលរដ្ឋ ឬ​សាធារណជន​នៅតែ​មាន​មន្ទិលសង្ស័យ​ថា ជា​ការ​ធ្វើ​ឡើង​អត់​ទាន់​មាន​ភាព​ស្មោះត្រង់​នៅឡើយ​ទេ។ កម្ពុជា​យើង​មាន​បញ្ហា​ច្រើន​ណាស់​មិន​ត្រឹមតែ​ដក​រឿង CLV ដោយ​មិន​ស្មោះត្រង់​ប៉ុណ្ណឹង​ទេ ហើយ​យើង​យល់​ថា វា​មិន​អាច​ចប់​ត្រឹម​ហ្នឹង ឬ​សាទរ​ទេ ពលរដ្ឋ​គួរតែ​ពិនិត្យ​មើល​ឱ្យ​ស៊ីជម្រៅ​កុំ​ចេះតែ​អបអរ ហើយ​ខ្លួន​ឯង​នៅតែ​មាន​បញ្ហា ការ​ដឹកនាំ​ប្រទេស​នៅតែ​មិន​បាន​​គិត​ពី​ពលរដ្ឋ គិត​តែ​ផល​ប្រយោជន៍​មេ​ដឹកនាំ»។

កន្លងទៅ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ប្រទេស​ជាច្រើន ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ជាដើម បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​គម្រោង CLV នេះ ជាពិសេស មហា​បាតុកម្ម​នៅ​កូរ៉េខាងត្បូង​ចំនួន​ពីរ​លើក ដែល​មាន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់។

ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​អះអាង​ថា ទោះជា​លោក ហ៊ុន សែន ប្រកាស​ដក​កម្ពុជា​ចេញ​ពី CLV ក៏​ដោយ ក៏​ពួក​គេ​នៅតែ​បន្ត​គម្រោង​ធ្វើ​បាតុកម្ម ឬ​សកម្មភាព​នានា ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន​ដដែល ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងឡាយ ព្រមទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ៕

No comments: