Saturday 26 October 2024

តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ


ដោយ ខាន់ លក្ខិណា
2024.10.25

តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ 

លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ (អាវពណ៌ផ្ទៃមេឃ) ពេល​ចេញ​ពី​ពន្ធនាគារព្រៃស ឬ​មណ្ឌលអប់រំ​កែប្រែ​ទី១ «ម១» នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ


ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ទទួល​បាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី២៥ ខែតុលា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង ២ ឆ្នាំ ក្នុង​សំណុំ​រឿង​បង្កើត​ គណបក្ស​បេះដូង​ជាតិ។ យ៉ាង​ណា​លោក សៀម ភ្លុក នៅ​តែ​ចាត់​ទុក​ការ​កាត់​ឱ្យ​ លោក​មាន​ទោស​និង​ជាប់​ឃុំ ២ឆ្នាំ ៦ខែ​កន្លង​មក​នេះ​ថា​ ជា​រឿង​អយុត្តិធម៌។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ ប្ដេជ្ញា​ចិត្ត​បន្ត​ជីវភាព​នយោបាយ និង​ទាមទារ​សិទ្ធិ​សេរីភាព ព្រម​ទាំង​យុត្តិធម៌​នៅ​ ក្នុង​សង្គម បន្ទាប់​ពី​លោក​ទទួល​បាន​សេរីភាព​វិញ។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ ថា​នឹង​បន្ត​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​នៅ​ឡើយ។



    លោក សៀម ភ្លុក៖ «សោកស្ដាយ​ដែល​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌។ យើង​អ្នក​នយោបាយ​នៅ​តែ​ទាមទារ​យុត្តិធម៌​ដដែល យើង​មាន​អី​ក្រៅ​ពី​សេរីភាព និង​យុត្តិធម៌​ដដែល គ្រាន់​តែ​វិធី​សាស្ត្រ​ទាមទារ​យើង​នឹង​ផ្លាស់ប្ដូរ​ទៅ​តាម​របត់​នយោបាយ»។

លោក សៀម ភ្លុក ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ  ២ឆ្នាំ ៦ខែ ពី​បទ «ក្លែង​បន្លំ​ឯកសារ» ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ស្នាម​មេ​ដៃ​ពី​ពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កាល​ពី​ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​ទៅ​ទទួល​លោក សៀម ភ្លុក ចេញ​ពី​ពន្ធនាគារ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​កោត​សរសើរ​ចំពោះ​ស្មារតី ឧត្ដម​គតិ និង​សេចក្ដី​ក្លាហាន​របស់​លោក សៀម ភ្លុក ដែល​តស៊ូ​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ២ឆ្នាំ។  លោក​ថា ជំហរ​រឹង​មាំ​របស់​លោក សៀម ភ្លុក នេះ គឺ​ជា​គំរូ​ល្អ​ដល់​អ្នក ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​។

    លោក រ៉ុង ឈុន៖ «គណបក្ស​កម្លាំង​ជាតិ យើង​ស្វាគមន៍​យើង​បើក​ទ្វារ​ចំហ ទទួល​អ្នក​ប្រជាធិបតេយ្យ​ដូច​ករណី​លោក សៀម ភ្លុក បើ​គាត់​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ទទួល​ស្វាគមន៍។ ដូច​ខ្ញុំ​បាន​លើក​ឡើង​អ៊ីចឹង ជំហរ​គាត់​ច្បាស់​លាស់​រឹង​មាំ ជា​គំរូ​ដ៏​ល្អ សម្រាប់​យុវជន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែរ»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា ថ្លែង​ថា លោក សៀម ភ្លុក គួរ​តែ​ត្រូវ​បាន​ដោះលែង​យូរ​ហើយ ពីព្រោះ​ករណី​ឃុំ​ខ្លួន​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ មើល​ឃើញ​ថា ពាក់ព័ន្ធ​នឹង​រឿង​​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​ថា រដ្ឋាភិបាល​គួរ​ពិចារណា​ ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​​ផ្សេងៗ ដែល​កំពុង​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស្នើ​របស់​សហគមន៍​អន្តរជាតិ។

    លោក នី សុខា៖ «កន្លងមក​គេ​បាន​ស្នើ​អំពី​ការ​ធ្វើ​ម៉េច​ឱ្យ​រដ្ឋាភិបាល លើក​កម្ពស់​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​អី​ទាំងអស់​ហ្នឹង ហើយ​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ហ្នឹង។ គិត​ថា ហ្នឹង​ហើយ​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ថ្មី គួរ​តែ​មាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​ច្បាស់លាស់ និង​ឱ្យ​បាន​ជា​វិជ្ជមាន ដើម្បី​ឱ្យ​យើង​បង្កើន​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ ជា​ពិសេស គឺ​សហគមន៍​អឺរ៉ុប  ក៏​ដូច​ជា ប្រទេស​សហរដ្ឋ​អាមេរិក ហើយ​នឹង​ប្រទេស​ដៃ​គូរ​មួយ​ចំនួន​ទៀត​ដែល​ប្រកាន់​ប្រជាធិបតេយ្យ»។

ប្រទេស​លោក​សេរី តែង​ថ្កោល​ទោស​រដ្ឋាភិបាល ចំពោះ​ការ​ផ្ដន្ទា​ទោស​លើ​លោក សៀម ភ្លុក និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់ ឱ្យ​ត្រឡប់​មក​ធ្វើ​សកម្មភាព​នយោបាយ ព្រមទាំង​ស្តារ​ប្រជាធិបតេយ្យ និង​ការ​ គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​មិន​ខ្វល់​ពី​សំណើ​របស់​បណ្ដាល​ប្រទេស​លោក​សេរី និង​អង្គការ​អន្តរជាតិ កម្ពុជា​អាច​នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ៕

No comments: