Monday 14 October 2024

តុលាការ​ចោទ​ប្រកាន់​ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន លោក ដួង តារា ពី​បទ «ឆបោក»

 

ដោយ ខាន់ លក្ខិណា
2024.10.14

តុលាការ​ចោទ​ប្រកាន់​ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន លោក ដួង តារា ពី​បទ «ឆបោក»  
ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ដួង តារា (ឆ្វេង) ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត។ រូបលោក ដួង តារា​ ផុសលើហ្វេសប៊ុក​កាលពី​ថ្ងៃទី២៦ មករា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ដួង តារា
 

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ពី​បទ​«​ឆបោក​» ខណៈ​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ លោក លី សាម៉េត សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​បាន​នៅ​ឡើយ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ដកស្រង់​ការ​លើកឡើង​របស់​ព្រះរាជអាជ្ញា រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ថា មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «​ឆបោក​» តាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ព្រះរាជអាជ្ញា រង​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល និង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃទី​១៤ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

 

សមត្ថកិច្ច​ឃាត់ខ្លួន​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ដួង តារា កាលពី​ថ្ងៃទី​១០ ខែ​តុលា ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។

ការ​ឃាត់ខ្លួន​លោក ដួង តារា នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ផ្ទុះ​រឿងអាស្រូវ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង ខណៈ​ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក ដួង វីរ៉ាត់ ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅក្នុង​ក្រុមហ៊ុន​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

រីឯ​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​តុលា មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​។ ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​នេះ ដោយ​លោក ហ៊ុន សែន អះអាង​ថា លោក លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​ឆបោក​លុយ​គេ​រាប់​លាន​ដុល្លារ៕

1 comment:

Anonymous said...

The master of cheating, deceiving, and tricking is Hun Sen. But this fox Duong Dara worked for the Hyena Hun Sen. So, it is natural that Hyena eats the fox when there is nothing left to eat.