Wednesday 16 October 2024

កញ្ញា នួន តឿន ដែល​អាជ្ញាធរ​ចាប់​បញ្ជូន​ពី​ម៉ាឡេស៊ី​ដាក់​គុក​នៅ​កម្ពុជា «នៅ​រក្សា​ជំហរ​រឹងមាំ»

 

ដោយ ច័ន្ទ ដារ៉ូ
2024.10.16

កញ្ញា នួន តឿន ដែល​អាជ្ញាធរ​ចាប់​បញ្ជូន​ពី​ម៉ាឡេស៊ី​ដាក់​គុក​នៅ​កម្ពុជា «នៅ​រក្សា​ជំហរ​រឹងមាំ»  
 
ពលករ​ខ្មែរ​កញ្ញា នួន តឿន ជាសមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ដែល​កម្លាំង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់

សាច់ញាតិ​ថា ពលករ​ខ្មែរ​កញ្ញា នួន តឿន ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ស្រុកខ្មែរ​រក្សា​ជំហរ​ស្មារតី​រឹងមាំ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។ មន្រ្តី​សិទ្ធិមនុស្ស​លើកឡើង​ថា រឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ហើយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឡើង​វិញ។

កញ្ញា នួន តឿន ដែល​អាជ្ញាធរ​និរទេស​ពី​ប្រទេសម៉ាឡេស៊ី​ទៅ​កម្ពុជា​ដោយ​បង្ខំ​ពាក់ព័ន្ធការ​បញ្ចេញ​មតិ​រិះគន់​មេដឹកនាំ​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន កន្លង​មក លើកឡើង​ថា​ការ​ចោទប្រកាន់​ពីបទ​ល្មើស​ញុះញង់ និង​ការ​ឃុំខ្លួន​នាង​ដាក់​ពន្ធនាគារ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

 

ម្តាយមីង​របស់​កញ្ញា នួន តឿន គឺ​លោកស្រី ឆេង ថុល ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី១៥ ខែ​តុលា ក្រោយ​ចូល​សួរសុខទុក្ខ​ក្មួយ​នៅ​ពន្ធនាគារ​ព្រៃស​ថា លោកស្រី​យំអាណិត​ពេល​ឃើញ​ក្មួយស្រី​ជា​មនុស្ស​ស្លូតត្រង់ និង​ជា​បង្គោល​គ្រួសារ​បែរ​ជា​ស្លៀក​ខោអាវ​អ្នកទោស ត្រូវ​ជាប់​​គុក​ទាំង​អយុត្តិធម៌។ លោកស្រី​ឱ្យដឹង​ថា​កញ្ញា នួន តឿន ខកចិត្ត​ចំពោះ​ប៉ូលិស​ម៉ាឡេស៊ី និង​កម្ពុជា​ដែល​ឆ្មក់​ចូល​ចាប់​វាយ​ខ្នោះ​នាង​ដល់​ផ្ទះថៅកែ​ស្ងាត់ៗ ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ ឬ​បង្ហោញ​លិខិត​ស្នាមណា​មួយ​នោះទេ។ លោកស្រីបញ្ជាក់​ថា ទោះជា​ពេលនេះ​ក្មួយ​របស់​លោកស្រី​កំពុង​ឈឺ រង​ទុក្ខលំបាក និង​ហូបចុក​មិន​គ្រប់គ្រាន់​នៅក្នុង​ពន្ធនាគារ​ក្តី ក៏​នាង​នៅ​តែ​មាន​ជំហរ​និង​ស្មារតី​រឹងមាំ ហើយ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​នាង​វិញ។

លោកស្រី ឆេង ថុល« វា​នៅ​ខាង​ក្នុង​គ្រាន់តែ​ពិបាក​អត់​លុយ​ចាយ​អ៊ីចឹង ខ្ញុំ​អាណិត​វា​ដែរ​ហ្នឹង ខ្ញុំ​និង​វា​យំ​ដូច​តែ​គ្នា​ពេល​ក្មួយ​និយាយ​មក​ថា អត់​មាន​លុយចាយ ខោអាវ​អត់​មាន​ស្លៀក ខ្ញុំ​ទៅ​ពី​នេះ​ទៅ​អត់​បាន​ទិញ​អាវ​ទេ ពីព្រោះ​ខ្ញុំ​អត់​លុយ​ដែរ អាណិត​លើស​ពី​អ្វី​ទៅ​ទៀត វា​មិន​គួរ​ដល់​ថ្នាក់​ហ្នឹង យើង​មិន​ដឹង​ធ្វើ​អ្វី​គេ​កើត​ទៅ។ ខ្ញុំ​ស្នើ​ឱ្យ​សម្តេច​ដោះលែង​កូន​របស់ខ្ញុំ​មក​វិញ​មក វា​ស្លូត​ត្រង់ ហើយ​អ្នក​នៅក្រៅ​ប្រទេស​ជួយ​ឱ្យ​យោបល់​ដល់​សម្តេច​ដោះលែង​កូន​របស់ខ្ញុំ​មក​វិញ​មក ពីព្រោះ​វា​អត់​ដឹង​អ្វី​ទេ វា​ស្លូត ស្មោះត្រង់ គ្នា​អត់​ចេះ​លួចប្លន់​ ឆក់​អ្នក​ណា​ទេ គ្នាស្លូត​ណាស់»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​បកស្រាយ​ជុំវិញរឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា។ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ។

កាលពី​ល្ងាច​ថ្ងៃ​ទី៣០ ខែ​កញ្ញា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​សមាជិក​បណ្តាញ​យុវជន​កម្ពុជា​សកល ប្រចាំ​ប្រទេស​ម៉ាឡេស៊ី គឺ​កញ្ញា នួន តឿន ទៅ​កម្ពុជា​តាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ តុលាការ​បាន​ចោទ​ប្រកាន់​កញ្ញា នួន តឿន ពី​បទ​« ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម២ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា។

ជុំវិញ​ចោទ​ប្រកាន់ និង​ឃុំខ្លួនព​លករខ្មែរ​រូបនេះ មេធាវី​របស់​សមាគម​អាដហុក (Adhoc) នឹង​ដាក់​ពាក្យ​ការពារក្តី​ទៅ​តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី១៦ ខែតុលា បន្ទាប់មក​មេធាវី​គ្រោង​ទៅ​ជួប​ពិភាក្សា​ផ្លូវច្បាប់​ជាមួយ​កញ្ញា នួន តឿន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍​ថា​ការចាប់ខ្លួន​កញ្ញា នួន តឿន ពីប្រទេស​ម៉ាឡេស៊ី​មក​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​ដោយសារ​នាង​និយាយ​រិះគន់​មេដឹកនាំ​កម្ពុជា​កន្លងមក ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស​ថ្កោលទោស និង​ចាត់ទុក​ក្តីក្តាំ​នេះ​ថា​ជា​ការធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស។ លោកមើលឃើញ​ថា បញ្ហានេះ​មិន​បាន​ផល​ចំណេញ​អ្វីដល់​រដ្ឋាភិបាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើឱ្យ​គ្រួសារ​ព្រម​ទាំង​កញ្ញា នួន តឿន មាន​ការ​ឈឺចាប់​កាន់តែ​ខ្លាំង ចំណែក​រដ្ឋាភិបាល​បន្ត​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ថែមទៀត។

លោក យិន ម៉េងលី៖ «សូម​ឱ្យ​រដ្ឋាភិបាល​បើក​លំហសេរីភាព​បញ្ចេញមតិ​ទៅ​ ដើម្បី​ស្តារ​មុខមាត់​របស់​ប្រទេសជាតិ​យើង ក៏​ដូចជា​មុខមាត់​របស់​រដ្ឋាភិបាល​នៅលើ​ឆាកអន្តរជាតិ ដើម្បី​ឱ្យ​ស្ថានភាព​នយោបាយ​មាន​ភាព​ធូរស្រាល ហើយ​អ្នក​នយោបាយ ងាក​មក​ជួបជុំ​ពិភាក្សា​រក​ដំណោះស្រាយ ដើម្បី​ប្រទេស​ជាតិ ប្រជាពលរដ្ឋ​របស់​យើង​បាទ»

កញ្ញា នួន តឿន មាន​ស្រុក​កំណើត​នៅ​ស្រុក​បសេដ្ឋ នៅ​ខេត្ត​កំពង់ស្ពឺ និង​ជាកូន​កំព្រា​ឪពុកម្តាយ។ នាង​គឺ​ជា​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ជាង ១៦ឆ្នាំ​នៅប្រទេសម៉េឡេស៊ី​ដែល​ចេញមុខ​គាំទ្រ​គណបក្ស​ប្រឆាំង។ កញ្ញា​តែង​ប្រើប្រាស់​បណ្តាញ​សង្គម​និយាយ​រឿង​អយុត្តិធម៌​នានា ដូចជា​បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស​រិះគន់ខ្លាំងៗ​ជុំវិញ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕

No comments: