Friday 11 October 2024

សមាជិក​សភា​ម៉ាឡេស៊ី​ជំរុញ​ឱ្យ​មាន​សវនាការ​ពិសេស ពាក់ព័ន្ធ​ការ​និរទេស​ពលករ​ខ្មែរ​ពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​ទាំង​បង្ខំ

 

ដោយ ច័ន្ទ ដារ៉ូ
2024.10.10

សមាជិក​សភា​ម៉ាឡេស៊ី​ជំរុញ​ឱ្យ​មាន​សវនាការ​ពិសេស ពាក់ព័ន្ធ​ការ​និរទេស​ពលករ​ខ្មែរ​ពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា​ទាំង​បង្ខំ  
(ឆ្វេង) កញ្ញា នួន តឿន ដែល​អាជ្ញាធរម៉ាឡេស៊ី​ចាប់​ខ្លួន និង​ប្រគល់ឱ្យ​អាជ្ញាធរ​កម្ពុជាយក​ទៅ​ឃុំខ្លួន និង​លោក វង់ ឈិន (Wong Chen) សមាជិកសភា​តំបន់​ស៊ូបាំង (Subang) និង​ជា​សមាជិក​នៃ​គណបក្ស​យុត្តិធម៌​ប្រជាជន (People’s Justice Party) ម៉ាឡេស៊ី។
រូប៖ ហ្វេសប៊ុក នួន តឿន និង​លោក វង់ ឈិន (Wong Chen)

សមាជិកសភា​ម៉ាឡេស៊ី​កំពុង​ជំរុញ​ឱ្យ​មាន​សវនាការ​ពិសេស ដើម្បី​កោះហៅ​មន្រ្តី​ពាក់ព័ន្ធ​ទៅ​សាកសួរ​អំពី​មូលហេតុ​នៃ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​អ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​ឈ្មោះ នួន តឿន ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទាំង​បង្ខំ​កាល​ពី​ពេល​ថ្មីៗ នេះ។ អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍ និង​អំពាវនាវ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី​ផ្ដល់​យុត្តិធម៌​ដល់​កញ្ញា នួន តឿន និង​ទប់ស្កាត់​អំពើ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​មេដឹកនាំ​ក្រុងភ្នំពេញ។

សមាជិក​នៃ​គណបក្ស​យុត្តិធម៌​ប្រជាជន (People’s Justice Party) របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim) គឺ​លោក វង់ ឈិន (Wong Chen) បាន​អំពាវនាវ​ឱ្យ​សមាជិក​សភា​ប្រទេស​នេះ​រៀបចំ​សវនាការ​ពិសេស ជុំវិញ​ការ​និរទេស​ពលករ​ខ្មែរ​ម្នាក់​ទៅ​កម្ពុជា​យ៉ាង​ប្រញាប់ប្រញាល់ ទាក់ទង​បទ​ចោទ​រឿង​រិះគន់​មេដឹកនាំ​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​កន្លងមក។

 

សមាជិកសភា​តំបន់​ស៊ូបាំង (Subang) លោក វង់ ឈិន ថា មន្ត្រី​ម៉ាឡេស៊ី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ការ​ចាប់​បញ្ជូន​កញ្ញា នួន តឿន ទៅ​កម្ពុជា​នោះ គួរតែ​ត្រូវ​បាន​កោះហៅ​ឱ្យ​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ នេះ​បើ​តាម​សារព័ត៌មាន ហ្រ្វីម៉ាឡេស៊ី ធូដេ (Free Malaysia Today) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែតុលា។

លោក វង់ ឈិន និយាយ​ថា​ លោក​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សមាជិក​សភា​តំបន់​សេឡាយាំង​ (Selayang) លោក វីឡាម ឡុង (William Leong) ប្រធាន​គណៈកម្មាធិការ​សភា​ស្ដីពី​សិទ្ធិមនុស្ស ការបោះឆ្នោត និង​កំណែទម្រង់​ស្ថាប័ន (Human Rights, Elections, and Institutional Reforms) រួម​ជាមួយ​សមាជិក​សភា​តំបន់ ប៊ូគីត បេនដារ៉ា (Bukit Bendera) មួយ​រូប​ទៀត គឺ​អ្នកស្រី សឺលីណា អាប់ដុល រ៉ាស៊ីត (Syerleena Abdul Rashid) ប្រធាន​ក្រុម​តំណាងរាស្ត្រ​គ្រប់​គណបក្ស​នយោបាយ (All-Party Parliamentary Group Malaysia) ស្ដីពី​​​​​​​​​​​​​​​​​​​​​​​​គោលនយោបាយ​ជនភៀសខ្លួន ដើម្បី​ចាប់​ផ្ដើម​សវនាការ​ជុំវិញ​រឿង​នេះ​នៅ​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាង​មុខ។

លោក វង់ ឈិន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក ទំនាក់ទំនង​អន្តរជាតិ​នៃ​រដ្ឋសភា​ម៉ាឡេស៊ី បារម្ភ​ចំពោះ​ការ​និរទេស​កញ្ញា នួន តឿន យ៉ាង​រហ័ស ​ដែល​ធ្វើឡើង​ត្រឹម​តែ​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​នាង។

លោក វង់ ឈិន៖ «នាង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃសៅរ៍ ហើយ​ត្រូវ​បាន​និរទេស​នៅ​ថ្ងៃច័ន្ទ។ វា​ច្បាស់​ណាស់​ថា នាង​មិន​ទទួល​បាន​មេធាវី​ការពារ​សិទ្ធិ​ទេ ករណី​នេះ​ដំណើរ​ការ​មិន​បាន​ត្រឹមត្រូវ។ ការសម្រេចចិត្ត​និរទេស​នាង​យ៉ាង​ប្រញាប់ប្រញាល់​បាន​បង្ខូច​ការ​ប្ដេជ្ញា​ចិត្ត​របស់​ម៉ាឡេស៊ី​ចំពោះ​សិទ្ធិមនុស្ស។ ហើយ​សវនាការ​សភា​នឹង​អាច​កែ​តម្រូវ​រឿង​នេះ​បាន»

ប្រភព​ដដែល​ឱ្យ​ថា លោក វង់ ឈិន ក៏​កំពុង​ពិចារណា​ដាក់​របាយការណ៍​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី (Human Right Commission of Malaysia) ហើយ​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​នីតិវិធី សម្រាប់​សំណើ​សុំ​និរទេស​បែបនេះ​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ ខែតុលា​ថា ការណ៍​ដែល​តំណាងរាស្ត្រ​ម៉ាឡេស៊ី​មក​ពី​បក្ស​កាន់​អំណាច​គ្រោង​ហៅ​មន្ត្រី​ពាក់ព័ន្ធ ទៅ​សួរ​ដេញដោល​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សភា ទាក់ទង​ករណី​របស់​កញ្ញា នួន តឿន ខាងមុខ គឺ​ដើម្បី​ការពារ​រាស្ត្រ តម្លៃ​ជាតិ គោលការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការចូលរួម​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​អ្នកស្រី​ថា​សកម្មភាព​ទាំងនេះ​ខុស​ពី​សមាជិកសភា​នៅ​កម្ពុជា​ដែល​តែង​អសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ក្នុងនាម​ជា​តំណាងរាស្ត្រ។ អ្នកស្រី​ជឿ​ថា​កិច្ច​អន្តរាគមន៍​ពី​សមាជិកសភា​ម៉ាឡេស៊ី គឺ​មាន​សារៈសំខាន់ និង​ជា​សញ្ញា​វិជ្ជមាន​មួយ​ផ្នែក​សម្រាប់​កញ្ញា នួន តឿន ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដោយ​អយុត្តិធម៌។

អ្នកស្រី មូរ សុខហួរ៖ «ប៉ូលិស​អន្តោប្រវេសន៍​អត់​សហការ ហ្នឹងហើយ​ដែល​លោក វង់ ឈិន មិន​ព្រម ហ្នឹងហើយ​ដែល​លោក វង់ ឈិន ទាមទារ​ឱ្យ​មន្រ្តី​ពាក់ព័ន្ធ​ឡើង​ទៅ​បំភ្លឺ​នៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅ​សភា នេះ​បង្ហាញ​ថា​ការ​បែងចែក​អំណាច​នៅ​ម៉ាឡេស៊ី ជា​ការបែងចែក​អំណាច​ពិតប្រាកដ គឺ​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ ដែល​នីតិប្រតិបត្តិ​ត្រូវ​មក​ទទួល​ខុសត្រូវ ចំពោះ​មុខ​នីតិប្បញ្ញត្តិ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅ​ក្នុង​សភា​យក​តួនាទី អំណាច​របស់​គេ​យក​មក​អនុវត្ត​ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ក្នុង​កាន់អំណាច​ប្រតិបត្តិ​មក​ទទួល​ខុសត្រូវ មក​ឆ្លើយ​ចំពោះ​មុខ​សភា»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ជុំ សុន្ទរី ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែតុលា។កាលពី​ល្ងាច​ថ្ងៃ​ទី៣០ ខែកញ្ញា សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​សមាជិក​បណ្ដាញ​យុវជន​កម្ពុជា​សកល​ ប្រចាំ​ម៉ាឡេស៊ី គឺ​កញ្ញា នួន តឿន ទៅ​កម្ពុជា​តាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ តុលាការ​បាន​ចោទប្រកាន់​កញ្ញា នួន តឿន ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង» និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម២ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែតុលា

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស និង​ចាត់​ទុក​ការ​ចាប់​បញ្ជូន​កញ្ញា នួន តឿន ដោយ​បង្ខំ​ថា​ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ និង​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ត្រូវ​បញ្ឈប់​សកម្មភាព​បែបនេះ​ជាបន្ទាន់៕

1 comment:

Anonymous said...

The ROOT cause of the problem was that Hun Sen stole the power from Khmer people. People did not vote for him.
He is so worry and paranoid that Khmer people would revolt and bring him down, which prompt him to launch a preemptive strike by arbitrarily arresting and incarcerating any Khmers who dare to criticize him.

There was a Khmer saying: "Kor Kmao Dombao Knong, Kaek Heu Romlorng Romsay Kantuy".
For example: Hun Sen thought this young innocent girl's comment can lead to a movement to topple him.