Monday 7 October 2024

អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ថា ក្រុមHackerកូរ៉េ​ខាង​ជើង​ចូល​លួច​យក​ទិន្នន័យ​ក្នុង​ស្ថាប័ន​នៅ​កម្ពុជា​ប៉ះពាល់​ដល់​សន្តិសុខជាតិ

Khmer Circle:

Under this regime there is no real 'national security' to speak of in the first place!

Hun Sen has been waging war against the Khmer people since day one. We challenge anyone/'expert' to demonstrate that this has not indeed been the case.

^^^

ដោយ មាន ឫទ្ធិ
2024.10.06

អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ថា ក្រុមHackerកូរ៉េ​ខាង​ជើង​ចូល​លួច​យក​ទិន្នន័យ​ក្នុង​ស្ថាប័ន​នៅ​កម្ពុជា​ប៉ះពាល់​ដល់​សន្តិសុខជាតិ  
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ថ្ងៃកិច្ចប្រជុំសភា កាលពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ​២០២៣។
រួប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែទ

អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ថា កម្ពុជា​អាច​ប្រឈម​បញ្ហា​សន្តិសុខជាតិ​ដោយសារ​ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកឃឺរ (Hackers) របស់​ប្រទេស​កូរ៉េ​ខាងជើង (North Korea) បាន​បង្កើត​ប្រព័ន្ធ​ជ្រៀតជ្រែក​ចូល​ទៅ​យក​ឯកសារ​ព័ត៌មាន និង​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​របស់​អង្គការ ឬ​ស្ថាប័ន​សំខាន់ៗ​នៅ​កម្ពុជា។ ពួកគាត់​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​នេះ​ឱ្យ​បាន​ម៉ត់ចត់​ដើម្បី​កុំ​ឱ្យ​មាន​ការ​ជ្រៀតជ្រែក និង​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត ពី​ក្រុម​ហេកឃឺរ (Hackers) ទាំងនោះ។

អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា ការណ៍​ដែល​ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកឃឺរ (Hackers) របស់​កូរ៉េខាងជើង​ចូល​មក​លួច​ឯកសារ​ទិន្នន័យ​នៅ​ក្នុង​ស្ថាប័ន​សំខាន់ៗ​របស់​កម្ពុជា​នេះ​គឺ ដោយសារ​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេង​ដែល​នាំ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​កូរ៉េ​ខាងជើង​ឃ្លាតឆ្ងាយ។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៦ ខែ​តុលា ថា បញ្ហា​ក្រុម​ចោរ​ព័ត៌មានវិទ្យា​របស់​កូរ៉េខាងជើង​ជ្រៀតជ្រែក​ចូល​លួច​ឯកសារ​មួយ​ចំនួន​ពី​កម្ពុជា​គឺ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កូរ៉េ​ខាង​ជើង។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​ពី​បញ្ហា​នេះ។

លោក សេង វណ្ណលី៖ «លេច​លឺ​ព័ត៌មាន​ចារកិច្ច​កូរ៉េ​ខាងជើង​ដែល​លួច​ទិន្នន័យ​ទៅ​លើ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​តាម​ពិត​វា​កើត​ឡើង​ដោយសារតែ​ប្រទេស​មួយ​ចំនួន​ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​រួម​ទាំង​កម្ពុជា​ចាប់​ផ្ដើម​ងាក​ចេញ​ពី​ទំនាក់ទំនង​បែប​ប្រពៃណី​ដោយ​កសាង​ទំនាក់ទំនង​ជាមួយ​ហ្នឹង​ពង្រឹង និង​កសាង​កិច្ចប្រតិបត្តិការ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​រៀង​ខ្លាំង»

 

ក្ដី​បារម្ភ​របស់​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​រូប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត​នៃ​ក្រុមហ៊ុន ស៊ិចឃ្យូរ៉ូនិច (Securonix) បាន​ចេញ​របាយការណ៍​មួយ​មាន​កម្រាស់​២២ទំព័រ កាល​ពី​ថ្ងៃទី៣ ខែ​តុលា ដោយ​រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​គោលដៅ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង (North Korea) ហើយ​ក្រុមHackersដែល​មាន​ឈ្មោះ​ថា អេភីធី៣៧ (APT37) មាន​ទិសដៅ​ជ្រៀតជ្រែក​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​មិន​បាន​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឱ្យ​ក្រុម​Hackers នេះ​កំពុង​ស្វែង​រក ឬ​ផ្ដោត​គោលដៅ​លើ​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ដោយឡែក​ឯកសារ​ដែល​ក្រុម​អ្នក​ជំនាញ​ពី​ក្រុមហ៊ុន Securonix បាន​រក​ឃើញ​មាន​ជា​ភាសាខ្មែរ​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណូល​ពី​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​ឯកសារ​ខ្លះ​ទៀត គឺ​ជា​ភាសា​អង់គ្លេស ដែល​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី០៦ ខែតុលា។

ទោះបីជា​យ៉ាងណា ក្នុង​ជំនួប​រវាង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និងឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កូរ៉េ​ជើង​ប្រចាំ​កម្ពុជា លោក ចាង យ៉ុងហ្គុន (Jang Yun Gon ) កាល​ពីថ្ងៃទី០៤ ខែតុលា លោក ហ៊ុន សែន បាន​ថ្លែង​ថា ការណ៍​ដែល​កម្ពុជា​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កាលពី​ពេល​កន្លង​ទៅ​គឺជា​ការ​បង្ខំចិត្ត​ដោយសារតែ​កម្ពុជា គឺជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​នេះ​ចៀសវាង​មាន​ការ​ប៉ះពាល់​ដល់​ទិន្នន័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ក្រុម​ចោរ​ព័ត៌មាន​វិទ្យា​ទាញ​យក។ លោក​បន្ត​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារតែ​កម្ពុជា​គ្មាន​សមត្ថភាព​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​ខ្លួន​ដែល​អាច​បង្ក​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​បរទេស និង​រារាំង​ដល់​ឯករាជ្យ​ភាព អធិបតេយ្យភាព​របស់​កម្ពុជា។

លោក ស៊ឹង សែនករុណា«ក្នុង​នាម​ជា​អ្នកដឹកនាំ​ប្រទេស​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់ ហើយ​រក​វិធីសាស្ត្រ​ណា​មួយ​ដើម្បី​ការពារ​នូវ​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ផលប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​ការពារ​ការ​ជ្រៀតជ្រែក​ចូល​ពី​បណ្ដា​ប្រទេស​ដែល​គេ​ហៅ​ថា ធ្វើ​នូវ​អំពើ​ទុច្ចរិត ឬ​ក៏​ជ្រៀត​ចូល​កេង​នូវ​ផល​ចំណេញ​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជាជន ឬ​ផលប្រយោជន៍​ប្រទេស​ជាតិ។ អ៊ីចឹង​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​គួរតែ​រក​វិធីសាស្ត្រ និង​អ្នក​ជំនាញ​ណា​មួយ​ដើម្បី​ទប់ស្កាត់»

នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​កម្ពុជា​រង​ការ​ជ្រៀតជ្រែក​ពីសំណាក់ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកឃឺរ (Hackers) ។ កាល​ពី​ឆ្នាំ២០១៨ និងឆ្នាំ២០២៣ ​ក្រុម​ហេកឃឺរ (Hackers) ដែល​សង្ស័យ​ថា គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ហៅ​កាត់​ថា អេភីធី៤០ (APT40) TEMP.Periscope បាន​ចូល​ទៅ​គ្រប់គ្រង​ទិន្នន័យ​នៅ​ក្នុង​ក្រសួង​សំខាន់ៗ​របស់​កម្ពុជា​ក្នុង​រួម​ទាំង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ..ប គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​លីកាដូ​ផង ប៉ុន្តែ​បើ​ទោះ​ជា​មាន​ការ​ចូល​លួច​ទិន្នន័យ​បែប​នេះ​ក្ដី ក៏​រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​ភាព​ស្ងប់ស្ងាត់​ជុំវិញ​បញ្ហា​នេះ​ដែល​ធ្វើ​ឱ្យ​អ្នក​ឃ្លាំ​មើល​សង្គម​សង្ស័យ​ថា កម្ពុជា​អាច​ជាប់​ព័ន្ធ​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅលើ​ក្រុម​មន្ត្រី​នៃ​គណបក្សប្រឆាំង៕

1 comment:

Anonymous said...

https://www.youtube.com/shorts/pac_kePwqdQ